ក្រុងវ៉ាស៊ីនតោនៈ ក្រុមមន្ដ្រី​ប្រតិបត្តិ​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ជាច្រើន​ទទួលបាន​ប្រាក់បៀវត្សរ៍​ច្រើនជាង​និយោជិត​របស់​ក្រុមហ៊ុន​របស់​ពួកគេ​ចំនួន ២៧៨ ​ដង ហើយ​គម្លាត​នេះ​បន្ត​រីក​កាន់តែ​ធំ​។ នេះ​បើ​យោង​តាម​ការសិក្សា​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​។

ការសិក្សា​មួយ​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​គោលនយោបាយ​សេដ្ឋកិច្ច (EPI) បាន​ឲ្យ​ដឹងថា ប្រាក់​ដែល​ត្រូវ​បង់​ទៅ​ឲ្យ​ប្រធាន​នាយក​ប្រតិបត្តិ (CEO) ជា​មធ្យម​ក្នុង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ចំនួន ៣៥០ ​ក្រុមហ៊ុន​កាលពី​ឆ្នាំ​ ២០១៨ មាន​ចំនួន ១៧,២ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​រួមទាំង ជម្រើស​ភាគហ៊ុន​ដែល​ជា​ទូទៅ​មាន​ចំនួន ២ ​ភាគ​ ៣ នៃ​កញ្ចប់​ទូទាត់​របស់​ពួកគេ​។

គម្លាត​ទូទាត់​សម្រាប់ CEO និង​បុគ្គលិក-កម្មករ​កើន​ពី ៥៨ ​ដង​នៅ​ឆ្នាំ ១៩៨៩ និង ២០ ​ដង​នៅ​ឆ្នាំ​ ១៩៦៥​។ នេះ​បើតាម​ក្រុមប្រឹក្សា​យោបល់ EPI ដែល​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ប្រឈម​របស់​បុគ្គលិក-កម្មករ​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។

ចាប់ពី​ឆ្នាំ​ ១៩៧៨ ដល់​ឆ្នាំ ២០១៨ កញ្ចប់​ទូទាត់​សម្រាប់ CEO បាន​កើន​ជាង ១០០០ ​ភាគរយ​ជាមួយ​នឹង​រង្វាន់​ជា​ភាគហ៊ុន​កាន់តែ​ច្រើន​ឡើងៗ ខណៈ​ដែល​ប្រាក់ខែ​បុគ្គលិក-កម្មករ​បាន​កើនឡើង​ក្រោម ១២ ​ភាគរយ​។

ការសិក្សា​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការកើនឡើង​ប្រាក់​កញ្ចប់​ទូទាត់​សម្រាប់ CEO និង​ប្រាក់​កញ្ចប់​ទូទាត់​សម្រាប់​មន្ដ្រី​ប្រតិបត្តិ​ជាទូទៅ​បាន​ជំរុញ​ឲ្យ​កំណើន​ប្រាក់ចំណូល ១ ភាគរយ និង ០,១ ​ភាគរយ​រៀង​គ្នា​ដែល​បណ្ដាល​ឲ្យ​ការទទួល​បាន​ផ្លែផ្កា​កាន់តែ​តិច​នៃ​កំណើន​សេដ្ឋកិច្ច​សម្រាប់​កម្មករ​ធម្មតា និង​បង្ក​ឲ្យ​មាន​កំណើន​គម្លាត​រវាង​អ្នកមាន​ប្រាក់ចំណូល​ខ្ពស់បំផុត និង​ទាប​បំផុត​»​។ ការសិក្សា​នេះ​បន្ត​ថា​៖ «​សេដ្ឋកិច្ច​នឹង​មិន​ទទួលរង​ផលប៉ះពាល់​នោះទេ ប្រសិន​បើ CEO ទទួលបាន​ប្រាក់ខែ​កាន់តែ​តិច (​ឬ​បង់ពន្ធ​កាន់តែ​ច្រើន​) នោះ​»​។

ការសិក្សា​នេះ​បាន​រកឃើញ​ទៀតថា ការកើនឡើង​ប្រាក់ខែ «​មិន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​តម្លៃ​ជំនាញ​នោះទេ ប៉ុន្តែ​ជា​ការប្រើប្រាស់​របស់ CEO នូវ​អំណាច​របស់​ពួកគេ​ក្នុង​ការកំណត់​ប្រាក់ខែ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ហើយ​អំណាច​ដែល​កើនឡើង​នៅ​ថ្នាក់​គ្រប់គ្រង​ថ្នាក់ខ្ពស់​នេះ​កំពុង និង​ជំរុញ​ឲ្យ​មាន​កំណើន​វិសមភាព​នៅក្នុង​ប្រទេស​របស់​យើង​»៕ LA