ភ្នំពេញៈ ​ក្រុម​ហ៊ុន​ផ្សារ​មូល​បត្រក​ម្ពុជា ​(CSX) ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ ប្រព័ន្ធ​ជួញ​ដូរ​ចល័ត​សម្រាប់​ការ​ជួញ​ដូរ​មូល​បត្រកម្ម​សិទ្ធ ​ដើម្បី​ជំរុញ​ការ​ជួញ​ដូរ​មូល​បត្រ​កម្ម​សិទ្ធ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ CSX​។

ប្រព័ន្ធ​ជួញ​ដូរ​ចល័ត​នេះ​​ នឹង​ដាក់​ដំណើរ​ការ​នៅ​​ថ្ងៃទី ​២៥ ​ខែមិ​ថុនា ​ឆ្នាំ២​០១៨ ​ ហើយ​ដើម្បី​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ ​វិនិ​យោ​គិន​ត្រូវ​មាន​គណនី​ជួញ​ដូរ​នៅ​ក្រុម​ហ៊ុន​មូល​បត្រ​ណាមួ​យ ​ដែល​ជា​សមា​ជិក​របស់ ​CSX ​និង​បាន​ ចុះ​ឈ្មោះជា​មួយ​ផ្សារ​ហ៊ុន​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ប្រព័ន្ធ​នេះ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​បឋម​នេះ ​ហើយ​នឹង​ត្រូវ​បន្ត​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​ បន្ទាប់​ពី​ការ​ប្រកាស​ដាក់​ដំណើរ​ការ​ជាផ្លូវ​ការ​ដែល​នឹង​ប្រកាស​នៅ​ពេល​ក្រោយ​។

ប្រព័ន្ធ​ជួញ​ដូរ​ចល័ត ​គឺ​ជា ​ប្រព័ន្ធ​ជួញ​ដូរ​តាម​អ៊ិន​ធឺណេត​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ក្រោម​ការ​ជួយ​គាំទ្រ​ពី​សំណាក់​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ ​ដោយ​ដំណើរ​ការ​នៅ​លើ ​web ​browser​ ដែល​មាន​ស្រាប់​នៅ​លើស្មា​តហ្វូន ​និង​ថេ​បប្លេត​។ ​ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាត​ឲ្យ​វិនិ​យោ​គិន​ដាក់​ការ​បញ្ជាជួ​ញដូ​រ កែប្រែ​ និង​លុប​ចោល​ការ​បញ្ជា​របស់​ខ្លួន​បាន​ដោយ​ខ្លួន​ឯង​។

វិនិ​យោ​គិន​ក៏អាច​តាម​ដាន​មើល​ទិន្ន​ន័យ​ទីផ្សារ ​សេចក្តី​ជូន​ដំណឹង​របស់​ក្រុម​ហ៊ុន​ចុះ​បញ្ជី​លក់​មូល​បត្រ​ និង របស់​ផ្សារ​ហ៊ុន​ ព្រម​ទាំង​ព័ត៌​មាន​ផ្សេង​ទៀត​ដែល​ផ្តល់​ដោយ​សមា​ជិក​របស់​ផ្សារ​ហ៊ុន​កម្ពុជា​ផង​ដែរ។

គេ​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ ​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់ ​https://mts.csx.com.kh រួច​អនុ​វត្ត​តាម​ការ​ណែនាំ​។