ក្រុងប៉េកាំងៈ លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang កាលពី​សប្តាហ៍​មុន​បានបង្ហាញ​ការរំពឹង​ទុក​របស់លោក​ចំពោះ​សហគមន៍​សេដ្ឋកិច្ច​ជប៉ុន ដើម្បី​ឲ្យ​សហគមន៍​នេះ​ចាប់យក​ឱកាស​ពី​ការបើកចំហ​សេដ្ឋកិច្ច​របស់​ចិន​បង្កើន​ការវិនិយោគ​នៅ​ចិន និង​ពង្រីក​វិស័យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នានា ដើម្បី​លើកកម្ពស់​សមិទ្ធ​ផល​បន្ថែម​ទៀត​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។

លោក Li បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​គណៈប្រតិភូ​មួយក្រុម​មកពី​សហគមន៍​អាជីវកម្ម​ជប៉ុន​ដែល​ដឹកនាំ​ដោយ​លោក Sho-ji Muneoka ប្រធាន​សមាគម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជប៉ុន-ចិន លោក Akio Mimura ប្រធាន​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ជប៉ុន លោក Nobuyuki Koga ប្រធាន​ក្រុមប្រឹក្សា​អ្នកពិគ្រោះ​យោបល់​នៃ​សហព័ន្ធ​ពាណិជ្ជកម្ម​ជប៉ុន​។

លោក Li បាន​ថ្លែងថា ទំនាក់ទំនង​ជប៉ុន-ចិន បាន​វិលត្រឡប់​មករក​ផ្លូវត្រូវ​វិញ​ចាប់ពី​ឆ្នាំ​មុន ដោយសារ​កិច្ចប្រឹងប្រែង​រួមគ្នា​របស់​ភាគី​ទាំង​ ២ ហើយ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ បាន​រីកចម្រើន​ជា​លំដាប់ ខណៈ​ចក្ខុវិស័យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មាន​ទូលំទូលាយ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​នៅពេល​ដែល​ទំនាក់ទំនង​ចិន និង​ជប៉ុន​បាន​ជួបប្រទះ​ការលំបាក សហគមន៍​សេដ្ឋកិច្ច​ជប៉ុន​បាន​បង្កើត​កិច្ចប្រឹងប្រែង និង​ការចូលរួម​ចំណែក​សំខាន់ៗ ដើម្បី​រក្សា​ការអភិវឌ្ឍ​ប្រកប​ដោយ​សុខភាព និង​ស្ថិរភាព និង​ពន្លឿន​កិច្ចសហប្រតិបត្តិ​ការប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំង​ ២​។

លោក Li ថ្លែង​ទៀតថា ចិន​និង​ជប៉ុន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ ២ ហើយ​គួរតែ​ធ្វើការងារ​រួមគ្នា​ដើម្បី​សេដ្ឋកិច្ច​ពិភពលោក​៕ People''s Daily/KC