ភ្នំពេញៈ ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ចំនួន​ ១៥០ បាន​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ស្ថាបត្យកម្ម និង​ការតុបតែង​ផ្ទៃ​ខាង​រយៈពេល​ ៣ ​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ពិព័រណ័​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​ស្ថាបត្យកម្ម ICVeX Co., Ltd និង​សមាគម​ស្ថាបត្យករ​កម្ពុជា​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​ ២៤ ដល់​ ២៦ ខែ​ឧសភា​ឆ្នាំ ២០១៨ នៅ​សាលពិព័រណ៍​កោះពេជ្រ​ដើម្បី​បង្ហាញ​ពី​ភាព​​រីកចម្រើន​នៅក្នុង​វិស័យ​សំណង់ និង​ការ​រចនា​ផ្នែក​ខាងក្នុង​អគារ​នៅ​កម្ពុជា​។

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​នៃ​គណៈស្ថាបត្យករ​កម្ពុជា​បាន​និយាយ​ថា​ «​ពិព័រណ៍​ស្ថាបត្យកម្ម និង​ការតុបតែង​ផ្ទៃ​ខាង​» នេះ​នឹង​ក្លាយ​ជា​ឱកាស​ដ៏ល្អ​សម្រាប់​វិស័យ​សំណង់ និង​ការ​រចនា​នៅ​កម្ពុជា​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ព្រឹត្តិការណ៍​នេះ​នឹង​ដើរតួ​ជា​វេទិកា​មួយ​ដែល​នឹង​នាំ​មក​នូវ​គំនិត​ថ្មី​ផលិតផល​ថ្មី និង​គំរូ​នៃ​ការតុបតែង​អគារ និង​ផ្ទះ​ស្អាតៗ​ដល់​ប្រទេស និង​ប្រជាជន​ខ្មែរ ខណៈ​របៀប​រស់នៅ​របស់​ប្រជាជន​ខ្មែរ​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​»​។

លោក​បាន​បន្ត​ថា​កំណើន​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាជន​ខ្មែរ​កំពុង​ចូលរួម​ជំរុញ​ឲ្យ​មាន​ទំនើបកម្ម និង​ការតុបតែង​លម្អ​អគារ និង​គេហដ្ឋាន​កាន់តែ​ប្រសើរ​ឡើង​ជា​លំដាប់​។

ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​នឹង​បង្ហាញ​ផលិតផល​សម្ភារ​ផ្ទះបាយ បន្ទប់ទឹក ឥដ្ឋការ៉ូ គ្រឿងសង្ហារិម និង​ក្រុមហ៊ុន Interior Design ជាដើម​។

នេះ​គឺជា​លើក​ទី​ ៣ ​ហើយ​ដែល​ក្រុមហ៊ុន ICVeX Co., Ltd បាន​សហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា​រៀបចំ​ពិព័រណ៍​នេះ​ឡើង​។

លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា​បាន​លើក​ឡើង​ថា​ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​ពាណិជ្ជករ អ្នក​សិក្សា និង​អ្នក​ប្រកបរបរ​នៅក្នុង​វិស័យ​សំណង់ និង​ការ​រចនា និង​អ្នកប្រើប្រាស់​បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​សិក្សា​ស្វែងយល់​ពី​ផលិតផល​ថ្មីៗ និង​អាច​ចាប់​ដៃគូ​ដើម្បី​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​ផង​ដែរ​។

យោង​តាម​លោក Chinakit Viphavakit ប្រធាន​គ្រប់គ្រង​ទូទៅ​របស់ ICVeX ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ចូលរួម​ ១៥០ មាន​ ៨០ ​ភាគរយ​មកពី​ប្រទេស​ថៃ​៕