ភ្នំពេញ៖ China​ Good​ Cars ​Holding ​Ltd​ ដែល​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​​ចិន ​កំពុង​សម្លឹង​រក​​ទីតាំង​ ​​ដើម្បី​​​វិនិយោគ​លើ​​ការ​សាងសង់​ស្ថានីយ​ចំណត​រថយន្ត​ធុន​ធំ​ដ៏​ទំនើប​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៦ ​និង​តំបន់​រង្វង់មូល​កួរស្រូវ ​ដែល​ជា​ច្រកចេញ​ចូល​​​ដ៏​សំខាន់​របស់​រាជធានី​ភ្នំពេញ​​។

ការ​បង្ហើប​ពី​គម្រោង​​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​​​ក្នុង​ជំនួប​​រវាង​តំណាង​ក្រុមហ៊ុន​ជាមួយ​លោក ​ឃួង ​ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ទីស្តី​ការ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​​កាល​ពី​ថ្ងៃ​ពុធ​ថា ​​ក្នុង​ជំនួប​​នោះ​ តំណាង​ក្រុមហ៊ុន​បាន​បង្ហាញ​​ពី​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​​​វិនិយោគ​លើ​ ការ​កសាង​ចំណត​រថយន្ត​​ធំ​បំផុត​នៅ​តំបន់​​ជាយ​ក្រុង​។​

លោក​ថ្លែង​ថា៖ ​«​ចំពោះ​ទីតាំង​ គឺ​​​មិន​ទាន់​បាន​កំណត់​​អ្វី​ជាក់​លាក់​ទេ។​ ​ការ​លើក​ឡើង​​នោះ គឺ​​គ្រាន់​តែ​​ជា​ការ​យល់​ឃើញ​​ថា ​តំបន់​នោះ​ជា​ច្រក​ចេញ​ចូល​​សំខាន់​ ខណៈ​​​​ចំណត​រថយន្ត​ធំ​ដូច​នេះ គេ​​​ត្រូវ​ការ​ទីតាំង​នៅ​ជាយ​ក្រុង ហើយ​ពេល​នេះ​​ក្រុមហ៊ុន​កំពុង​សិក្សា​»​។​

លោក​​បាន​បន្ត​ថា​ សាលា​រាជ​ធានី​ភ្នំពេញ​គាំទ្រ​ពេញ​ទំហឹង​​​ចំពោះ​គំនិត​​នេះ ព្រោះ​​​ភ្នំពេញ​បច្ចុប្បន្ន​កំពុង​ប្រឈម​​នឹង​កង្វះ​ចំណត​រថយន្ត​ធុន​ធំ​យ៉ាង​ច្រើន​​។​ លោក​និយាយ​ថា៖ ​«​យើង​ស្វាគមន៍ ​និង​គាំទ្រ​គម្រោង​​នេះ​ ព្រោះ​វា​នឹង​​ជួយ​លើក​កម្ពស់​មុខ​មាត់​ភ្នំពេញ ហើយ​​ក៏​​នឹង​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពល​រដ្ឋ​នៅ​ទី​នេះ​ និង​បង្កើត​ចរន្ត​សេដ្ឋកិច្ច​ល្អ​ផង​ដែរ​»។​

លោកស្រី ​ចាន់​ សុទ្ធា ​តំណាង​ក្រុមហ៊ុន China​ Good​ Cars ​Holding ​Ltd ឲ្យ​ដឹង​​ថា ក្រុមហ៊ុន​មាន​បំណង​ចង់​​​​វិនិយោគ​លើ​​ចំណត​រថយន្ត​ចំនួន ​៣ ​ទីតំាង​ផ្សេងៗ​គ្នា​នៅ​ជាយ​​​ភ្នំពេញ​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ​១៦០ ​​​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​។​

លោកស្រី​និយាយ​​ថា៖ «​ក្រុមហ៊ុន​បាន​ទៅ​ពិនិត្យ​ទីតាំង​រួច​ហើយ​ គឺ​នៅ​តំបន់​រង្វង់មូល​កួរស្រូវ​​​​ជាប់​នឹង​ព្រំ​ប្រទល់​ខេត្ត​កណ្តាល​ និង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៦​ ហើយ​ក្រុមហ៊ុន​កំពុង​ស្វែងរក​ទីតាំង ​១ ​កន្លែង​ទៀត​​​»។​

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ​យានយន្ត​ចុះ​បញ្ជី​បាន​កើន​ឡើង​ ១៣ ​​ភាគរយ​​កាល​ពី​ឆ្នាំ ​២០១៩​ ធៀប​នឹង​ឆ្នាំ ​២០១៨​។

លោក​ ស៊ិន ​ចន្ធី​ ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​និយាយ​ថា ​បើ​ក្រុមហ៊ុន​ធ្វើ​ការ​វិនិយោគលើ​​ចំណត​រថយន្ត​ធុន​ធំ​ ​វា​នឹង​ជួយ​សម្រួល​ឲ្យ​ការ​​ដឹក​ជញ្ជូន​ទំនិញ​​កាន់​​តែ​ល្អ​ប្រសើរ ​ខណៈ​​បច្ចុប្បន្ន​វិស័យ​ដឹក​ជញ្ជូន​​កំពុង​ប្រឈម​​នឹង​​កង្វះ​ចំណត​រថយន្ត​ដឹក​ទំនិញ​ធំៗ​យ៉ាង​ខ្លាំង​។ ​

លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​គាំទ្រ​គម្រោង​នេះ ​ព្រោះ​វា​ចំាបាច់​សម្រាប់​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មាន​ចំណត​ត្រឹមត្រូវ ​ហើយ​វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ»៕​ LA