កណ្តាលៈ ក្រសួងពាណិជ្ជកម្មរំពឹងថា ផ្សារពាណិជ្ជកម្មចិនដែលបានបើកដំណើរការកាលពីថ្ងៃម្សិលមិញនឹងជួយលើកកម្ពស់ទំនិញក្នុងស្រុក។ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ ដែលបានចូលរួមក្នុងពិធីសម្ពោធបើកដំណើរការផ្សារពាណិជ្ជកម្ម ចេឌូបាយី កម្ពុជា-ចិន កាលពីម្សិលមិញបានឲ្យដឹងថា វត្តមានរបស់ផ្សារពាណិជ្ជកម្មចិននឹងផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា។
លោកថ្លែងថា៖ «ផ្សារនេះនឹងស្រូបយកទំនិញក្នុងស្រុកដែលផលិតដោយសហគ្រាសធុន-តូច និងមធ្យមដើម្បីជំរុញការនាំចេញ។ លើសពីនេះផ្សារនេះនឹងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន លើកកម្ពស់វិស័យទេសចរណ៍ជាតិព្រមទាំងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ថែមទៀត»។
ផ្សារពាណិជ្ជកម្ម ចេឌូបាយី កម្ពុជា-ចិន មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកស្រី ចាង យីង អនុប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្តស៊ីឈួនប្រទេសចិន ដែលបានចូលរួមក្នុងពិធីបើកសម្ពោធផ្សារនេះដែរបានឲ្យដឹងថា ការវិនិយោគបង្កើតផ្សារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺដើម្បីធ្វើគំរូផ្សារលើកដំបូងរបស់ខេត្តស៊ីឈួនក្នុងតំបន់អាស៊ានសំដៅឆ្លើយតបនឹងគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ។
បច្ចុប្បន្នប្រទេសចិនបានក្លាយជាដៃគូវិនិយោគធំបំផុតនៅកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិននៅក្នុងឆ្នាំ ២០១៧ សម្រេចបាន ៥,៨ ពាន់លានដុល្លារក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ១ ពាន់លានដុល្លារ និងនាំចូលពីចិនមានចំនួន ៤,៧ ពាន់លានដុល្លារ៕ LA