ភ្នំពេញ៖ ក្រុមហ៊ុន ហ្គ្រីនត្រេដ ដែលគ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសរួមគ្នា បញ្ជាក់ពីសុវត្ថិភាពស្បៀងអាហារ និងអំពាវនាវឲ្យប្រជាជនកុំមានការព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលនាំឲ្យមានជនឆ្លៀតពេលនៃការបិទខ្ទប់តំបន់មួយចំនួន របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
សេចក្តីប្រកាសរួមគ្នាដែលចេញផ្សាយនៅថ្ងៃ ១៥ ខែមេសានេះ គឺ ១ ថ្ងៃក្រោយពីប្រជាជននៅទីក្រុងភ្នំពេញផ្អើលនាំគ្នាទិញស្បៀងអាហាររក្សាទុក ដោយព្រួយបារម្ភអំពីការបិទខ្ទប់។
តាមរយៈសេចក្តីប្រកាសរួមនោះ បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជា មានបរិមាណសន្និធិគ្រប់គ្រាន់ ទាំងស្រូវវស្សាជាង ២,៥ លានហិកតា ដែលទើបបញ្ចប់ការប្រមូលផលក្នុងខែមករា និងស្រូវប្រាំងជិត ១ លានហិកតា បាននិងកំពុងប្រមូលផលបានជាង ៩០% ហើយដែលមានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀងអាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅក្រៅប្រទេស រហូតដល់ប្រមូលផលរដូវកាលបន្ទាប់ខាងមុខ។
ក្នុងសេចក្តីប្រកាសនោះ ភាគីទាំងពីរបានបញ្ជាក់ទីតាំងលក់អង្ករនានាក្នុងតម្លៃគោល ចាប់ពីកណ្តាលទីក្រុងរហូតដល់ជាយក្រុង៕