ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅបន្តការកើនឡើងក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ នេះដោយកើនជិត ២៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ បើទោះបីជាការរីករាលដាលជំងឺកូវីដ១៩ ដែលបានបន្តអូសបន្លាយចាប់តាំងពីដើមឆ្នាំ ២០២០ បានធ្វើឲ្យការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសមួយចំនួន ធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមទិន្នន័យពីការិយាល័យជំរឿនសហរដ្ឋអាមេរិក។
ទិន្នន័យពីការិយាល័យជំរឿនសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២០ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានតម្លៃសរុប ២ ៤៨៨,៣ លានដុល្លារកើនឡើង ១៨,៨២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលមានតម្លៃ ២ ០៩៤ លានដុល្លារ។ សម្រាប់រយៈពេលខាងលើការនាំចេញទំនិញពីកម្ពុជាទៅកាន់អាមេរិកមានតម្លៃ ២ ៣៦៣ លានដុល្លារ កើន ២៥,៩៤ ភាគរយពីចំនួន ១ ៨៧៦,២ លានដុល្លារ និងការនាំទំនិញពីអាមេរិកមកកម្ពុជាមានតម្លៃ ១២៥,៣ លានដុល្លារ ធ្លាក់ធ្លុះ ៤២,៤៧ ភាគរយពីចំនួន ២១៧,៨ លានដុល្លារ។
ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ ២០២០ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុប ៣៥៥,៩ លានដុល្លារធ្លាក់ចុះ ១៩,៥៥ ភាគរយបើធៀបនឹងខែឧសភាឆ្នាំមុន ដែលមានតម្លៃ ៤៤២,៤ លានដុល្លារ។ ក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ៣៣៨,៨ លានដុល្លារធ្លាក់ចុះ ១៣,៥៩ ភាគរយពី ៣៩២,១ លានដុល្លារ និងការនាំចូលមានតម្លៃ ១៧,១ លានដុល្លារ ធ្លាក់ចុះ ៦៦,០៨ ភាគរយពីចំនួន ៥០,៣ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា ស្ទើរគ្រប់ផលិតផលដែលផលិតនៅកម្ពុជាសម្រាប់នាំចេញ គឺមានតម្រូវការខ្ពស់នៅទីផ្សារអាមេរិក។ លោកបន្តថា កំណើននៃការនាំចេញរយៈពេល ៥ ខែដែលមានរហូតដល់ជិត ២៦ ភាគរយនេះបញ្ជាក់ថាទោះបីនៅក្នុងពេលពិភពលោកកំពុងជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកនៅតែអាចរក្សាបាននូវភាពវិជ្ជមាន។ ទំហំនៃការនាំចេញរបស់កម្ពុជាទៅអាមេរិក និងពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំង ២ នឹងមានភាពរឹងមាំរហូតដល់ចុងឆ្នាំ ២០២០ នេះ។
លោកថ្លែងថា៖ «ខ្ញុំគិតថា តម្លៃនៃការនាំចេញទំនិញរបស់កម្ពុជាទៅអាមេរិកប្រចាំឆ្នាំនេះនឹងកើនឡើងទៀតបើធៀបនឹងឆ្នាំមុន ព្រោះបន្ទាប់ពីបិទទីផ្សារមួយរយៈដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បច្ចុប្បន្នទីផ្សារភាគច្រើននៅអាមេរិកបានបើកឡើងវិញហើយ។ អាមេរិកគឺជាទីផ្សារធំសម្រាប់កម្ពុជា»។
ទាក់ទងនឹងការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងខែឧសភា លោកអះអាងថា វាកើតឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
យោងតាមលោក លឹម ហេង កំណើនការបញ្ជាទិញទំនិញពីកម្ពុជានៅពេលនេះគឺចាប់ផ្តើមរើបវិញហើយ ពិសេសទីផ្សារអាមេរិក និងសហគមន៍អឺរ៉ុប។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកភាគច្រើន គឺជាផលិតផលសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងគ្រឿងអគ្គិសនី ចំណែកទំនិញដែលអាមេរិកនាំមកកម្ពុជាវិញមានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលសម្រេចមួយចំនួនទៀត។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា បញ្ហាកូវីដ១៩ បានធ្វើឲ្យមានផលប៉ះពាល់ខ្លាំងដល់ការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិនៅគ្រប់ប្រទេសទាំងអស់លើពិភពលោក។ ទិន្នន័យបានបង្ហាញថា កំណើនទំហំពាណិជ្ជកម្ម ពិសេសការនាំចេញពីកម្ពុជាទៅអាមេរិក ពិតជាកើនឡើងច្រើននៅក្នុងរយៈពេល ៥ ខែដំបូង តែបើគេមើលក្នុងខែឧសភា ឃើញថាបានធ្លាក់ចុះរហូតដល់ជិត ២០ ភាគរយ។
លោកថ្លែងថា៖ «ទិន្នន័យនៃកំណើននាំចេញរបស់កម្ពុជាគឺដោយសារការបញ្ជាទិញទាំងអស់នោះភាគច្រើនត្រូវបានធ្វើឡើងកាលពីចុងឆ្នាំមុន ហេតុនេះទឹកប្រាក់ក៏កើនឡើងទៅតាមនោះដែរ។ ទោះយ៉ាងណានៅពេលចូលដល់ខែឧសភា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានធ្លាក់ចុះមកយ៉ាងគំហុកវិញដែលមូលហេតុចម្បងតែមួយគត់នោះគឺដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅអាមេរិក»។
លោកបន្ថែមថា ខណៈមានការព្យាករថា ស្ថានភាពជំងឺកូវីដ១៩ នឹងបន្តរាលដាលខ្លាំងនៅអាមេរិកពេលខាងមុខ ហេតុនេះការបញ្ជាទិញទំនិញនឹងមិនអាចស្ទុះងើបឡើងវិញភ្លាមៗទេ។ លោកបញ្ជាក់ថា៖ «បើស្ថានភាពជំងឺកូវីដនៅតែបន្តកើនឡើង ការបញ្ជាទិញទំនិញពីអាមេរិកនឹងបន្តថមថយទៀត បន្ទាប់ពីខែឧសភា»។
ទោះយ៉ាងណាលោក វណ្ណៈ បានបញ្ជាក់ថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងនៅតែល្អប្រសើរ»។
យោងតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មអាមេរិកកាលពីឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃ ៥ ៨៧០,៨ លានដុល្លារកើន ៣៨,០៥ ភាគរយធៀបនឹង ៤ ២៥២,៤ លានដុល្លារកាលពីឆ្នាំ ២០១៨៕ LA