ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ និង​មន្ត្រី​បាន​បង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការផ្ទុះ វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ថា​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា ដែល​ទាក់ទាញ​ភាគច្រើន​ចិន បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​ករណី វីរុស​កូរ៉ូណា ប្រភេទ​ថ្មី​លើកដំបូង​នៅ​ខេត្ត​ព្រះសីហនុ​។

កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល បានបញ្ជាក់​ពី​ករណី​វីរុស​នេះ​នៅលើ​ភ្ញៀវទេសចរ​ជនជាតិ​ចិន អាយុ​ ៦០ ​ឆ្នាំ ម្នាក់​នៅ​ក្រុងព្រះសីហនុ​ដែល​បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូហាន​ដែល​ជា​ទីតាំង​ផ្ទុះ​វីរុស​នេះ​មុនគេ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ព័ត៌មាន​ពី​ការរកឃើញ​វត្តមាន​នៃ វីរុស កូរ៉ូណា ប្រភេទ​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​លើ​ជនជាតិ​ចិន​កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​កន្លែង​ដែល​មាន​វត្តមាន​ជនជាតិ​ចិន​ច្រើន​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​ការព្រួយបារម្ភ ព្រោះ​វិស័យ​ទេសចរណ៍​មិន​ត្រឹមតែ​បង្កើត​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ចំណែក​ដ៏សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​»​។

លោកស្រី​លើកឡើង​ថា ករណីនេះ​ក៏​កំពុង​ធ្វើឲ្យ​ការកក់​ដំណើរ​ទេសចរណ៍ និង​សេវាកម្ម​ទាក់ទង​ទេសចរណ៍​នៅ​កម្ពុជា​ធ្លាក់ចុះ​ច្រើន​ដែរ​។ លោកស្រី​បញ្ជាក់ថា​៖ «​យើង​ទទួល​បាន​ព័ត៌មាន​ពី​ការលុប​ដំណើរ​ទេសចរណ៍​ពី​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​ជាច្រើន​នៅពេល​នេះ​។ ជាមួយ​នេះ​ការធ្វើ​ដំណើរ​ទេសចរណ៍​ក្នុង​ស្រុក​ក៏​អាច​ធ្លាក់ចុះ​ផងដែរ​»​។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ដែល​ធ្វើដំណើរ​មក​ខេត្ត​ព្រះសីហនុ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់​តាំងពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បញ្ឈប់​ល្បែង​អនឡាញ​មក ហេតុនេះ​ការរកឃើញ​វត្តមាន​ជំងឺ​នេះ​នឹង​មិនសូវ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​។ លោក​បន្តថា បច្ចុប្បន្ន​អាជ្ញាធរ​ក៏​បាននិង​កំពុង​ខិតខំ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​សាធារណជន​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​និយាយថា ការរកឃើញ​វត្តមាន​ជំងឺ​ផ្តាសាយ​បាន​ក្លាយ​ជា​ចំណែក​មួយ​ដែល​អាចធ្វើ​ឲ្យ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ថយចុះ តែ​ទន្ទឹម​នឹង​នេះ​ក្រសួង​ទេសចរណ៍​ក៏​បាន​ដាក់ចេញ​នូវ​យន្តការ​បន្ទាន់​មួយចំនួន​ដើម្បី​រក្សា​និរន្តរភាព​សម្រាប់​អ្នក​ប្រកបរបរ​ក្នុង​វិស័យ​ទេសចរណ៍​ក៏ដូចជា​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម​។

លោក​ថ្លែងថា​៖ «​យន្តការ​ដំបូង​ដែល​យើង​ត្រូវធ្វើ​នៅពេលនេះ​គឺ​ជំរុញ​ចរន្ត​ទេសចរណ៍​ក្នុងស្រុក ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​អាច​ដំណើរ​ទៅ​មុខជា​បន្តទៀត​បាន​»​។

ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ​បច្ចុប្បន្ន​កម្ពុជា​បានដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​សុខភាព​ជាច្រើន​នៅ​តាម​ព្រលានយន្តហោះ និង​ច្រកព្រំដែន​អន្តរជាតិ​សំខាន់ៗ​។

លោក ខែក នរិន្ទដា នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៅ​ក្រុមហ៊ុន Cambodia Airports បាន​ឲ្យ​ដឹងថា មាន​ជើងហោះហើរ​ ៣ ​ប៉ុណ្ណោះ​រវាង​ទីក្រុង វូហាន និង​សៀមរាប (៣ ​ដង​ប្រចាំ​សប្ដាហ៍​) និង វូហាន​ និង​ក្រុងព្រះសីហនុ (៣ ​ប្រចាំ​សប្ដាហ៍​) ត្រូវបាន​ផ្អាក ខណៈ​ជើងហោះហើរ​មក​ពី​ទិសដៅ​ផ្សេងៗ​របស់​ប្រទេស​ចិន​មក​កម្ពុជា នៅតែ​កំពុង​ប្រតិបត្តិការ​។

លោក​បាន​បន្តថា​៖ «​ផ្អែកលើ​បទពិសោធ​កន្លងមក​របស់​យើង ក្នុង​អំឡុង​ការផ្ទុះ​ជំងឺ SARS នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​ចរាចរណ៍​នៅក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង​ ៣ ​នេះ ប៉ុន្តែ​វា​នៅតែ​លឿន​ពេក​មិន​អាច​វាយតម្លៃ​ពី​កម្រិត​របស់​វា​បានទេ​»​។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​បង្ហាញ​ថា ក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប ៥,៨៩ ​លាន​នាក់​ កើនឡើង ៨,៣ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ភ្ញៀវទេសចរ​ចិន​បាន​នាំមុខគេ ដោយ​មាន​ចំនួន ២,១៨ ​លាន​នាក់​ កើនឡើង ១៩,៥ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ខណៈ​ភ្ញៀវ​ជនជាតិ​វៀតណាម​ស្ថិត​នៅ​លេខ ២ មាន​ចំនួន ៨០៩ ១៧០ ​នាក់​ ក្នុង​កំណើន ១៥,២ ​ភាគរយ​៕LA