ក្រុង​វ៉ាស៊ីនតោនៈ មន្ដ្រី​ជាន់​ខ្ពស់អា​មេរិក​មួយរូប​បាន​ឲ្យដឹង​កាល​ពី​ថ្ងៃអង្គារ​ថា លោក​ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង នឹង​ពិ​ភាក្សាអំពី​​ពាណិជ្ជ​កម្ម​នៅក្រៅជំនួប​​នៃ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​មាន​សេដ្ឋ​កិច្ចរីកចម្រើនទាំង​ ២០ (G-20) នៅ​ប្រទេស​អាហ្សង់ទីន​​នៅខែ​នេះ។

​លោក Larry Kudlow ទី​ប្រឹក្សា​សេដ្ឋ​កិច្ចជាន់​ខ្ពស់​នៅសេត​វិមាន​បាន​ឲ្យដឹងថា កិច្ចខិត​ខំ​​ប្រឹង​ប្រែង​កម្រិត​ខ្ពស់​នានា​ ​នឹងបន្ត​ដោះស្រាយបញ្ហា​​សង្គ្រាម​ពាណិជ្ជ​កម្ម​អាមេរិក និងចិន​ ​និងបន្ទាប់​ពី​មានការ​​ទូរស័ព្ទ​ទាក់ទង​គ្នា​​របស់​លោក ត្រាំ ទៅ​​លោក ស៊ី នៅពេលថ្មីៗ​នេះ។

លោក​ Kudlow បាន​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌​មាន​​ CNBC ថា៖ «​នៅពេលនេះ​យើង​កំពុងទាក់ទង​នៅ​​គ្រប់​កម្រិត​ទាំង​អស់​របស់​​អាមេរិក និងរដ្ឋាភិបាលចិន»។

​លោកមាន​ប្រសាសន៍ថា​៖ «​នៅពេលនេះយើង​ដឹងថា តាម​ពិត​យើង​នឹង​ពិ​ភាក្សា​ពាណិជ្ជ​កម្មនៅ​ក្នុង​កិច្ច​ប្រជុំ G-20 ​នៅ​ក្នុង​ប្រទេស​អាហ្សង់​ទីន។ យើង​មិន​បានដឹងបញ្ហា​នោះពី​មុន​ទេ​ ប៉ុន្តែ​វា​​​ច្បាស់លាស់»។

លោក ត្រាំ គ្រោង​នឹង​ទៅដល់​ទី​ក្រុង​​ប៊ុយណូស៊ែ នៅថ្ងៃទី​ ២៩ ខែ​ វិច្ឆិកា សម្រាប់​កិច្ចប្រជុំ​កំពូល G-20 ដែល​នឹង​ផ្ដល់​ឱកាស​ដល់​រូប​លោក​​សម្រាប់​​កិច្ចប្រជុំ​ទល់​មុខ​គ្នា​ ដើ​ម្បី​កាត់​​បន្ថយ​ភាព​តានតឹង​​ផ្នែក​ពាណិជ្ជ​កម្ម។

ក្រុម​ហ៊ុនរបស់អាមេរិក​ធំៗ​ជាច្រើន​បាន​ឲ្យដឹងថា ពួកគេ​​កំពុង​បង្កើន​តម្លៃ​ និង​ប្រឈម​​ការចំណាយ​កាន់​តែ​ខ្ពស់​ ដោយសារតែ​សង្គ្រាម​ពាណិជ្ជ​កម្ម ដែល​ទី​ក្រុង​វ៉ាស៊ីនតោន​ បានហូត​ពន្ធលើ​ទំនិញ​​នាំចូល​ពី​ប្រទេស​ចិន​​​ក្នុងតម្លៃ​ជាង​ ២៥០ ពាន់​​លាន​ដុល្លារ ។ ប្រទេសចិន​​​បាន​វាយ​បក​វិញ​ជា​មួយនឹង​ពន្ធ​នាំចូល​​លើទំនិញ​អាមេរិក​​ក្នុងតម្លៃ​ ១១០ ពាន់​លាន​ដុល្លារ។

អត្រា​ពន្ធ​លើ​​ការ​នាំចូល​ ២០០ ពាន់​លានដុល្លារ​ គ្រោង​នឹង​បង្កើនពី ​​១០​ ភាគ​រយ​នៅ​ពេល​បច្ចុប្បន្ន​ដល់ ២៥​ ភាគរយ​ធៀប​ ហើយ​លោក ត្រាំ ​គំរាម​កំហែង​ថា នឹង​ហូ​តពន្ធ​​នាំចូល​បន្ថែមលើ​ទំនិញ​របស់​ប្រទេស​ចិន​ក្នុង​តម្លៃ ២៦៧ ពាន់​លានដុល្លារ​​ផ្សេងទៀត៕ AFP/LA