ភ្នំពេញៈ ក្រុម​អ្នកវិនិយោគ​មកពី​ខេត្ត​ ហ៊្វូជៀន (Fujian) ប្រទេស​ចិន បាន​បង្ហាញ​ពី​ការចាប់​អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សក្តានុពល​មួយចំនួន ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង​ជា​បន្តបន្ទាប់​។

ក្នុង​ជំនួប​ជាមួយ​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ លោក Wei Zheng អគ្គលេខាធិការរង​នៃ​សហព័ន្ធ​សហគ្រិន និង​សហគ្រាស ខេត្ត Fujian ប្រទេស​ ​ចិន ​បាន​លើកឡើង​ថា ក្រុម​របស់​លោក​បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការបណ្តាក់ទុន​នៅ​កម្ពុជា ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​ដ៏​មាន​សក្តានុពល​។

វិស័យ​ដែល​ក្រុម​អ្នក​វិនិយោគ​មកពី​ខេត្ត​ Fujian ចាប់​អារម្មណ៍​មាន​ដូចជា ផ្នែក​អេឡិចត្រូនិក អគ្គិសនី រ៉ែ និង​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ បរិស្ថាន ទូរគមនាគមន៍ ធនាគារ ការអប់រំ និង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម​។

លោក Wei Zheng ក៏បាន​ស្នើ​ឲ្យ​លោក ចម ប្រសិទ្ធ បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត Fujian ប្រទេស​ចិន​ផងដែរ​។

លោក ចម ប្រសិទ្ធ បាន​លើកឡើង​ថា ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ដ៏ល្អ​រវាង​កម្ពុជា និង​ចិន​បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​ក្នុង​ការចូល​មក​បណ្តាក់​ទុន​ពី​គ្រប់​ប្រទេស​ទាំងអស់​លើ​សកលលោក​។ លោក​បន្តថា​ជាមួយ​គ្នា​នេះ​តាមរយ:​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ប្រធានាធិបតី​ចិន ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការទាក់ទាញ​ឲ្យ​វិនិយោគិន​ចិន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​សូម​ស្វាគមន៍​ចំពោះ​បំណង​របស់​ភាគី​ចិន​ក្នុង​ការចូល​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​ក៏​សូម​លើកទឹកចិត្ត​ថែមទៀត​ចំពោះ​ចំណាប់អារម្មណ៍​របស់​ភាគី​ចិន​មកពី​ខេត្ត Fujian ទៅលើ​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ ដែល​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ខេត្ត​នេះ​ទាំងមូល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង​»​។

លោក​ក៏បាន​ប្រាប់ទៀត​ថា នៅពេល​ឆាប់ៗ​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​នឹង​ចំណាយ​ប្រាក់​ចំនួន​ ១៥០ ​លាន​ដុល្លារ​។

ចិន​នៅតែ​ជា​ប្រភព​ការវិនិយោគ​ផ្ទាល់​បរទេស (FDI) នាំមុខគេ​នៅ​កម្ពុជា​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ ដែល​ភាគច្រើន​ជា​ការវិនិយោគ​លើ​វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​ថាមពល​អគ្គិសនី​។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លំហូរ​វិនិយោគ​របស់​ចិន​មក​កម្ពុជា​នៅ​ឆ្នាំ​ ២០១៨ មាន​ប្រមាណ ៣ ៥៩៤ លាន​ដុល្លារ​៕ LA