ភ្នំពេញៈ Newrest ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាហារឈានមុខគេរបស់ប្រទេសបារាំង បានឈានជើងចូលមកក្នុងឧស្សាហកម្មអាហារ និងភេសជ្ជៈនៅកម្ពុជា ខណៈពេលតម្រូវការទីផ្សារកំពុងកើនឡើង ហើយចំនួនគ្រួសារដែលមានប្រាក់ចំណូលមធ្យមក៏មានចំនួនកាន់តែច្រើនផងដែរ។
លោក Bruno Theirry ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Newrest Cambodia បានឱ្យដឹងក្នុងពេលបើកដំណើរការកាលពីថ្ងៃពុធថា បច្ចុប្បន្នក្រុមហ៊ុននេះកំពុងមានវត្តមាននៅក្នុងប្រទេសចំនួន ៥៨ និងផ្ដល់ការងារដល់បុគ្គលិក ២៩ ០០០ នាក់ទូទាំងពិភពលោក។ Newrest ដែលចាប់កំណើតរយៈពេលជាង ១៥ ឆ្នាំមកនេះត្រូវបានគេទទួលស្គាល់ជាក្រុមហ៊ុនដ៏សំខាន់ក្នុងវិស័យផ្គត់ផ្គង់អាហារជាច្រើនមុខ។
លោក Bruno Theirry បានបន្តថា Newrest ប្ដេជ្ញាថា នឹងអនុវត្តវិធានការទទួលខុសត្រូវសង្គមរបស់សាជីវកម្មដ៏រឹងមាំ ដែលចាប់ផ្ដើមជាមួយនឹងការកាត់បន្ថយ និងការកែច្នៃកាកសំណល់ឡើងវិញ ព្រមទាំងកាត់បន្ថយប្លាសិ្ទក បញ្ឈប់ការប្រើប្រាស់ផលិតផលអាហារមួយចំនួនដូចជាត្រីដែលមិនអនុលោមតាមវិធាននេសាទប្រកបដោយចីរភាព កាត់បន្ថយការបំភាយឧស្ម័ន ការប្រើប្រាស់រថយន្តអគ្គិសនី និងរៀបចំប្រព័ន្ធអំពូល LED។
លោកថ្លែងថា៖ «យើងនឹងអនុវត្តគោលនយោបាយនេះនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការបង្កើតភាពជាដៃគូរឹងមាំជាមួយក្រុមហ៊ុនផ្គត់ផ្គង់ និងអតិថិជនរបស់ក្រុមហ៊ុន Newrest ដើម្បីផ្ដល់នូវដំណោះស្រាយសមរម្យបំផុតដែលគាំទ្រដល់ចង្វាក់ផ្គត់ផ្គង់ផលិតកម្មរយៈពេលខ្លី ការគ្រប់គ្រង និងការកាត់បន្ថយកាកសំណល់អាហារផ្សេងៗ»។
លោកបន្តថា៖ «ដូចដែលអ្នកអាចមើលឃើញ ក្រុមហ៊ុន Newrest មានប្រវត្តិដ៏សម្បូរបែបរយៈពេលយូរឆ្នាំមកហើយ។ ខ្ញុំដឹងច្បាស់ថា អនាគតរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសកម្ពុជានឹងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសនេះ»។
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងថា នេះជាព័ត៌មានដ៏ល្អសម្រាប់ប្រទេសបារាំង។ Newrest គឺជាក្រុមហ៊ុនឈានមុខគេមួយនៅប្រទេសបារាំង។ Newrest នឹងពង្រឹងវត្តមានរបស់វិស័យម្ហូបអាហារបារាំងនៅប្រទេសកម្ពុជា។
លោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដែលបានធ្វើជាអធិបតីក្នុងពិធីចាប់ផ្ដើមដំណើរការកាលពីថ្ងៃពុធ បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ក្រុមហ៊ុន Newrest នៅកម្ពុជា ដោយលោកនិយាយថា រដ្ឋាភិបាលកម្ពុជាគាំទ្រទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសទាំងអស់លើពិភពលោក និងប្រទេសបារាំងជាពិសេស។
លោកថ្លែងថា៖ «ការមកដល់របស់ក្រុមហ៊ុនលំដាប់អន្តរជាតិនេះ ស្របគ្នាជាមួយនឹងការបង្កើនល្បឿនថ្មីក្នុងការអភិវឌ្ឍរបស់កម្ពុជា។ ការមកដល់នេះគឺបង្ហាញពីភាពខ្លាំងនៃសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ក្រុមហ៊ុន Newrest បានសម្រេចចិត្តមកកាន់កម្ពុជា ទោះបីក្នុងបរិការណ៍វិបត្តិពិភពលោកក៏ដោយ ដោយជឿជាក់លើឱកាសរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា»។
លោកលើកឡើងថា៖ «តាមរយៈគោលនយោបាយមិនរើសអើង គោលនយោបាយលើកលែងពន្ធដើម្បីជំរុញការវិនិយោគ គោលនយោបាយបើកចំហជើងមេឃ គោលនយោបាយជាច្រើនទៀត ព្រមទាំងការផ្តល់ភាពអនុគ្រោះផ្សេងៗដល់ក្រុមហ៊ុន និងការវិនិយោគទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងផ្តល់ជូន»៕LA