ក្រុង​ប៉ារីសៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ FIS របស់​សហរដ្ឋ​អាមេរិក នឹង​ទិញ​យក​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រតិបត្តិការ​ទូទាត់​​ចំណាយ​ Worldpay របស់​អង់គ្លេស​ក្នុង​តម្លៃ​ប្រហែល ៤៣ ពាន់​លាន​ដុល្លារ (៣៨ ពាន់​លាន​អឺរ៉ូ) ដែល​នឹង​បង្កើត​បាន​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ចំណាយ​អន្តរជាតិ​ដ៏​ធំ​មួយ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ទាំង ២។

សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ចាត់ទុក​ការ​ទិញ​លក់​នេះ​ថា​ជា​ការ​ច្របាច់​បញ្ចូល​គ្នា ដែល​​នឹង​មើល​ឃើញ​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន FIS កាន់​កាប់​ភាគហ៊ុន ៥៣ ភាគរយ​ក្នុង​ក្រុមហ៊ុន​ច្របាច់​​បញ្ចូល​គ្នា​នេះ ខណៈ​ដែល​​វិនិយោគិន​ក្នុង​ក្រុមហ៊ុន Worldpay នឹង​កាន់​កាប់​ភាគហ៊ុន ៤៧ ភាគរយ។

ក្រុមហ៊ុន​ទាំង ២ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា នៅ​ពេល​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ឆមាស​ទី ២ ឆ្នាំ ២០១៩ ក្រុមហ៊ុន​នឹង​រក្សា​ឈ្មោះ FIS នៅ​ដដែល។

ក្រុមហ៊ុន​នេះ​នឹង​មាន​មូលដ្ឋាន​នៅ​ទីក្រុង Jacksonville រដ្ឋ Florida ដែល​ជា​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន FIS ដែល​កន្លង​មក​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ក្រុមហ៊ុន​ Fidelity National Information Services។

សមាជិក​ក្រុម​ប្រឹក្សាភិបាល ៧ នាក់​ក្នុង​ចំណោម ១២ នាក់ នឹង​មក​ពី​ក្រុមហ៊ុន FIS ហើយ ៥ នាក់​ផ្សេង​ទៀត​មក​ពី​ក្រុមហ៊ុន Worldpay។

លោក Gary Norcross ប្រធាន​​និង​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន FIS នឹង​ដឹកនាំ​ក្រុមហ៊ុន​ច្របាច់​បញ្ចូល​គ្នា​នេះ។

ក្រុមហ៊ុន Worldpay មាន​ប្រតិបត្តិការ​ទូទាត់​ចំនួន ៤០ ពាន់​លាន​ដង​​ក្នុង ​១ ឆ្នាំ​​​ជា​រូបិយប័ណ្ណ​ជាង ១២០ ក្នុង​ប្រទេស​ចំនួន ១៤៦។

ក្រុមហ៊ុន​ទាំង ២ រួម​បញ្ចូល​គ្នា​ទទួល​បាន​ប្រាក់​ចំណូល​​ពី​ការ​លក់​ចំនួន ១២,៣ ពាន់​លាន​​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ហើយ​​រំពឹង​ថា​នឹង​ទទួល​បាន​កំណើន ពី ៦ ទៅ ៩ ភាគរយ​រហូត​ដល់ ឆ្នាំ ២០២១៕ AFP/KC