ក្រុងម៉ុមបៃៈ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ដ្រី Narendra Modi និង​គណបក្ស​ Bharatiya Janata របស់​លោក​បាន​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​​ក្នុង​ការ​បោះ​ឆ្នោត​របស់​ប្រទេស ​ឥណ្ឌា ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​លើក​យក​​បញ្ហា​សេដ្ឋកិច្ច​សំខាន់ៗ ដែល​​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី៣ ​របស់​អាស៊ី ​១ ​នេះ​កំពុង​ប្រឈម៖

កំណែ​ទម្រង់​

ក្នុង​អាណត្តិ​ដំបូង​ ​លោក Modi ត្រូវ​បាន​លើក​សរសើរ​ចំពោះ​ការ​ព្យាយាម​ក្នុង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មូលធន​និយម​ដ៏​រ៉ាំរ៉ៃ​​ក្នុង​រដ្ឋាភិបាល និង​កំណែ​ទម្រង់​ជា​ច្រើន​ដែល​រួម​មាន​ទំនិញ​ និង​ពន្ធ​លើ​​សេវាកម្ម (GST) ទូទាំង​ប្រទេស​។​

ទាំង​អស់​នេះ​ត្រូវ​បាន​សរសើរ​ជាមួយ​​​នឹង​ការ​ជួយ​ធ្វើ​ឲ្យ​​ប្រទេស ​ឥណ្ឌា ​បង្កើន​​ចំណាត់​ថ្នាក់​ភាព​ងាយ​ស្រួល​ក្នុង​ធ្វើ​ពាណិជ្ជកម្ម​របស់​ធនាគារ​ពិភព​លោក បាន ២៣ ​ចំណាត់​ថ្នាក់​​ដល់​លេខ​រៀង​ទី​៧៧ ​នៅ​ចន្លោះ​ឆ្នាំ ​២០១៧ និង​ឆ្នាំ ​២០១៨​។​

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ​លោក Modi ចាំបាច់​ត្រូវ​ធ្វើ​ការងារ​ជា​ច្រើន​ទៀត ពិសេស​ការ​កាត់​បន្ថយ​ការិយាធិបតេយ្យ និង​ការ​គាំពារ​និយម​។​

ភាព​គ្មាន​ការងារ​ធ្វើ​

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​​របស់​លោក Modi បាន​បរាជ័យ​ក្នុង​ការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ឥណ្ឌា​ជាង ​១ លាន​នាក់​ ដែល​ចូល​ទីផ្សារ​ពលកម្ម​ជា​រៀងរាល់​ខែ​។​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​។​

កាសែត​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​​ពេល​ថ្មីៗ​នេះ​ពី​របាយការណ៍​លេច​ធ្លាយ​របស់​រដ្ឋាភិបាល ដោយ​ចោទ​ប្រកាន់​ពី​ការ​​លាក់​បាំង​អត្រា​នៃ​​​​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស ​ឥណ្ឌា ​មាន​​ ៦,១ ​ភាគរយ ដែល​ជា​កម្រិត​ខ្ពស់​​បំផុត​ចាប់​តាំង​ពី​ទសវត្សរ៍​​ ​១៩៧០។​

ប្រជាជន​ ១៩ ​លាន​នាក់ ​បាន​ដាក់​ពាក្យ​សុំ​ការងារ​ធ្វើ​​នៅ​ក្នុង​ចំណោម​​ការ​ជ្រើសរើស​ ៦៣​ ០០០ កន្លែង​នៅ​ក្នុង​ក្រុមហ៊ុន​ Indian Railways កាល​ពី​​ឆ្នាំ​មុន ដែល​បញ្ជាក់​ពី​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​រវាង​​ក្រុម​អ្នក​រក​ការងារ​ធ្វើ និង​ឱកាស​ការងារ​។​

លោក​ Gunjan Bagla មក​ពី​ក្រុមហ៊ុន​គ្រប់គ្រង Amritt Inc បាន​ប្រាប់​ AFP ថា​៖ «លោក Modi ចាំបាច់​ត្រូវ​ជំរុញ​ឲ្យ​រដ្ឋ​ត្រូវ​កែលម្អ​ច្បាប់​ការងារ និង​អនុវត្ត​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​ចំនួន​ច្រើន​ សម្រាប់​ក្មេង​វ័យ​ជំទង់ ដើម្បី​បង្កើត​ការងារ​ ហើយ​ក៏​បង្កើន​កំណើន​សេដ្ឋកិច្ច​ផង​ដែរ​»។​

ប្រេង

ប្រទេស ​ឥណ្ឌា ​បាន​នាំចូល​ជាង ​៨០ ​ភាគរយ ​នៃ​តម្រូវការ​ប្រេង​ឆៅ​របស់​ខ្លួន និង​បាន​បញ្ឈប់​ការ​ទិញ​​ប្រេង​ពី​ប្រទេស​ ​វ៉េណេស៊ុយអេឡា និង​អ៊ីរ៉ង់ ស្ថិត​ក្រោម​សម្ពាធ​អាមេរិក​។​

ទីក្រុង​ញូវដែលី​ពី​មុន​បាន​ទទួល​ការ​​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ពី​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ទិញ​​ប្រេង​ពី​​អ៊ីរ៉ង់ ប៉ុន្តែ​ការ​លើកលែង​ទាំង​នេះ​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃទី ​១ ​ខែ ​ឧសភា​។​

ការ​ផុត​កំណត់​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស ​ឥណ្ឌា ​ស្វែងរក​ប្រភព​ប្រេង​ពី​កន្លែង​ផ្សេង​ទៀត ដែល​រួមមាន​ទាំង​ពី​​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត ជា​ដើម​។​

ឯកអគ្គ​រដ្ឋទូត​ប្រទេស ​ឥណ្ឌា​ ​ប្រចាំ​នៅ​អាមេរិក លោក​ Harsh Vardhan Shringla កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​​គួរ​តែ​មិន​​ចង់​ឃើញ​ការ​ផ្លាស់ប្តូរ​មួយ​ឆ្ពោះ​ទៅ​រក​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង​​​នៅ​ក្នុង​​មធ្យោបាយ​ណា​មួយ​ សម្រាប់​មូលហេតុ​ធម្មតា​ ដែល​​យើង​ពឹង​ផ្អែក​ខ្លាំង​លើ​ស្ថិរភាព​នៅ​ក្នុង​ផ្នែក​នោះ​នៃ​ពិភព​លោក»។

ធនាគារ​ស្រមោល​

វិបត្តិ​សន្ទនីយភាព ដែល​បាន​ជំរុញ​ដោយ​ការ​ក្ស័យធន​កាល​ពី​ឆ្នាំ​មុន​​របស់​​ក្រុមហ៊ុន​ហិរញ្ញវត្ថុ IL&FS បាន​បង្ហាញ​ពី​របៀប​ដែល​វិស័យ​ធនាគារ​ស្រមោល​របស់​ប្រទេស ​ឥណ្ឌា​ បាន​ខកខាន​លើ​ការ​ទូទាត់​។​

លោក Modi បាន​រឹបអូស​យក​ក្រុមហ៊ុន​នេះ​មក​គ្រប់គ្រង​​ ដើម្បី​ទប់​ស្កាត់​វិបត្តិ​ ​ហើយ​ធនាគារ​កណ្ដាល​បាន​បង្កើត​ការ​ត្រួត​ពិនិត្យ​ដាច់​ដោយ​ឡែក​មួយ និង​ស្ថាប័ន​បទប្បញ្ញត្តិ​ក្នុង​ការ​បន្ធូរ​​បន្ថយ​វិបត្តិ​សន្ទនីយភាព​​។​

សេចក្ដី​រាយការណ៍​នៅ​ក្នុង​ព័ត៌មាន​ពាណិជ្ជកម្ម​ប្រចាំ​ថ្ងៃ​របស់​​​ឥណ្ឌា បាន​បញ្ជាក់​ថា ធនាគារ​កណ្ដាល​នឹង​​ជួប​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ពិភាក្សា​​ពី​សន្ទនីយភាព​ និង​​បញ្ហា​របស់​វិស័យ​ធនាគារ​ស្រមោល​នៅ​ពេល​​​លោក Modi បង្កើត​​គណៈ​រដ្ឋមន្ដ្រី​របស់​លោក៕​ AFP/LA​