ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បន្ថែមទៀត​ពី​ខេត្ត​ហូណាន ប្រទេស​ ចិន ដើម្បី​ចាប់យក​ឱកាស​នៅក្នុង​វិស័យ​សក្ដានុពល​ជាច្រើន​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​សម្រេច​បាន​ ១០ ​ពាន់​លាន​ដុល្លារ ​ត្រឹម​ឆ្នាំ​ ២០២៣ ដែល​ជា​ការប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​ប្រទេស​ទាំង​ ២​។

ការអំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅក្នុង​ពិព័រណ៍​ការផ្សព្វផ្សាយ​ការវិនិយោគ និង​គ្រឿង​ម៉ាស៊ីន​ខេត្ត​ហូណាន​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ដល់​ពាណិជ្ជករ និង​វិនិយោគិន​រាប់ពាន់​នាក់​មកពី​ខេត្ត​នេះ​ដែល​បាន​ដឹកនាំ​ដោយ​លោក Du Jiahao លេខាធិការ​គណៈកម្មាធិការ​គណបក្ស​កុម្មុយនីស្ដ​នៃ​ខេត្ត​ហូណាន​របស់​ប្រទេស​ចិន​។

លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ជា​វេទិកា​ដ៏សំខាន់​មួយ ដើម្បី​ផ្ដល់​ការចូលរួម​ដោយផ្ទាល់​រវាង​ពាណិជ្ជករ និង ​វិនិយោគិន​ចាប់ពី​ខេត្ត​ ហូណាន ​ដល់​សហគមន៍​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ចែករំលែក​ព័ត៌មាន និង​ស្វែងរក​ឱកាស​អាជីវកម្ម និង​ការវិនិយោគ​សម្រាប់​ការវិនិយោគ​រួម ឬ​ដើម្បី​វិនិយោគ​នៅ​ទីនោះ​។ ​

លោក​បាន​ថ្លែងថា​៖ «​សន្ដិភាព ស្ថិរភាព​នយោបាយ ព្រមទាំង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​កំពុង​រួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការបង្កើត​ទំនាក់ទំនង​ដ៏រឹងមាំ​រវាង​កម្ពុជា និង​ចិន ជាពិសេស​ការ​ដំណើរការ​គំនិត​ផ្តួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​ដោយ​មេដឹកនាំ​ចិន​ កាលពី​ឆ្នាំ​ ២០១៣ បានរួម​ចំណែក​ជាច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​»​។

លោក​បាន​ថ្លែងថា ចិន​បាន​ក្លាយ​ជា​ដៃគូ​ដ៏សំខាន់​មួយ​លើ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា ចំណែកឯ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង​ដល់​ប្រហែល​ ៧ ​ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ ២៨ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ជាមួយ​គ្នា​នេះដែរ​លោក​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ការវិនិយោគ​ផ្ទាល់​បរទេស​ (FDI) ​ដែល​បានអនុម័ត ការវិនិយោគ​មកពី​ចិន​មាន​ចំនួន​ ៧០ ​ភាគរយ​នៃ FDI ហើយ​ភ្ញៀវទេសចរ​ចិន​ប្រហែល​ ២ ​លាន​នាក់​បានមក​ទស្សនា​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន​។

លោក​លើកឡើង​ថា​៖ «​ការកើនឡើង​ដោយ​វិជ្ជមាន​នេះ​គឺជា​សម្ទុះ​ក្នុង​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ឧស្សាហកម្ម​ ២០១៥ ឆ្នាំ​ ២០២៥ របស់​ប្រទេស​កម្ពុជា និង​ជួយ​ក្នុង​ការរក្សា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក្នុង​អត្រា​ ៧ ​ភាគរយ​ក្នុង​រយៈពេល​វែង​នៅពេល​អនាគត​ដ៏ខ្លី​»​។

លោក​បន្តថា​៖ «​ការណ៍​នេះ​ក៏​នឹង​បើកផ្លូវ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​សម្រេច​បាន​ការក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​​កម្រិត​ខ្ពស់ ​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០ ​ផងដែរ​»​។

លោក Du Jiahao បាន​ឲ្យ​ដឹងថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​កំពុង​ដើរតួនាទី​ដ៏សំខាន់​សម្រាប់​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន និង​មាន​ការវិនិយោគ​ជាច្រើន​មកពី​ខេត្ត​ហូណាន​មក​កម្ពុជា​តាម​គំនិត​ផ្តួចផ្តើម​នេះ​។

លោក​ថ្លែង​ថា​៖ «​ត្រឹម​ខែ​កញ្ញា​ឆ្នាំនេះ យើង​មាន​ក្រុមហ៊ុន​ប្រហែល​ ៣៧ មកពី​ខេត្ត​ហូណាន​កំពុង​វិនិយោគ​នៅ​កម្ពុជា​ដោយ​មាន​ទុនវិនិយោគ​ប្រហែល​ ៥០០ ​លាន​ដុល្លារ និង​ប្រជាជន​ខេត្ត​ហូណាន​ជាង​ ៣០ ០០០ ​នាក់​ កំពុង​ធ្វើការងារ​នៅ​កម្ពុជា​នៅពេល​នេះ​»​។ លោក​បន្តថា​៖ «​លទ្ធផល​នេះ​បាន​ពី​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​មេដឹកនាំ​របស់​ប្រទេស​ទាំង​ ២»​។

លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា រហូត​មក​ដល់​ពេលនេះ​ប្រទេស​ ចិន បាន​ផ្ដល់​កម្ចី​ការប្រាក់​ទាប​ដល់​កម្ពុជា​មាន​ចំនួន​ជាង ២,៨៩ ​ពាន់​លាន​ដុល្លារ សម្រាប់​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ផ្លូវថ្នល់ ស្ពាន និង​កំពង់ផែ​នៅ​កម្ពុជា ដែល​ជា​ឆ្អឹងខ្នង​ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​។

លោក​បញ្ជាក់ថា​៖ «​គំនិត​ផ្តួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ និង​ការបង្កើត​ធនាគារ​វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែល​កម្ពុជា​ក៏​ជា​សមាជិក​ស្ថាបនិក​របស់​ធនាគារ​នេះ​ផងដែរ ក៏​គាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា ទំនប់​វារីអគ្គិសនី កំពង់ផែ និង​ជាពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​»​។

លោក ស៊ុន ចាន់ថុល លើកឡើង​ថា​៖ «​ជាមួយ​នឹង​ទីតាំង​ភូមិសាស្ដ្រ​ល្អ​ដែល​ស្ថិតនៅ​ភាគ​កណ្ដាល​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ កម្លាំង​ពលកម្ម​វ័យក្មេង និង​តម្លៃ​ទាប ព្រមទាំង​ការបើកចំហ​ច្បាប់​វិនិយោគ យើង​ស្វាគមន៍ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការវិនិយោគ និង​ក្រុមហ៊ុន​កាន់តែ​ច្រើន​មកពី​ខេត្ត​ហូណាន ដើម្បី​ចាប់យក​ឱកាស​ដ៏អស្ចារ្យ​នេះ​នៅក្នុង​ប្រទេស​ កម្ពុជា​»៕LA