ក្រុង​ដូហាៈ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Qatar Airways ​កាល​ពី​ថ្ងៃ​អង្គារ​​បាន​បង្ហាញ​​​ការ​ខាត​សុទ្ធ​​ចំនួន​ជាង ​៦៩​ លាន​ដុល្លារ​​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​បញ្ចប់​​​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៨​ ​ដោយ​ចោទ​ប្រកាន់​ថា​ ការ​ខាត​នេះ​បណ្តាល​មក​ពី ​«​​ការ​បិទ​មិន​ឲ្យ​ចេញ​ចូល​ដោយ​ខុស​ច្បាប់​»​ ប្រឆាំង​នឹងទីក្រុងដូហា ​ដោយ​ប្រទេស​មួយ​ចំនួន​ដែល​ដឹកនាំដោយ​​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត។

ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិ​របស់​​ប្រទេសស្ថិត​នៅ​​ឈូងសមុទ្រ​ពែក្ស​​មួយ​​នេះ​ បាន​​ឲ្យដឹង​​ថា ​ក្នុង​រយៈ​ពេល​នោះ​​គឺ​ជា ​«​ឆ្នាំ​ដែល​មាន​បញ្ហា​ប្រឈម​បំផុត​​នៅ​ក្នុង​​ប្រវត្តិសាស្រ្ត ​២០ ​ឆ្នាំ​របស់​ខ្លួន»។

ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​ និង​សម្ព័ន្ធ​មិត្ត​​របស់​ខ្លួន​បាន​កាត់​ផ្តាច់​​ទំនា​ក់​ទំនង​​ការ​ទូត​​ជា​មួយ​ប្រទេស​កាតា​​ដែល​សំបូរ​ដោយ​ឧស្ម័ន​ កាល​ពី​ថ្ងៃ​ទី​​៥ ខែ​មិថុនា ឆ្នាំ​២០១៧។

​ប្រទេស​ទាំង​នេះ​​​បាន​បិទ​ការ​ត​ភ្ជាប់​ទំនាក់​ទំនង​​ផ្លូវ​គោក ផ្លូវ​សមុទ្រ ​និង​ផ្លូវ​អាកាស​ ជា​មួយ​ប្រទេស​កាតា​​​ ដោយ​ចោទ​ប្រកាន់​ប្រទេស​នេះ​ថា​មានទំនង​ទំនងជា​មួយ​​ប្រទេស​អ៊ីរ៉ង់​​ដែល​ជា​​សត្រូវ​​​​ដ៏​ធំ​​របស់​ប្រទេស​​​​អារ៉ាប៊ីសាអ៊ូឌីត ​​និង​ថា​បាន​ការ​គាំ​ទ្រ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម។

ប្រទេស​កាតា​បាន​បដិសេធ​​ការ​ចោទ​ប្រកាន់​នេះ​​ ដោយ​និយាយ​ថា ​បណ្តា​ប្រទេសជា​គូ​ប្រជែង​ក្នុង​ឈូង​​សមុទ្រពែក្ស​​​​របស់​ខ្លួន ​​​កំពុង​ព្យាយាម​​ក្តោប​ក្តាប់​ការ​គ្រប់​គ្រង​​គោល​នយោបាយ​​ការ​បរទេស​​របស់​ទីក្រុងដូហា។

​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​មួយ​ ​ក្រុម​ហ៊ុន Qatar Airways ​​បាន​​ឲ្យ​ដឹង​​ថា​ ការ​បិទ​ច្រក​ចេញ​ចូល​​នេះ​​បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ទៅ​លើ​​ចំណូល​របស់​ខ្លួន​ ​និង​កាត់​បន្ថយ​ចំនួន​ជើង​ហោះ​ហើរ​​​ដែល​ចេញ​ពី​ប្រទេស​កាតា​​ចំនួន ​១៩ ​ភាគ​រយ។

​ក្រុមហ៊ុន​បាន​ឲ្យដឹង​ទៀត​ថា ក្រុម​យន្ត​ហោះ​របស់​ខ្លួន​​​ត្រូវ​បង្ខំ​ចិត្ត​​ហោះ​ហើ​​រ​ទៅតាម​​ផ្លូវ​​វែង​ជាង​មុន ​​បង្កើន​​ការ​ចំណាយ​លើ​​​ឥន្ធនៈ​​​ច្រើន​ជាង​មុន ​និង​ថែម​​ទាំង​លុប​ចោល​ការ​ហោះ​ហើរ​​រហូត​ដល់ ​១៨​ ទិស​ដៅ។

​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​នេះ​បាន​បើក​ផ្លូវ​ថ្មី​ចំនួន​ ១៤ ​​ក្នុង​រយៈ​កាល​នោះ​ ប៉ុន្តែ​ឲ្យ​ដឹង​​ថា ក្រុមហ៊ុន​​ចំណាយ​ច្រើន​លើ​ការ​ចាប់​ផ្តើម​ជើង​ហោះ​ហើរ​ថ្មី​នេះ​​ និង​បាន​ឲ្យ​ដឹង​​ថា ​ការ​បង្កើត​​វត្ត​មាន​ថ្មី​មួយ​​​នៅ​ក្នុង​ទីផ្សារ​ថ្មី​​នឹង​​​ត្រូវការ​ពេល​វេលា៕ AFP/PS