ក្រុងវ៉ាស៊ីនតោនៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានសម្រេចកិច្ចព្រមព្រៀងបឋមមួយស្តីពីពន្ធគយជាមួយប្រទេស ជប៉ុន បន្ទាប់ពីអះអាងជាញឹកញាប់ថា ទីក្រុងតូក្យូមានអត្ថប្រយោជន៍មិនស្មើភាពក្នុងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២។
លោក ត្រាំ និងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនកាលពីខែមុនបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះជិតនឹងបញ្ចប់ហើយ និងថាមេដឹកនាំទាំង ២ បានសង្ឃឹមថានឹងមានការចុះហត្ថលេខាផ្លូវការមួយក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅចុងខែនេះ។
លោក ត្រាំ បានឲ្យដឹងក្នុងលិខិតមួយផ្ញើទៅកាន់សភាដែលត្រូវបានចេញផ្សាយដោយសេតវិមានថា៖ «ខ្ញុំរីករាយនឹងរាយការណ៍ថា រដ្ឋាភិបាលរបស់ខ្ញុំបានសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមមួយទាក់ទងនឹងឧបសគ្គពន្ធគយ...ជាមួយប្រទេសជប៉ុន»។
លោកថ្លែងថា៖ «ខ្ញុំមានបំណងបញ្ចប់កិច្ចព្រមព្រៀងនេះនៅសប្តាហ៍ខាងមុខ»។
លោក ត្រាំ បានបន្ថែមថាការចរចាបន្ថែមទៀតនឹងត្រូវបានធ្វើឡើងជាមួយប្រទេសជប៉ុន ដើម្បីទទួលបាន «កិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយដែលជួយឲ្យមានពាណិជ្ជកម្មទៅវិញទៅមកកាន់តែស្មើភាពបន្ថែមទៀត»។
សេចក្តីថ្លែងការណ៍ដដែលនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងមួយផ្សេងទៀតក៏ត្រូវសម្រេចបានផងដែរស្តីពីពាណិជ្ជកម្មឌីជីថល ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីពន្ធគយអាមេរិកលើរថយន្តជប៉ុននោះទេ។
ក្រុមមន្ត្រីអាមេរិកកន្លងមកបានឲ្យដឹងថា កិច្ចព្រមព្រៀងពន្ធគយនឹងផ្តល់ប្រយោជន៍ដល់កសិករអាមេរិកដែលរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន និងដែលជាក្រុមដ៏សំខាន់ដែលបោះឆ្នោតគាំទ្រលោក ត្រាំ សាជាថ្មីក្នុងការបោះឆ្នោតក្នុងឆ្នាំ ២០២០៕ KC