ក្រុងប៉េកាំងៈ ធនាគារកណ្ដាល​ប្រទេស​ (PBoC) ចិន​​កាលពី​ថ្ងៃ​ចន្ទ​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​លើ​កម្ចី​ដល់​ធនាគារ​ជាច្រើន​ដែលជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ និង​បាន​ចាក់​បញ្ចូល​សាច់ប្រាក់ ៥០ ​ពាន់​លាន​យន់ (៧ ​ពាន់​លាន​ដុល្លារ​) ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដើម្បី​ជួយ​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ ​របស់​ពិភពលោក​មួយ​នេះ​ដោះស្រាយ​ផលប៉ះពាល់​ពី​វីរុស​កូរ៉ូណា​។

ធនាគារកណ្ដាល​ប្រជាជន​ចិន​បាន​ឲ្យ​ដឹងថា ខ្លួន​បានចាប់ផ្ដើម​ប្រតិបត្តិ​ការទិញ​ត្រឡប់មកវិញ​ទឹកប្រាក់ ៥០ ​ពាន់​លាន​យន់​កាលពី​ថ្ងៃ​ចន្ទ និង​បាន​បន្ទាប​អត្រា​ការទិញ​ត្រឡប់មកវិញ​រយៈពេល ៧ ​ថ្ងៃ​ពី ២,៤០ ​ភាគរយ​មក​នៅត្រឹម ២,២០ ​ភាគរយ​។

លោក Julian Evans-Pritchard សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Capital Economics បាន​ថ្លែង​៖ «​វា​ជា ការកាត់បន្ថយ​ច្រើន​បំផុត​ចាប់តាំងពី​ឆ្នាំ​ ២០១៥ និង​ត្រូវការ​រយៈពេល​ ៧ ​ថ្ងៃ​សម្រាប់​អត្រា​ទិញ​កិច្ចសន្យា​ត្រឡប់មកវិញ​ដល់​កម្រិត​កំណត់ត្រា​ទាប​បំផុត​របស់ខ្លួន​»​។

លោក​ថ្លែង​ដោយយោង​ទៅដល់​ការបន្ទាប​កាលពី​លើក​មុន​នៃ​ចំនួន​អ្នក​ខ្ចី​សាច់ប្រាក់​ត្រូវតែ​រក្សា​ជា​ទុនបម្រុង​ថា​៖ «​តាមរយៈ​ការទិញ​មូលនិធិ​ក្នុង​អត្រា​ការប្រាក់​កាន់តែ​ទាប ធនាគារ PBoC នឹង​អាច​រក្សាបាន​អត្រា​ការប្រាក់​អន្តរ​ធនាគារ​ទីផ្សារ​ទាប ទោះបី​ជា​ទ្រព្យ​សន្ទនីយភាព​ដែល​បានមកពី​ការកាត់បន្ថយ​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច (RRR) ត្រូវ​ស្រូបយក​ដោយ​ប្រព័ន្ធ​ធនាគារ​ក៏ដោយ​»​។

ជំងឺ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន​ជិត​ ៤០ ០០០ ​នាក់​ទូទាំង​ពិភពលោក និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន និង​អតិថិជន ហើយ​ការរីក​រាលដាល​លើ​ពិភពលោក​របស់​វា​បាន​ធ្វើឲ្យ​ខូច​ដល់​ក្ដីសង្ឃឹម​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​ដ៏រហ័ស​នៅក្នុង​ប្រទេស​ចិន​ដែល​ពឹង​ផ្អែកលើ​ការនាំចេញ ជាទី​ដែល​ការរីក​រាលដាល​ដំបូង​បាន​ផ្ទុះឡើង​កាលពី​ខែធ្នូ​។

វិធានការ​ចុងក្រោយ​បំផុត​នេះ ធ្វើឡើង​ខណៈ​រដ្ឋាភិបាល និង​ធនាគារកណ្ដាល​ជុំវិញ​ពិភពលោក បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ និង​បង្ហាញ​វិធានការ​លើកទឹកចិត្ត​ចំនួន​ច្រើន​មាន​តម្លៃ​ប្រហែល ៥ ​ពាន់​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ការរីក​រាលដាល​នេះ​ដែល​ក្រុម​អ្នក​ព្យាករ​ព្រមាន​ថា​នឹង​បង្ក​ឲ្យ​មាន​ការដើរថយក្រោយ​ខ្លាំង​បំផុត​នៃ​សេដ្ឋកិច្ច​។

អ្នកកាន់កាប់​ការិយាល័យ​នយោបាយ​ដែល​ធ្វើការ​សម្រេចចិត្ត​របស់​គណបក្ស​កុម្មុយនីស្ដ ក៏​បាន​អំពាវនាវ​កាលពី​ថ្ងៃ​សុក្រ​ឲ្យ​មាន​វិធានការ​គោលនយោបាយ​ប្រឆាំង​វដ្ដ​នៃ​មេរោគ​នេះ​ឲ្យ​កាន់តែខ្លាំង​ឡើង និង​ការបង្កើន​ការលើក​ទឹកចិត្ត​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ប្រទេស​ចិន ស៊ីនហួ បាន​រាយការណ៍​ថា អ្នក​កាន់កាប់​ការិយាល័យ​នយោបាយ​បាន​ឲ្យ​ដឹងថា កន្លែង​ដែល​សមរម្យ​អនុបាត​ឱនភាព​សារពើពន្ធ​គួរតែ​ត្រូវបាន​បង្កើន មូលបត្រ​បំណុល​រតនាគារ​ពិសេស​គួរតែ​ត្រូវ​ចេញ និង​ថា នឹង​ការបង្កើន​កូតា​នៃ​ការចេញ​មូលបត្រ​បំណុល​ពិសេស​របស់​រដ្ឋាភិបាល​មូលដ្ឋាន​។

ក្រុមមន្ដ្រី​បាន​បន្ថែមថា អត្រា​ប្រាក់កម្ចី​ប្រកបដោយ​ប្រសិទ្ធភាព​គួរតែ​ត្រូវបាន​ណែនាំ​ឲ្យ​មានការ​ធ្លាក់ ចុះ​ដោយ​ «​ការរក្សា​សន្ទនីយ​ភាពសមហេតុ​ផល​ និង​គ្រប់គ្រាន់​»​។

វិធានការ​កាលពី​ថ្ងៃ​ចន្ទ​ហាក់ដូច​ជាមាន​ផលប៉ះពាល់​បន្តិចបន្តួច​លើ​ទំនុកចិត្ត​ទីផ្សារ​ជាមួយ​នឹង​តម្លៃ​សន្ទស្សន៍​ភាគហ៊ុន​សំខាន់​របស់​ផ្សារហ៊ុន​ស៊ាងហៃ ប្រហែល​ ១ ​ភាគរយ​កាន់តែ​ទាប​នៅពេល​រសៀល​។

ដោយសារតែ​កូវីដ​១៩ ធ្វើ​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​ពិភពលោក ក្រុមអ្នកវិភាគ​បាន​កាត់បន្ថយ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ចិន ដែល​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ការមើលឃើញ​ប្រសិទ្ធភាព​វិធានការ​ទប់ស្កាត់​ក្នុង​គោលបំណង​បញ្ឈប់​ការរីក​រាលដាល​របស់​វីរុស​កូរ៉ូណា​នេះ​។

ទីភ្នាក់ងារ​វាយតម្លៃ S&P Global Ratings បាន​ឲ្យ​ដឹងថា ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ដែល​កែតម្រូវ​របស់ខ្លួន​សម្រាប់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ ២០២០ នៅពេលនេះ​ជិត​ពាក់កណ្ដាល​នៃ​ការប្រើប្រាស់​កំណើន​មុនពេល​ការរីក​រាលដាល​របស់​ខ្លួន​ចំនួន​ ៥,៧ ​ភាគរយ​។

លោក Xing Zhaopeng និង​លោក Raymond Yeung អ្នកសេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន ANZ Research បាន​ឲ្យ​ដឹង​នៅក្នុង​កំណត់​សម្គាល់​របស់លោក​ថា ការកាត់​អត្រា​ការប្រាក់​របស់ PBoC «​មាន​គោលបំណង​ក្នុង​ការបន្ទាប​តម្លៃ​មូលនិធិ​របស់​ក្រុមហ៊ុន​ចិន​»​។

ពួកគេ​រំពឹងថា វា​នឹងត្រូវ​បាន​តាម​ពីក្រោយ​ដោយ​ការកាត់បន្ថយ​អត្រា​ប្រាក់កម្ចី​ដោយមាន​ទ្រព្យ​បញ្ចាំ និង​អត្រា​ការប្រាក់​កម្ចី​ពេល​មធ្យម​៕ LA