ទីក្រុងឡុងដ៍ៈ ក្រុមហ៊ុនថាមពលដ៏ធំអង់គ្លេសបានប្រកាសឲ្យដឹងថា ខ្លួនបានខាតបង់សរុបស្ទើរតែ ១៦,៨៥ ពាន់លានដុល្លារ ប្រចាំត្រីមាសកន្លងទៅនេះ ខណៈការរីករាលដាលនៃជំងឺបានបំផ្លាញតម្រូវការ និងតម្លៃប្រេងដែលទាញទម្លាក់ទ្រព្យដ៏ច្រើនរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនបានឆ្លើយតបដោយកាត់បន្ថយនូវភាគលាភជាលើកដំបូងចាប់តាំងពីមហន្តរាយហៀរប្រេងកាលពីឆ្នាំ ២០១០ ដែលបំផ្លាញនូវហិរញ្ញវត្ថុ និង កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន BP។
ក្រុមហ៊ុន BP បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ពីប្រាក់ចំណូលកាលពីថ្ងៃអង្គារថា៖ «ផលប៉ះពាល់នៃការរីករាលដាល កូវីដ១៩នៅតែបន្តធ្ងន់ធ្ងរដែលបណ្តាលឲ្យបរិយាកាសពាណិជ្ជកម្មផុយស្រួយ និងប្រឈម»។
ក្រុមហ៊ុននោះបានបន្ថែមថា «សម្លឹងទៅក្នុងអនាគត ទស្សនវិស័យសម្រាប់តម្លៃទំនិញ និងតម្រូវការផលិតផលនៅតែប្រឈម និងមិនច្បាស់លាស់»។
ក្រុមហ៊ុនឲ្យដឹងថា ការខាតបង់ប្រចាំត្រីមាស បន្ទាប់ពីការបង់ពន្ធរួចជិត ១៦,៨៥ ពាន់លានដុល្លារ ប្រៀបធៀបទៅនឹងប្រាក់ចំណេញដុលប្រមាណ ១,៨២ ពាន់លានដុល្លារ ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៩។
លោក Bernard Looney នាយកប្រតិបត្តិនៃក្រុមហ៊ុននេះបានអះអាងថា៖ «ជាក់ស្តែងការកំណត់ឡើងវិញចំពោះការរំពឹងទុកលើតម្លៃប្រេងរយៈពេលវែង និងចំណុចគ្រោះថ្នាក់ដែលជាប់ទាក់ទងផ្សេងទៀត និងការចោទប្រកាន់ដែលបានកើតឡើងនាំឲ្យមានផលប៉ះពាល់ខ្លាំង»។
សម្លឹងទៅរកការសន្សំសាច់ប្រាក់ ក្រុមហ៊ុននេះបានប្រកាសទម្លាក់អត្រាភាគលាភប្រចាំត្រីមាសពី ១០,៥ សេនមកនៅត្រឹម ៥,២៥ សេនក្នុង ១ ភាគហ៊ុន។
ទោះបីជាបែបណា ភាគហ៊ុនរបស់ BP កើនឡើង ៧,៥ ភាគរយក្នុងទីក្រុងឡុងដ៍ក្នុងការជួញដូរត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ។
Michael Hewson ប្រធានអ្នកវិភាគទីផ្សារនៃក្រុមហ៊ុនទីផ្សារ CMC នៅអង់គ្លេសបាននិយាយថា៖ «សម្រាប់ពេលវេលាជាក់ស្តែង ពេលនេះមានការសន្និដ្ឋានបន្តអំពីស្ថិរភាពនៃភាគលាភរបស់ BP ទល់នឹងកម្រិតបំណុលចេះតែកើនឡើង និងក្តីបារម្ភជុំវិញសមត្ថភាពរបស់ក្រុមហ៊ុនដើម្បីបន្តទូទាត់បំណុលក្នុងពិភពនៃតម្លៃប្រេងធ្លាក់ទាប ដូចនេះការសម្រេចចិត្តកាត់បន្ថយការចំណាយត្រូវបានស្វាគមន៍»។
ក្រុមហ៊ុន Royal Dutch Shell ដែលជាក្រុមហ៊ុនគូប្រជែងរបស់ BP ក្នុងសប្តាហ៍មុនបានបង្ហាញការខាតបង់ដុលចំនួន ១៨,១ ពាន់លានដុល្លារនៅត្រីមាសទី ២ ។
ក្រុមហ៊ុន BP ក៏បានដាក់ចេញផែនការលម្អិតអំពីវិធីសម្រេចបាននូវការបំភាយកាបូនស្មើសូន្យ (Net Zero) សម្រាប់ក្រុមហ៊ុននេះត្រឹមឆ្នាំ ២០៥០។
ក្រុមហ៊ុន BP បាននិយាយថារយៈពេលជាង ១ ទសវត្សរ៍ខាងមុខនេះ ផលិតកម្មប្រេង និងឧស្ម័នរបស់ខ្លួនត្រូវរំពឹងបន្ថយយ៉ាងហោច ១ លានបារ៉ែលក្នុង ១ ថ្ងៃ ឬក៏ ៤០ ភាគរយធៀបជាមួយកម្រិតឆ្នាំ ២០១៩។
Looney បាននិយាយថា៖ «ទសវត្សរ៍ខាងមុខនេះសំខាន់ណាស់សម្រាប់ពិភពលោកក្នុងការប្រឆាំងបម្រែបម្រួលអាកាសធាតុ ដើម្បីរុញច្រានការផ្លាស់ប្តូរចាំបាច់ក្នុងប្រព័ន្ធថាមពលសកលដែលទាមទារការចាត់វិធានការពីទាំងអស់គ្នា»៕ RR