ក្រុងហូជីមិញៈ ព្រលានយន្តហោះទាំង ២១ ក្នុងប្រទេសវៀតណាមបានទទួលអ្នកដំណើរលើសសមត្ថភាព ដោយចំនួនអ្នកដំណើរត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ជាង ១១២ លាននាក់នៅឆ្នាំនេះ ខណៈដែលសមត្ថភាពមានតែ ៩៦,០៥ លាននាក់។
នៅឆ្នាំមុនព្រលានទាំងនេះទទួលបានអ្នកដំណើរចំនួន ១០៣,៥ លាននាក់។
ព្រលានយន្តហោះអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញទទួលរងការកកស្ទះចរាចរណ៍រ៉ាំរ៉ៃទាំងនៅខាងក្នុង និងខាងក្រៅ បើទោះជាមានកិច្ចប្រឹងប្រែងរបស់គណៈកម្មការប្រជាជនរបស់ទីក្រុងនេះ ក្រសួងដឹកជញ្ជូន និងទីភ្នាក់ងារផ្សេងៗទៀតក្តី។
អាជ្ញាធរព្រលានយន្តហោះមិនទាន់បានកំណត់រកក្រុមហ៊ុនសាងសង់សម្រាប់សាងសង់ស្ថានីយអ្នកដំណើរទី ៣ នៅឡើយទេ។ ស្ថានីយថ្មីនេះនឹងត្រូវបានរចនាដើម្បីទទួលអ្នកដំណើរ ២០ លាននាក់ក្នុង ១ ឆ្នាំដែលជួយដោះស្រាយការកកស្ទះចរាចរណ៍ និងអភិវឌ្ឍព្រលាននេះស្របតាមផែនការមេដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល។
ការទទួលអ្នកដំណើរហួសសមត្ថភាពនេះគឺជាហេតុផលដែលធ្វើឲ្យមិនមានការផ្តល់ទីតាំងបន្ថែមដល់ក្រុមហ៊ុនអាកាសចរណ៍បរទេស ឬក្នុងស្រុកនៅព្រលានអន្តរជាតិនេះ។
ការទទួលអ្នកដំណើរហួសសមត្ថភាពគឺជាបញ្ហាធ្ងន់ធ្ងរមួយផងដែរនៅព្រលានមួយចំនួនក្នុងចំណោមព្រលានយន្តហោះអន្តរជាតិផ្សេងៗដូចជាព្រលាន Cam Ranh នៅខេត្តកាញ់ហាវ (Khanh Hoa) និងព្រលានយន្តហោះក្នុងខេត្តដាណាង ដែលស្ថិតនៅភាគកណ្តាល។
ព្រលាន ដាណាង ដែលមានសមត្ថភាពទទួលអ្នកដំណើរបាន ១០ លាននាក់ក្នុង ១ ឆ្នាំ តែទទួលអ្នកដំណើរ ១៣,២ លាននាក់កាលពីឆ្នាំមុន។
ព្រលាន Cam Ranh ដែលមានសមត្ថភាពទទួលអ្នកដំណើរបាន ៦,៥ លាននាក់កាលពីឆ្នាំមុនទទួលអ្នកដំណើរចំនួន ៨,២ លាននាក់។
ចំនួនអ្នកដំណើរដែលប្រើព្រលានផ្សេងៗដូចជាព្រលាន Tho Xuan នៅខេត្តថាញ់ហាវ ព្រលាន Cat Bi នៅទីក្រុងហាយហ្វុង ព្រលាននៅទីក្រុង Vinh ព្រលាន Phu Cat នៅខេត្តប៊ីញឌីញ និងព្រលាន Tuy Hoa នៅខេត្តគីញ៉ុន ក៏បានកើនឡើងដល់កម្រិតពេញសមត្ថភាពផងដែរ៕ ANN/KC