ភ្នំពេញៈ លំហូរ​ចូល​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា​បាន​មើល​ឃើញ​ពី​កំណើន​ដ៏រឹងមាំ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ ដែល​ជំរុញ​ដោយ​កំណើន​នៃ​លំហូរ​ចូល​មូលនិធិ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​​អចលនទ្រព្យ ទោះបី​ជា​វិស័យ​កសិកម្ម និង​កាត់ដេរ​បាន​ធ្លាក់​ចុះ​ក៏ដោយ​។ នេះ​បើ​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​។

របាយការណ៍​ពាក់​កណ្ដាល​ឆ្នាំ​របស់ NBC បង្ហាញ​ថា​លំហូរ​ចូល FDI សរុប​មក​កម្ពុជា​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​មាន​ចំនួន ១,៣២ ពាន់​លាន​ដុល្លារ​កើនឡើង​ ១៤ ​ភាគរយ​ធៀប​នឹង ១,១៦ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

របាយការណ៍​របស់ NBC បាន​ឲ្យ​ដឹង​ថា​៖ «​វិស័យ​ធនាគារ និង​អចលនទ្រព្យ​បាន​មើលឃើញ​ពី​លំហូរ​ចូល​ដ៏រឹងមាំ​នៃ​ទុនវិនិយោគ​បរទេស ខណៈ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​បាន​ធ្លាក់​ចុះ​»​។

របាយការណ៍ NBC បន្ថែម​ថា​លំហូរ​ចូល FDI នៅក្នុង​វិស័យ​កាត់ដេរ​ក៏​បន្ត​ធ្លាក់​ចុះ​ដែរ ប៉ុន្តែ​មាន​កំណើន​នៅក្នុង​វិស័យ​មិនមែន​កាត់ដេរ​ដូចជា​ក្រុមហ៊ុន​ដំឡើង និង​ផលិត​គ្រឿង​អេឡិចត្រូនិក​ជាដើម​។ ​ទោះបី​យ៉ាង​នេះ​ក្តី​របាយការណ៍​របស់ NBC មិន​បាន​បែងចែក​ពី​ចំនួន FDI ទៅ​តាម​ផ្នែក​នីមួយៗ​នោះ​ទេ​។

របាយការណ៍​នេះ​បង្ហាញ​ថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នៅ​តែ​ជា​វិស័យ​គួរ​ឲ្យ​ទាក់ទាញ​ក្រុម​វិនិយោគ​បរទេស​មកពី​បណ្ដា​ប្រទេស​អាស៊ី​ភាគច្រើន រួម​មាន​ប្រទេស​ចិន​ដីគោក ទីក្រុង​ហុងកុង សិង្ហបុរី តៃវ៉ាន់ កូរ៉េ និង​ម៉ាឡេស៊ី​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា វា​ជា​និន្នាការ​មួយ​គួរ​ឲ្យ​ស្វាគមន៍​ដែល​លំហូរ​ចូល FDI នៅ​តែ​បន្ត​កើនឡើង​ក្នុង​អំឡុងពេល​ដែល​ប្រទេស​នេះ​កំពុង​រៀបចំ​ការបោះឆ្នោត​ជាតិ​។

ដោយ​ទទួល​ស្គាល់​ថា​ការធ្លាក់​ចុះ​ទុនវិនិយោគ​ក្នុង​វិស័យ​កាត់ដេរ​មិនមែន​ជា​ព័ត៌មាន​ល្អ លោក ម៉ី កល្យាណ ថ្លែង​ថា​និន្នាការ​នេះ​បាន​ស្ថិត​ក្រោម​ការ​ព្យាករ​រួច​ទៅ​ហើយ ដោយសារ​វិស័យ​នេះ​ស្ទើរតែ​ឈាន​ដល់​ចំណុច​កំពូល​របស់​ខ្លួន ហើយ​កំពុង​ប្រឈម​នឹង​ការចំណាយ​កាន់តែ​ខ្ពស់​លើ​ការផលិត​ផង​ដែរ​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​ថ្លែង​ថា​កំណើន​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ដំឡើង និង​ការផលិត​គ្រឿង​អេឡិចត្រូនិក​គឺជា​ព័ត៌មាន​ដ៏ល្អ​ដោយសារ​វា​បង្ហាញ​ការធ្វើ​ពិពិធ​កម្មវិស័យ​​ឧស្សាហកម្ម​របស់​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​យើង​យល់​ពី​អត្ថប្រយោជន៍​របស់​វិស័យ​កាត់ដេរ​សម្រាប់​សេដ្ឋកិច្ច​របស់​យើង ហើយ​យើង​ចង់​មើល​ឃើញ​វិស័យ​នេះ​រីកចម្រើន​បន្ថែម​ទៀត ប៉ុន្តែ​វា​ជា​ធម្មតា​វិស័យ​នេះ​នឹង​បន្ថយ​ល្បឿន​នៅ​ពេល​វា​ឈាន​ដល់​ចំណុច​កំពូល​»​។ និន្នាការ​បែប​នោះ​បាន​កើនឡើង​រួច​ហើយ​នៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​ធ្លាប់​ពឹង​ផ្អែក​លើ​វិស័យ​សម្លៀកបំពាក់ និង​ស្បែកជើង ដើម្បី​អភិវឌ្ឍ​ប្រទេស​នៅ​ក្នុង​ដំណាក់កាល​ដំបូង ហើយ​ក្រោយ​មក​ផ្លាស់ប្តូរ​ទៅ​ជា​ឧស្សាហកម្ម​ទំនើប​វិញ​។

លោក​លើក​ឡើង​ថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺ​ត្រូវ​ព្យាយាម​ធ្វើឲ្យ​មាន​ការផលិត​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​ជាពិសេស​ក្រុមហ៊ុន​ដែល​ផលិត​ផលិតផល​ដែល​មាន​តម្លៃ​កាន់តែ​ខ្ពស់​»​។

លោក ហ៊ីង ថូរ៉ាស៊ី សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ទុនវិនិយោគ​បរទេស​អាច​ជំរុញ​ឆ្ពោះ​ទៅ​រក​ផែនការ​ពង្រីក​សេដ្ឋកិច្ច​របស់​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​លំហូរ​ចូល​ទុន​វិនិយោគ​កាន់តែ​ច្រើន មាន​ន័យ​ថា​ការវិនិយោគ​កាន់តែ​ច្រើន​នឹង​ផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា និង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សេដ្ឋកិច្ច​»​។

រដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៥ បាន​ចេញ​ផ្សាយ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (IDP) រយៈពេល ១០ ​ឆ្នាំ​ដែល​បញ្ជាក់​ពី​យុទ្ធសាស្ដ្រ ក្នុង​ការ​ពង្រីក​មូលដ្ឋាន​ឧស្សាហកម្ម​ដ៏តូចចង្អៀត​របស់​ប្រទេស​នេះ ឲ្យ​ហួស​ពី​វិស័យ​កាត់ដេរ និង​ការនាំចេញ​អង្ករ​។ រដ្ឋាភិបាល​សង្ឃឹម​ថា​គោលនយោបាយ​នេះ​នឹង​ទាក់ទាញ FDI កាន់តែ​ច្រើន​៕ LA