ហុងកុងៈ តម្លៃ​ប្រេង​​បាន​បន្ត​កើន​ឡើង​​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយសារ​តែ​ភាព​តានតឹង​រវាង​​អាមេរិក និង​អ៊ុរ៉ង់​កាន់​តែ​ខ្លាំង​​ឡើង ​ដែល​​បាន​ជំរុញ​​ឲ្យ​មាន​ការ​បារម្ភ​ផ្នែក​​ផ្គត់ផ្គង់​ ខណៈ​​ឈ្មួញ​ភាគហ៊ុន​​នៅ​​អាស៊ី​​កំពុង​សម្លឹង​យ៉ាង​​​​​ប្រុងប្រយ័ត្ន​ លើ​កិច្ច​ប្រជុំ​ដ៏​ពិបាក​​មួយ​រវាង​​លោក ​ដូណាល់​ ត្រាំ​ និង​លោក ​ស៊ី ជិនភីង ​​នៅ​សប្ដាហ៍​នេះ​។​

តម្លៃ​នៅ​ក្នុង​កិច្ច​សន្យា​​របស់​ប្រេង​​​ឆៅ​សំខាន់​ទាំង ​២​ កើន​ឡើង​​​ជិត ​១០ ​ភាគរយ​ ដោយសារ​​តែ​ទីក្រុង​តេអេរ៉ង់ កាល​​ពី​សប្ដាហ៍​មុន ​បាន​បាញ់​ទម្លាក់ ​«យន្តហោះ​គ្មាន​មនុស្ស​បើក​» របស់​អាមេរិក​ ដោយ​អះអាង​ពី​​ការ​​រំលោភ​ដែន​អាកាស​របស់​ខ្លួន​ ដែល​បង្កើន​​ការ​បារម្ភ​អំពី​ជម្លោះ​​រវាង​សត្រូវ​ចាស់​ទាំង ​២ នេះ​​។​

កាល​ពី​ចុង​សប្ដាហ៍​លោក ​ត្រាំ ​បាន​​ឲ្យ​ដឹង​ថា ​លោក​នឹង​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​ប្រទេស​ ​អ៊ុរ៉ង់ បន្ទាប់​ពី​​ហាម​ឃាត់​​បណ្ដា​ប្រទេស​ជា​ច្រើន​ទិញ​ប្រេង​របស់​អ៊ុរ៉ង់ ខណៈ​​ប្រព័ន្ធ​ព័ត៌មាន​អាមេរិក​​រាយការណ៍​ថា ទីក្រុង​វ៉ាស៊ីនតោន​​បាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​សម្ងាត់​ការ​វាយ​ប្រហារ​​អ៊ិនធឺណិត​ប្រឆាំង​នឹង​​​ប្រព័ន្ធ​គ្រប់គ្រង​មីស៊ីល​ និង​បណ្ដាញ​ចារកម្ម​អ៊ីរ៉ង់​។​

ភាគី​ទាំង ​២ ឲ្យ​ដឹង​ថា ពួក​គេ​ចង់​​គេច​ផុត​ពី​សង្គ្រាម​ ប៉ុន្តែ​ភាព​តានតឹង​​បាន​កើន​ឡើង​ខ្លាំង​​ដោយសារ​តែ​ឧប្បតិ្តហេតុ​ជា​​បន្ត​បន្ទាប់​ ដែល​រួម​មាន​​ការ​បាញ់​ទម្លាក់​ដ្រូន​ និង​​ការ​វាយ​ប្រហារ​នៅ​ពេល​ថ្មីៗ​លើ​នាវា​ដឹក​ប្រេង​ ដែល​​​បង្កើន​ការ​បារម្ភ​អំពី​ការ​រុញ​ច្រាន​​ឆ្ពោះ​ទៅ​រក​ជម្លោះ​។​

ប្រធានាធិបតី​អាមេរិក​​​បាន​ឲ្យ​ដឹង​​ថា ​លោក​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​​ទាក់ទង​​ប្រទេស ​អ៊ីរ៉ង់ ប្រសិន​បើ​​ប្រទេស​នេះ​​បោះបង់​​អាវុធ​​នុយក្លេអ៊ែរ​។ លោក​បន្ថែម​ថា ​បើ​ក្រុម​មេ​ដឹកនាំ​បាន​ធ្វើ​ដូច​នេះ «​ខ្ញុំ​នឹង​ក្លាយ​ជា​​​​មិត្តភកិ្ដ​ដ៏​ល្អ​បំផុត​»។ ​ប៉ុន្តែ​​ប្រទេស ​អ៊ីរ៉ង់ បន្ត​បញ្ជាក់​ពី​​​កម្មវិធី​​អាតូមិក​​របស់​ខ្លួន​គឺ​សម្រាប់​គោល​បំណង​ស៊ីវិល​។​

តម្លៃ​​​ប្រេង​ឆៅ​ Brent បាន​កើន​​ឡើង​ ​០,៣ ​ភាគរយ ​កាល​ពី​ថ្ងៃ​​ចន្ទ​ និង​តម្លៃ​​ប្រេង​ឆៅ WTI ​កើន​​ឡើង ​០,៥ ​ភាគរយ​។​​

លោក​ Stephen Innes ដៃគូ​គ្រប់គ្រង​​នៅ​ក្រុមហ៊ុន Vanguard Markets ​បាន​ថ្លែង​​ថា​៖ «​ការ​កើន​ឡើង​​ផ្នែក​​ភូមិសាស្ដ្រ​​នយោបាយ​នៅ​មជ្ឈិមបូព៌ា​ ​​គឺ​ពិត​ជា​សញ្ញា​នៃ​ការ​កើន​ឡើង​​រយៈពេល​ខ្លី​សម្រាប់​ទីផ្សារ​​ប្រេង»។ ​លោក​បន្ត​ថា​៖ «​ហើយ​ការ​​បារម្ភ​ទាំង​នេះ​​កំពុង​កើន​​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​»​។​

ការ​ជាប់​គាំង​ រួម​ជាមួយ​នឹង​តម្លៃ​ប្រាក់​ដុល្លារ​ចុះ​ខ្សោយ​ ដោយសារ​ធនាគារ​កណ្ដាល​អាមេរិក​ផ្ដល់​សញ្ញា​ពី​ការ​​​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ បាន​ជួយ​ជំរុញ​តម្លៃ​មាស​​កើន​ដល់​​កម្រិត​ខ្ពស់​រយៈពេល ​៦ ​ឆ្នាំ ដល់​ជាង​ ១ ៤០០ ​ដុល្លារ​ ដោយសារ​តែ​​ក្រុម​ឈ្មួញ​ស្វែងរក​ទ្រព្យ​មាន​សុវត្ថិភាព ​ដើម្បី​រក្សា​សាច់​ប្រាក់​របស់​ពួក​គេ​។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​​ទីផ្សារ​ភាគហ៊ុន​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា លោក ​ត្រាំ ​និង​លោក ស៊ី ​អាច​បំបែក​ភាព​ជាប់​គាំង​​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ​ នៅ​ពេល​ពួក​គេ​ជួប​គ្នា​នៅ​ក្រៅ​ជំនួប​នៃ​កិច្ច​ប្រជុំ​កំពូល​​របស់​ក្រុម​ប្រទេស​ G20 ​នៅ​ទីក្រុង​អូសាកា ​ប្រទេស​ ​ជប៉ុន ​​នៅ​សប្ដាហ៍​នេះ​។​

តម្លៃ​ភាគហ៊ុន​​​ពិភព​លោក​កំពុង​កើន​ឡើង ចាប់​តាំង​ពី​លោក​ ត្រាំ បាន​កោត​សរសើរ​​​​ការ​ចរចា​តាម​ទូរស័ព្ទ​ដ៏​វិជ្ជមាន​ កាល​ពី​សប្ដាហ៍​មុន​ និង​បាន​ឲ្យ​ដឹង​ថា ​អ្នក​ទាំង ​២ ​​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​​ក្នុង​ប្រទេស ​ជប៉ុន ​ដែល​ជំរុញ​ឲ្យ​មាន​ក្ដី​សង្ឃឹម​នៃ​លទ្ធភាព​បញ្ចប់​សង្គ្រាម​ពន្ធ​នាំចូល​។​

នៅ​ក្នុង​ការ​ជួញ​ដូរ​ពេល​ព្រឹក​ តម្លៃ​​ផ្សារហ៊ុន​ហុងកុង បាន​កើនឡើង ០,៤ ​ភាគរយ ​ខណៈ​តម្លៃ​ផ្សារហ៊ុន​ស៊ាងហៃ បាន​កើន​ឡើង ​០,២ ​ភាគរយ​ និង​ផ្សារហ៊ុន​តូក្យូ​បាន​បញ្ឈប់​ការ​ជួញដូរ​ក្នុង​តម្លៃ​កើន​ឡើង ​០,១ ​ភាគរយ។​​

តម្លៃ​ផ្សារហ៊ុន​សេអ៊ូល​ តម្លៃ​ផ្សារហ៊ុន​វែលីងតុន ​និង​តម្លៃ​ផ្សារហ៊ុន​ម៉ានីល​ ផ្សារហ៊ុន​ទាំង​អស់​នេះ​​កើន​ឡើង ​០,២ ​ភាគរយ​ ទោះ​បី​ជា​ផ្សារហ៊ុន​ស៊ីដនី ​ផ្សារហ៊ុន​សិង្ហបុរី ​ផ្សារហ៊ុន​​តៃប៉ិ ​និង​ផ្សារហ៊ុន​ហ្សាការតា ​បាន​ខាតបង់​ក៏​ដោយ​។​

ប្រាក់​ដុល្លារ​បន្ត​ប្រឈម​នឹង​សម្ពាធ​ពី​​ធនាគារ​កណ្ដាល​ ដែល​​នឹង​បន្ទាប​អត្រា​ការ​ប្រាក់​​ក្នុង​​ពេល​ឆាប់ៗ​នៅ​ខែ​កក្កដា​ ដោយសារ​តែ​ធនាគារ​នេះ​ស្វែងរក​ច្រក​ចេញ​​ពី​ផល​ប៉ះ​ពាល់​នៃ​​ជម្លោះ​ពាណិជ្ជកម្ម និង​ដោយសារ​​តែ​​សេដ្ឋកិច្ច​អាមេរិក​បង្ហាញ​​សញ្ញា​នៃ​ការ​ចុះ​ខ្សោយ​។

តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​​បាន​ធ្លាក់ចុះ​ធៀប​នឹង​រូបិយប័ណ្ណ​​ដៃ​គូ​សំខាន់ៗ​របស់​ខ្លួន​ ជាមួយ​នឹង​ប្រាក់​ដុល្លារ​អូស្ដ្រាលី​ និង​ប្រាក់​វ៉ុន​របស់​កូរ៉េ​ខាង​ត្បូង​ កើន​ឡើង ​០,៤ ​ភាគរយ។​

តម្លៃ​ប្រាក់​លីរ៉ា របស់​​តួកគី បាន​កើន​ឡើង ​០,៨ ​ភាគរយ​ បន្ទាប់​ពី​បេក្ខជន​គណបក្ស​​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ចៅហ្វាយ​ក្រុង​​ដ៏​ចម្រូង​ចម្រាស​ឈរ​ឈ្មោះ​ជាថ្មី​ម្ដង​ទៀត ​ឈ្នះ​​គណ​បក្ស​កំពុង​​កាន់​អំណាច​របស់​​​​ប្រធានាធិបតី​ Recep Tayyip Erdogan​។​

តម្លៃ​រូបិយ​ប័ណ្ណ​ឌីជីថល​ Bitcoin ​បាន​កើន​ឡើង​ប្រហែល​​ ២០ ​ភាគរយ ​គ្រាន់​តែ​​នៅ​ខែ​នេះ ​ប៉ុន្តែ​គឺ​នៅ​តែ​ប្រសើរ​ជាង​​កម្រិត​កំណត់ត្រា​ជិត​ ២០​ ០០០​ ដុល្លារ​ ដែល​​បាន​មើល​ឃើញ​កាល​ពី​ចុង​ឆ្នាំ​ ២០១៧​៕​ AFP/LA​