ក្រុង​តូក្យូៈ ទិន្នន័យ​​ផ្លូវការ​បាន​បង្ហាញ​​កាល​ពី​ថ្ងៃ​ពុធថា សេដ្ឋ​កិច្ចរបស់​ប្រ​ទេស ជប៉ុន​ បាន​ធ្លាក់ចុះ​នៅត្រីមាស​ទី ៣ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​បន្ត​បន្ទាប់ បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​​ការចំណាយ​របស់អតិ​ថិជន និង​ការ​នាំចេញ​ ហើយការ​ថម​ថយ​​សេដ្ឋ​កិច្ច​​​របស់​ប្រ​ទេស ចិន​ ក៏បង្ក​ផល​ប៉ះពាល់​ដល់​ជប៉ុន​ផងដែរ។

​ផលិត​ផល​ក្នុងស្រុក​សរុប (ផ.ស.ស) ក្នុងអំឡុងពេល​ត្រី​មាស​ទី ៣ បានធ្លាក់ចុះ​ ០,៣ ​ភាគរយ ធៀបនឹង​ត្រី​មាស​ទី ២​ ជា​ពេល​ដែលសេដ្ឋកិច្ច​​កើនឡើង​ ០,៨​ ភាគរយ​កាល​។ នេះ​បើ​យោងតាម​ខុទ្ទ​កាល័យ​របស់​​រដ្ឋា​ភិបាល។

លោក Katsunori Kitakura យុទ្ធសាស្ដ្រ​វិទូ​ជាន់ខ្ពស់​​នៅ​​ក្រុម​ហ៊ុន Sumitomo Mitsui Trust Asset Management ​បាន​ឲ្យ​ដឹងថា គ្រោះ​មហន្តរាយ​ធម្មជាតិ​មួយ​ចំនួន​​បាន​ធ្វើ​ឲ្យចុះ​​ខ្សោយ​​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ការ​វិនិយោគ​​របស់​ក្រុមហ៊ុន និង​ការនាំចេញ។

​លោក​បាន​ឲ្យដឹង​​​ក្នុង​បទ​អត្ថា​ធិប្បាយ​មួយ​​មុនពេល​ការចេញ​ផ្សាយ​ទិន្នន័យ​នេះថា​៖ «​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​បង្ខំ​ឲ្យ​អតិថិជន​ ត្រូវ​នៅក្នុង​ផ្ទះ​ និង​ផ្អាក​​ប្រតិបត្តិការ​រោងចក្រ ដែល​បាន​បណ្ដាល​ឲ្យ​មាន​​ការ​ធ្លាក់ចុះ​​សកម្ម​ភាព​ផលិត និង​​​​វិនិយោគ»។

ប្រទេសជប៉ុន ត្រូវបានរង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​​មួយចំនួន​​នៅរដូ​វ​ក្ដៅ​នេះ​ ដែល​រួមទាំង​ទឹក​​ជំនន់​ដ៏ធំ​​នៅ​តំបន់​ភាគខាង​លិច​ ដោយ​សារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ ខ្យល់ព្យុះ​ទីហ្វុង​ ដែលជន់លិច​ព្រលាន​យន្តហោះ​អន្តរជាតិ​សំខាន់ៗ​ និង​គ្រោះរញ្ជួយដី​​នៅ​ភាគខាង​ជើង​ ដែល​កាត់ផ្ដាច់​​ចង្វាក់​ផ្គត់​ផ្គង់។

​លោក​ Kitakura បាន​បន្តថា ការ​បិទ​ព្រលាន​យន្តហោះ​អន្តរជាតិ Kansai ​ជាបណ្ដោះ​អាសន្ន​ បាន​បណ្ដាល​ឲ្យ​ការធ្លាក់ចុះវិស័យ​​ទេសចរណ៍ និង​ការ​នាំចេញ​ទៅ​​បរទេស។

ការនាំចេញ​ទំនិញ និងសេវា​បាន​ធ្លាក់ចុះ​ ១,៨ ​ភាគរយ​ធៀបនឹង​ត្រីមាស​ទី ២ ដោយសារ​ការ​ប្រើ​ប្រាស់​ឯកជន​​ធ្លាក់ចុះ ០,១ ​ភាគរយ និង​ការ​វិនិយោគ​សាជីវ​កម្ម​លើ​រោងចក្រ និង​ឧបករណ៍​​ធ្លាក់ចុះ ០,២ ​ភាគរយ​៕​ AFP/LA