វៀងចន្ទន៍ៈ ក្រុម​សហគ្រិន​វ័យក្មេង​របស់​ប្រទេស​ ឡាវ​ បាន​អញ្ជើញ​ក្រុម​សហគ្រិន​របស់​កម្ពុជា​ទៅ​ធ្វើការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​កាន់តែច្រើន​ទៀត​នៅក្នុង​ប្រទេស​ ឡាវ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​កិច្ចការសហគ្រិន​រវាង​ភាគី​ទាំង​​ ២ ​នេះ​។

កាសែត Vientiane Times បាន​រាយការណ៍​ថា លោក Khamsen Sisavong ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​របស់​ប្រទេស​ ឡាវ (YEAL) បាន​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ផ្គូផ្គង​អាជីវកម្ម​រវាង YEAL និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​នៅ​ទីក្រុង​វៀងចន្ទន៍​កាលពី​សប្ដាហ៍​មុន​ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ជួយ​សហគ្រិន​វ័យក្មេង​របស់​ប្រទេស​ ឡាវ និង​កម្ពុជា​ ក្នុង​ការបង្កើត​បណ្ដាញ​សម្រាប់​ភាព​ជា​ដៃគូ​នៅពេល​អនាគត និង​ការវិនិយោគ ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​របស់​ពួកគេ​។

សមាជិក​របស់ YEAL បាន​ចាប់អារម្មណ៍​លើ​វិស័យ​ពាណិជ្ជកម្ម​ផ្សេងៗ​ដូចជា​ការអប់រំ បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ កសិកម្ម ថាមពល សំណង់ និង​វារីអគិ្គសនី​។

លោក Khamsen ថ្លែង​ថា​៖ «​យើង​ជឿជាក់​ថា​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​រវាង​ប្រទេស​ ឡាវ និង​កម្ពុជា​ នឹង​មាន​បន្ថែម​ទៀត ដើម្បី​ភាពរីកចម្រើន​សេដ្ឋកិច្ចសង្គម និង​វិបុលភាព​របស់​យើង​»​។

ព្រឹត្តិការណ៍​ផ្គូផ្គង​អាជីវកម្ម​នេះ​ជា​ឱកាស​ដ៏ល្អ​មួយ​សម្រាប់​សហគ្រិន​ឡាវ និង​កម្ពុជា​ក្នុង​ការពិភាក្សា​ការវិនិយោគ សក្ដានុពល ឱកាស​ពាណិជ្ជកម្ម និង​បញ្ហា​ប្រឈម​ព្រម​ទាំង​ពី​របៀប​ដែល​ពួកគេ​អាច​សហការ​ដោយ​ពិតប្រាកដ និង​ដោយ​របៀប​ណា​។

កម្ពុជា និង​ឡាវ​ បាន​សន្យា​ថា​នឹង​បង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ ទោះបី​ជា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ បាន​ធ្លាក់ចុះ​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ និង​ឆ្នាំ​ ២០១៧ ​ក៏ដោយ​។ នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ឡាវ​។

កាលពី​ឆ្នាំ​ ២០១៥ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ឡាវ និង​កម្ពុជា​មាន​ជាង​ ២៤,៧ ​លាន​ដុល្លារ ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ១៨ ​លាន​ដុល្លារ​​អាមេរិក​ កាលពី​ឆ្នាំ​ ២០១៦ និង​បន្ទាប់មក​មក​នៅ​ត្រឹម​ ១៦ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៧​។

កាលពី​ឆ្នាំ​មុន​តម្លៃ​នៃ​ការនាំចេញ​របស់​ឡាវ​មក​កម្ពុជា​បាន ៦,៤ ​លាន​ដុល្លារ ហើយ​តួលេខ​នេះ​ត្រូវ​បាន​រំពឹងថា​នឹង​កើនឡើង​ដល់​ ៧ ​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំនេះ​។

ប៉ុន្តែ​មិន​មាន​ទិន្ន័យ​ផ្លូវការ​ពី​តម្លៃ​នៃ​ការនាំ​ចូល​ពី​ប្រទេស​ កម្ពុជា​ នោះទេ​។

លោកស្រី Khemmani Pholsena នៅ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ប្រទេស​ឡាវ​គាំទ្រ​ការលើក​កម្ពស់​សកម្មភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ និង​ស្នើ​ឲ្យ​កម្ពុជា​លើក​ទឹកចិត្ត​វិស័យ​ឯកជន​ខ្លួន​ទៅ​វិនិយោគ​នៅ​ឡាវ​៕ Vientiane Times/LA