ក្រុង​វ៉ាស៊ីនតោនៈ ដោយ​មាន​ទំហំ​​ច្រើន​ជាង​សេដ្ឋកិច្ច​របស់​ខ្លួន បំណុល​ជាតិ​របស់​សហរដ្ឋ​អាមេរិក​​បាន​កើន​ឡើង​ដល់​ ២២​ ពាន់​ពាន់​លាន​ដុល្លារ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ថ្មី​មួយ​​ស្ថិត​ក្រោម​​​​​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ប៉ុន្តែ​​គណបក្ស​សាធារណ​រដ្ឋ​ដែល​ជា​ធម្មតា​រិះគន់​ប្រឆាំង​នឹង​បំណុល និង​ឱនភាព​នោះ ​បាន​រក្សា​ភាព​ស្ងប់ស្ងាត់។​

ចំនួន​ប្រាក់​​កម្ចី​ដែល​យក​មក​ប្រើប្រាស់​ដើម្បី​រ៉ាប់រង​លើ​ឱនភាព​ថវិកា​ដ៏​រ៉ាំរ៉ៃ ព្រម​ទាំង​ការ​ទូទាត់​អត្រា​ការ​ប្រាក់​ដែល​កើន​ឡើង​នោះ​ គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​កំណើន​បំណុល​នេះ។

បំណុល​ដ៏​ច្រើន​នេះ​​ មាន ​១៩,​៩៥ ពាន់​ពាន់​លាន​ដុល្លារ​រួច​ស្រាប់​ទៅ​ហើយ​នៅ​ពេល​លោក ត្រាំ បាន​ចូល​កាន់​តំណែង​ដែល​កើន​ឡើង​ដល់​​ស្មើ​ផលិតផល​ក្នុង​ស្រុក​សរុប (ផ.ស.​ស) របស់​អាមេរិក​​ជា​លើក​ដំបូង​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ ។​

បើ​ធ្វើ​ការ​​​ប្រៀបធៀប​គ្នា បំណុល​របស់​ប្រទេស បារាំង ដែល​ក៏​មាន​ទំហំ​​ប្រហែល​ទៅ​​​នឹង ផ.ស.ស របស់​ខ្លួន​ដែរ​​​នោះ មាន​ចំនួន​តិច​ជាង ​២,៣ ​ពាន់​​ពាន់​លាន​អឺរ៉ូ (​ប្រហែល​ ២,៦ ​ពាន់​ពាន់​លាន​ដុល្លារ​) នៅ​ចុង​ខែ​កញ្ញា​ បើ​ធៀប​នឹង​អាមេរិក។

ការ​កាត់​បន្ថយ​ពន្ធ​សាជីវកម្ម​ដ៏​ច្រើន ដែល​លោក​ ត្រាំ បាន​ជំរុញ​ឲ្យ​មាន​​កាល​ពី​ចុង​ឆ្នាំ​ ២០១៧ និង​ការ​បង្កើន​ការ​ចំណាយ ជា​ពិសេស​លើ​ការ​ការពារ​ជាតិ បាន​​បង្កើន​​ឱនភាព​សារពើ​ពន្ធ​សម្រាប់​សេដ្ឋកិច្ច​ឈាន​មុខ​គេ​របស់​ពិភព​លោក​មួយ​នេះ។​

លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​សប្ដាហ៍​មុន​ថា​៖ «​​ប្រសិន​បើ​យើង​មិន​​មាន​យោធា​ដ៏​រឹងមាំ​ អ្នក​មិន​​ត្រូវ​បារម្ភ​អំពី​បំណុល​ឡើយ។​ អ្នក​មាន​បញ្ហា​កាន់​តែ​ធំ​»។​

ក្រុម​មន្ដ្រី​រដ្ឋាភិបាល​បន្ត​អះអាង​ថា ការ​កាត់បន្ថយ​​ពន្ធ​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​​បង្កើន​ឱនភាព សារពើ​ពន្ធ​ចំនួន ១,៥ ​ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​​ពេល​ ១០ ឆ្នាំ​នោះ នឹង​ចំណាយ​សម្រាប់​ខ្លួន​ឯង​ទៅ​វិញ​ទេ​​តាមរយៈ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ​និង​ហើយ​ដូច្នេះ​​​បង្កើន​ប្រាក់​ចំណូល​ពន្ធ។​

ប៉ុន្តែ​ទោះ​បី​ជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​មុន​ក្តី​ក៏​ឱនភាព​ថវិកា​បាន​កើន​ឡើង​ ១៧ ​ភាគរយ​ ដល់ ​៧៧​៩ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ដែល​​ឱនភាព​អាក្រក់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ​២០១២ មក ហើយ​យោង​តាម​ការិយាល័យ​ថវិកា​សភា (CBO) ដែល​​មិន​​ប្រកាន់​បក្ស​សម្ព័ន្ធ ឱនភាព​ថវិកា​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ​ដល់ ៩០០ ​ពាន់​លាន​ដុល្លារ​៕ AFP/LA