ទីក្រុងប៉ារីសៈ លោក Bruno Le Maire រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសបារាំងបាននិយាយថា ប្រទេសបារាំងនឹងឲ្យប្រទេសស៊ូដង់ខ្ចីប្រាក់ ១,៥ ពាន់លានដុល្លារដើម្បីជួយប្រទេសក្នុងតំបន់អាហ្វ្រិកមួយនេះឲ្យសងបំណុលដ៏ច្រើនរបស់ខ្លួនដល់មូលនិធិរូបិយបណ្ណរបស់អន្តរជាតិ (IMF) ពេលដែលប្រទេសនេះរើខ្លួនចេញពីការគ្រប់គ្រងដោយរបបផ្តាច់ការអស់ជាច្រើនទស្សវត្សរ៍។
លោក Le Maire បាននិយាយនៅពេលបើកសន្និសីទអន្តរជាតិមានបំណងជួយប្រទេសស៊ូដង់ក្នុងការឆ្លងទៅកាន់រដ្ឋាភិបាលប្រជាធិបតេយ្យថា៖ «លោក ប្រធានាធិបតី Macron នឹងបញ្ជាក់បន្ថែមថា ប្រទេសបារាំងនឹងផ្តល់កម្ចី ១,៥ ពាន់លានដុល្លារ ដើម្បីជម្រះបំណុលលើសកាលកំណត់ដែលជំពាក់ IMF»។
នាយករដ្ឋមន្ត្រី ស៊ូដង់ លោក Abdalla Hamdok កំពុងចូលរួមសន្និសីទនៅទីក្រុងប៉ារីស ស្វែងរកជំនួយដើម្បីដោះបំណុលបរទេសចំនួន ៦០ ពាន់លានដុល្លារ និង សង្ឃឹមផងដែរថា នឹងធានាដល់កិច្ចព្រមព្រៀងវិនិយោគ។
លោក Hamdok កំពុងជំរុញដើម្បីស្ថាបនាឡើងវិញ និងកែទម្រង់ សេដ្ឋកិច្ចដែលខ្ទិចខ្ទាំងយ៉ាងខ្លាំងនិង បញ្ចប់ភាពឯកោពីអន្តរជាតិរបស់ប្រទេសស៊ូដង់ ដែលស្ថិតនៅក្រោមអតីតៈបុរសខ្លាំង Omar al-Bashir ដែលការគ្រប់គ្រងអស់រយៈពេល ៣ ទសវត្សរ៍បានធ្វើឲ្យមានភារលំបាកដល់វិស័យសេដ្ឋកិច្ច និង ទទួលទណ្ឌកម្មអន្តរជាតិ។
លោក Le Maire បាននិយាយថា ការកសាងទីផ្សារប្រកបដោយការទាក់ទាញនិងនឹងធឹងឡើងវិញ ត្រូវការពេលវេលា ប៉ុន្តែថ្ងៃនេះ ខ្ញុំសង្ឃឹមថាយើងនឹងបញ្ចុះបញ្ចូលវិនិយោគិនឯកជនដែលសំខាន់សម្រាប់ធុរកិច្ច គឺនៅទីនោះទាំងអស់»។
នៅថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងចូលរួម Hamdok និងអ្នកដឹកនាំអាហ្រិ្វកពីកិច្ចប្រជុំកំពូលសេដ្ឋកិច្ច សម្រាប់ទ្វីបនោះ ដោយសង្ឃឹមថាបំពេញភាពខ្វះចន្លោះហិរញ្ញវត្ថុជិត ៣០០ ពាន់លានដុល្លារបណ្តាលមកពីការរីករាលដាលកូវីដ១៩»៕ RR