ភ្នំពេញៈ​ អ្នក​ដំណើរ​​​ផ្លូវ​អាកាស​ចូល​មក​កម្ពុជា​តាម​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ទាំងបី ​បាន​បង្ហាញ​ពី​កំណើនរឹង​មាំ​នៅ​ឆមាសទី​ ១ ឆ្នាំ​ ២០១៨ ​នេះ ដែល​ភាគ​ច្រើន​ត្រូវ​បាន​នាំមុខ​ដោយ​អ្នក​ដំណើរ​ពី​​ប្រទេស​ចិន​។​​ នេះបើ​យោង​​តាម​ទិន្ន័យ​​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃ​ទី​ ១៦​ កក្ដដា ​ឆ្នាំ​ ​២០១៨។ ​

តួលេខ​​បាន​​ពី​ក្រុម​ហ៊ុន​ព្រលាន​យន្ត​ហោះ​ Cambodia Airports បាន​បង្ហាញ​ថា​ ចំនួន​​​អ្នក​ដំណើរ​ឆ្លង​កាត់​​ព្រលាន​​យន្ត​ហោះ​អន្តរ​ជាតិ​​ទាំង ​៣ ​របស់​កម្ពុជា​ មាន​ចំនួន​ ៥,២​ លាន​នាក់ ​ចាប់​ពីខែ​មករា​ ដល់​ខែ​មិថុនា​​ឆ្នាំ​នេះ​។​

ចំនួន​នេះ​បាន​កើន​ឡើង​ ២៤​ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពីឆ្នាំ​មុន​។​

តារាង​បង្ហាញ​ពី​ចំនួន​អ្នក​ដំណើរ និង​ជើង​ហោះ​ហើរ នៅ​ក្នុង​ព្រលាន​យន្តហោះ​ទាំង​បី។

​លោក​ ខែក​ នរិន្ទដា​ នាយក​ផ្នែក​​ទំនាក់​ទំ​នង​នៅ​ក្រុម​ហ៊ុន​ Cambodia Airports បាន​ថ្លែង​ថា ​បរិយា​កាស​សេដ្ឋ​កិច្ច​បាន​ផ្តល់​​ប្រយោជន៍​ខ្លាំង​​ដល់​​កំណើន​​ចរាចរណ៍​តាម​ផ្លូវ​អាកាស​។ ​

លោកបន្ត​ថា​ ព្រឹត្តិការណ៍​បោះ​ឆ្នោត​ នឹង​មិន​ប៉ះ​ពាល់​ដល់​ចរាចរ​ណ៍​អ្នក​ដំណើរ​នោះ​ទេ។​

លោក​ ​រំពឹង​ថា​ ព្រលាន​យន្ត​ហោះ​ទាំងបី​នេះ​នឹង​ទទួល​បាន​អ្នក​ដំណើរ​សរុប​ ១០ លាន​នាក់​នៅ​ឆ្នាំនេះ ៕