ភ្នំពេញៈ ក្រុមហ៊ុន ​BASF​  ដែល​ជា​ក្រុមហ៊ុន​ផ្នែក​គីមី​សាស្ត្រ​មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ ​កាល​ពី​ម្សិលមិញ​បាន​ប្រកាស​​បើក​ដំណើរការ​ក្រុមហ៊ុន​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ ​ បន្ទាប់​ពី​​ផលិតផល​របស់​ក្រុមហ៊ុន​​មាន​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​​ តាម​រយៈ​ដៃ​គូ​ចែក​ចាយ​តាំង​ពី​ឆ្នាំ​ ២០១៤ មក។

លោក Petrus Ng នាយក​គ្រប់គ្រង​ក្រុមហ៊ុន BASF ប្រចាំ​នៅ​ប្រទេស​ ថៃ ​និង​ឥណ្ឌូចិន បាន​មាន​ប្រសាសន៍​ថា​ ផលិតផល​ក្រុមហ៊ុន​ BASF នឹង​​​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​យុទ្ធសាស្រ្ត​​របស់​ប្រទេស​ កម្ពុជា ​ក្នុង​នោះ​រួម​មាន​គ្រឿង​សង្ហារិម​ កៅ​ស៊ូ​ ស្បែក​ជើង​ អាហារូបត្ថម្ភ​ និង​សុខភាព  និង​កសិកម្ម​។

លោក​បន្ត​ទៀត​ថា​៖ «អតិថិជន​របស់​យើង​នៅ​ប្រទេស​ កម្ពុជា ​នឹង​ទទួល​បាន​នូវ​ជំនួយ​ពី​បណ្តាញ​ជា​សកល​របស់​ក្រុមហ៊ុន​ BASF ជំនាញ​ និង​​គំនិត​ច្នៃ​ប្រឌិត​»។

ផលិតផល​ការពារ​ផល​ដំណាំ​ថ្មី​ចំនួន ៣ ប្រភេទ នឹង​ត្រូវ​ចាប់​​ផ្ដើម​​​ដាក់​លក់​ ដែល​កសិករ​ និង​អ្នក​ដាំដុះ​ អាច​មាន​ជម្រើស​​ជា​ច្រើន​បន្ថែម​ទៀត​ក្នុង​ការ​គ្រប់គ្រង​ផល​ដំណាំ​របស់​ពួក​គាត់​។ ផលិតផល​ទាំង​នោះ​មាន​ដូច​ជា Basagran Herbicide ដែល​ជា​​ថ្នាំ​សម្លាប់​​​ស្មៅ​អត់​ប្រយោជន៍​ និង​ស្មៅ​ក្រវាញ​ជ្រូក​ និង​ថ្នាំ​សម្លាប់​សត្វ​ចង្រៃ​ផ្សេង​ទៀត​។

ក្រុមហ៊ុន BASF នឹង​រៀបចំ​ក្រុម​ការងារ​បច្ចេកទេស​ក្នុង​ស្រុក​ប្រចាំ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​ដែល​​​ពួក​គាត់​នឹង​ចុះ​ទៅ​ជួយ​ណែ​នាំ​តាម​បណ្តាញ​អ្នក​ជំនាញ​​របស់​ក្រុមហ៊ុន​ BASF នៅ​អាស៊ី​អាគ្នេយ៍​​​។ លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​ BASF មាន​បំណង​ចូល​រួម​ជា​មួយ​ដៃ​គូ​ចែកចាយ​និង​កសិករ​ដោយ​ផ្ទាល់​ដើម្បី​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​អនុវត្ត​កសិកម្ម​ប្រកប​ដោយ​ចីរភាព​ ក្នុង​នោះ​រួម​មាន​ការ​ជ្រើសរើស​ឲ្យ​ត្រឹមត្រូវ​ និង​ការ​រក្សា​ទុក​ប្រកប​ដោយ​សុវត្ថិភាព​ការ​ទុក​ដាក់​ប្រើប្រាស់​និង​ការ​បំផ្លាញ​ចោល​ចំពោះ​ផលិតផល​ការពារ​ដំណាំ​។

លោក Martin Wolf នាយក​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​អាស៊ាន​ផ្នែក​ដំណោះ​ស្រាយ​ខាង​កសិកម្ម​​របស់​ក្រុមហ៊ុន​ BASF បាន​លើក​ឡើង​ថា​ ទោះ​បី​ជា​ប្រទេស​ កម្ពុជា ​បាន​ក្លាយ​ទៅ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​មាន​គុណភាព​ឈាន​មុខ​គេ​យ៉ាង​ឆាប់​រហ័ស​ក្តី​ ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តែ​មាន​ក្នុង​វិស័យ​កសិកម្ម​ក្នុង​នោះ​រួម​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​កសិករ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​នៅ​ឡើយ​។​

លោក​បន្ត​ទៀត​ថា៖ «​យើង​ជឿជាក់​ថា​ ក្រុមហ៊ុន​BASF មាន​លក្ខណៈ​សម​ស្រប​ដើម្បី​ជួយ​ដោះ​ស្រាយ​​បញ្ហា​ប្រ​ឈម​ទាំង​នេះ​ហើយ​ក្រុមហ៊ុន​មាន​ក្តី​រំភើប​ក្នុង​ការ​ជួយ​កសិករ​កម្ពុជា​ឱ្យ​ទទួល​បាន​ប្រាក់​ចំណេញ​និង​មាន​និរន្តរភាព​»៕ LA