ក្រុងហ្សឺណែវៈ ក្រុម​សេដ្ឋវិទូ​អង្គការ​សហប្រជាជាតិ (UN) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ចក្រភព​អង់គ្លេស​អាច​បាត់បង់​រហូត​ដល់​ ៣២ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ក្នុង​ការនាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប ប្រសិនបើ​ប្រទេស​នេះ​បរាជ័យ​ក្នុងការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ប្លុក​នេះ​។

អង្គការ​សន្និសីទ​សហប្រជាជាតិ​ទទួលបន្ទុក​ពាណិជ្ជកម្ម ការវិនិយោគ និង​ការអភិវឌ្ឍ (UNCTAD) បាន​ឲ្យ​ដឹងថា ការខាតបង់​នេះ​នឹង​ស្មើនឹង ១៤ ​ភាគរយ​នៃ​ការនាំចេញ​របស់​ចក្រភព​អង់គ្លេស​ទៅ​អឺរ៉ុប​។

អង្គការ UNCTAD ឲ្យ​ដឹងថា ពាក់កណ្ដាល​នៃ​ការខាតបង់​នេះ​នឹង​កើតឡើង​ដោយសារ​ពន្ធ​នាំចូល​ដែល​អាច​ត្រូវ​ដកហូត​ដោយ​ភាគី​ទាំង​ ២ និង​ពាក់កណ្ដាល​ដោយសារ​វិធានការ​មិនមែន​ពន្ធ​នាំចូល ដែល​ប៉ះពាល់​លើ​ពាណិជ្ជកម្ម​ដូចជា​សុខាភិបាល និង​បទប្បញ្ញត្តិ​បរិស្ថាន ឬ​ស្ដង់ដា​វេចខ្ចប់​ជាដើម​។

ការសិក្សា​ដោយ​អង្គការ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ​មួយ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការខាតបង់​នេះ​នឹង​ប៉ះពាល់​សំខាន់​លើ​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស ខណៈ​ដែល​ទីផ្សារ EU មាន​ចំនួន ៤៦ ​ភាគរយ​នៃ​ការនាំចេញ​របស់ UK»​។

ការសិក្សា​នេះ​ក៏បាន​រកឃើញ​ផងដែរ​នូវ​ផលប៉ះពាល់​អវិជ្ជមាន​សម្រាប់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​មួយចំនួន​។

ប្រទេស​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​នឹង​ជា​ប្រទេស​អៀរឡង់​ដែល​អាច​មើលឃើញ​ការកាត់បន្ថយ ១០ ​ភាគរយ​ក្នុង​ការនាំចេញ​របស់ខ្លួន​ស្ថិតក្រោម​សេណារីយោ​មិនមាន​កិច្ចព្រមព្រៀង​។

ចក្រភព​អង់គ្លេស​បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​កាលពី​ខែ​មុន និង​បាន​ប្ដេជ្ញា​ថា នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​ប្លុក​នេះ​នៅត្រឹម​ចុងឆ្នាំ​នេះ ដោយ​លើកឡើង​ថា ខ្លួន​នឹង​ប្រកាន់យក​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ធូររលុង បើ​មិនមាន​កិច្ចព្រមព្រៀង​នៅពេលនោះ​។

ប៉ុន្តែ​ការសិក្សា​របស់​អង្គការ UNCTAD បាន​រកឃើញ​ថា​សូម្បី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម «​ស្ដង់ដា​» មួយ​ដូចជា​កិច្ចព្រមព្រៀង​ដែល​យក​គំរូ​តាម​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប និង​កាណាដា​ដែល​គាំទ្រ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស Boris Johnson ក្តី ក៏​វា​នឹង​នៅតែ​មើលឃើញ​ការនាំចេញ​របស់​អង់គ្លេស​ទៅ​អឺរ៉ុប​ធ្លាក់ ៩ ​ភាគរយ​ដែរ​។

ការណ៍​នេះ​គឺ​ដោយសារ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្ដង់ដា ជាធម្មតា​ផ្ដោត​ការយកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​លើ​ការកាត់បន្ថយ​ ឬ​ការលុបចោល​ពន្ធ​នាំចូល​ជាជាង​វិធានការ​មិនមែន​ពន្ធ​នាំចូល​៕ LA