ភ្នំពេញ: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) នឹង​ស្វែងរក​មធ្យោបាយ​ងាយស្រួល​ក្នុង​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​តម្រូវ​នៃ​ការបញ្ចេញ​កម្ចី​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank) ដើម្បី​ផ្ដល់​ដល់​ពួកគេ​នូវ​ធនធាន​ហិរញ្ញវត្ថុ​បន្ថែមទៀត​ក្នុង​ការបង្កើន​ការផលិត​។

លោក មាស សុខសែនសាន អ្នកនាំពាក្យ MEF បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា បន្ទាប់ពី​ក្រសួង​ត្រួតពិនិត្យ​ឡើងវិញ​ដំណើរការ​នៃ​ការបញ្ចេញ​មូលនិធិ សម្រាប់​ការជួយ​ដល់​ SME ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ ត្រូវ​បាន​ប្រើប្រាស់​កម្ចី​នេះ​មិនទាន់​អស់ពី​សមត្ថភាព​ពី SMEs ទាំងនោះ ដោយសារ​តែ​ពួកគេ​មិនទាន់​មាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​។

លោក​ថ្លែងថា​៖ «​យើង​បន្ត​ធ្វើ​ការងារ​លើ​ការបញ្ចេញ​មូលនិធិ​នេះ ដោយសារ​តែ​យើង​ចង់​មើលឃើញ​អ្វី​ដែល​ជា​ឧបសគ្គ​ចេញពី​ពួកគេ (SMEs) ក្នុង​ការទទួល​បាន​កម្ចី​នេះ​»​។ លោក​បន្តថា​៖ «​ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​ព្យាយាម​ឲ្យ​ពួកគេ​ចុះបញ្ជី​អាជីវកម្ម​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ប្រព័ន្ធ ដើម្បី​ឲ្យ​វា​មាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​»​។

លោក​បញ្ជាក់ថា​៖ «​ហើយ​រដ្ឋាភិបាល​នឹង​ខិតខំ​ក្នុង​ការជួយ​សម្រួល​ដល់ SMEs ទាំងនោះ​ឲ្យ​ទទួល​បាន​មូលនិធិ​នេះ​ដោយសារ​តែ​យើង​ចង់​ធ្វើឲ្យ​ពួកគេ​មាន​ភាពងាយស្រួល​ជាង​មុន​ក្នុង​ការទទួល​បាន​កម្ចី​នេះ​»​។

SME Bank ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​មាន​ទឹកប្រាក់​ ១០០ ​លាន​ដុល្លារ​ ជា​ហិរញ្ញប្បទាន​សម្រាប់​ផ្តល់​កម្ចី​ដល់ SME​។ កាលពី​ខែ​មេសា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់​ចេញ​នូវ​ផែនការ​ហិរញ្ញប្បទាន​រួម​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ឆ្នាំ​ ២០២០ (SCFS) របស់ខ្លួន​ជា​ការវិនិយោគ​រួមជាមួយ SME Bank និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​រួម​ជាមួយ​នឹង​ការដាក់​ឲ្យ​ដំណើរការ​សាកល្បង​របស់​ធនាគារ​នេះ​»​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​ថ្លែង​ថា ទោះបី​ជា​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ដំណើរការ​ SME Bank ក៏ដោយ ក៏​លក្ខខណ្ឌ​តម្រូវ​នៅតែ​ជា​របាំង​ដ៏សំខាន់​មួយ​សម្រាប់ SMEs ក្នុងស្រុក ក្នុង​ការទទួល​បាន​កម្ចី​នេះ​៕