ប៉េកាំងៈ ZTE ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសចិន បានប្ដេជ្ញានៅថ្ងៃសុក្រនេះថា នឹងប្រយុទ្ធតបតប្រឆាំងការចេញបញ្ជារបស់អាមេរិក ដែលហាមឃាត់ក្រុមហ៊ុននេះទិញ និងប្រើប្រាស់បច្ចេកវិទ្យាអាមេរិករយៈពេល៧ឆ្នាំ ជាវិធានការមួយដែលបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ។
ការសម្រេចចិត្តដែលបានប្រកាសដោយទីក្រុងវ៉ាស៊ីនតោននៅសប្ដាហ៍នេះ បានធ្វើឲ្យមានភាពមិនច្បាស់លាស់ដល់ចក្ខុវិស័យសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនផលិតទូរស័ព្ទមួយនេះ ដែលពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក ដូចជាបន្ទះឈីប និងប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ទូរស័ព្ទចល័តរបស់ខ្លួន។
ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងនេះ ធ្វើឡើងដោយសារតែសង្គ្រាមលើបច្ចេកវិទ្យាស្ថិតនៅចំណុចកណ្ដាលនៃការផ្ដោតលើជម្លោះអាមេរិកជាមួយចិនដែលបានធ្វើឲ្យមានការបារម្ភពីសង្គ្រាមពាណិជ្ជកម្ម។
ទីក្រុងវ៉ាស៊ីនតោន បានរិះគន់ជាពិសេសលើគោលនយោបាយ « Made in China 2025» របស់ទីក្រុងប៉េកាំង ដើម្បីក្លាយជាជើងឯកថ្នាក់ជាតិក្នុងវិស័យបច្ចេកវិទ្យា ដែលអាមេរិកមើលឃើញថា មានសារៈសំខាន់ចំពោះអនាគតរបស់ខ្លួន។ នៅទីក្រុងប៉េកាំង វិធានការប្រឆាំងក្រុមហ៊ុន ZTE នឹងទំនងជាបង្កើនការបារម្ភអំពីការពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិកសម្រាប់ឧស្សាហកម្មសំខាន់ៗ។
ក្រុមហ៊ុននេះបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃសុក្រនេះថា៖ «បទបញ្ជានេះធ្វើឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់ការរស់រានរបស់ក្រុមហ៊ុន ZTE យើងមិនអាចទទួលយកបានទេ»។
ក្រុមហ៊ុននេះបានឲ្យដឹងថា ខ្លួននឹង «មិនបោះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាតាមរយៈការទំនាក់ទំនង និងការសន្ទនានេះទេ ប៉ុន្តែនឹងការពារយ៉ាងអង់អាចនូវសិទ្ធិស្របច្បាប់ និងផលប្រយោជ៍របស់ខ្លួនតាមរយៈវិធីតាមផ្លូវច្បាប់ទាំងអស់»។
ធនាគារវិនិយោគ CICC បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍ស្រាវជ្រាវដែលបានដកស្រង់សម្ដីដោយកាសែត Beijing Business Today ថា ក្រុមហ៊ុននេះមានពេល ១ ឬ ២ខែនៃការផ្គត់ផ្គត់គ្រឿងបង្គុំដែលរក្សាទុក មុនពេលការហាមឃាត់នេះនឹងចាប់ផ្ដើមប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុន ZTE បានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួននៅផ្សារហ៊ុនហុងកុង និងផ្សារហ៊ុន Shenzhen ចាប់តាំងពីថ្ងៃអង្គារ។
ការគ្រប់គ្រងលើជោគវាសនាក្រុមហ៊ុននេះរបស់ទីក្រុងវ៉ាស៊ីនតោន ដែលមានបុគ្គលិកប្រហែល៨០ ០០០នាក់ ភាគច្រើនមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសចិន បានធ្វើឲ្យមានកំហឹង និងការបារម្ភនៅក្នុងប្រទេសចិន។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ប្រទេសចិននឹងយកចិត្តទុកដាក់យ៉ាងដិតដល់ និងត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន»។
លោក Gao ថ្លែងថា៖ «វិធានការរបស់អាមេរិកច្បាស់ណាស់សំដៅទៅប្រទេសចិន ប៉ុន្តែវិធានការទាំងនេះទីបំផុតនឹងធ្វើឲ្យអន្តរាយដល់អាមេរិកខ្លួនឯង។ វានឹងមិនគ្រាន់តែខាតបង់ការងាររាប់ម៉ឺននោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនអាមេរិក»៕LA