បាត់ដំបងៈ ខណៈ​រដូវ​ប្រមូលផល​ពោត​បាន​ផ្តើម កសិករ​នៅ​តំបន់​ភាគ​ពាយព្យ​ប្រទេស​កំពុង​ប្រឈម​នឹង​ការធ្លាក់​ចុះ​តម្លៃ​ដែល​ទីផ្សារ​នេះ​បាន​ពឹងផ្អែក​ភាគច្រើន​លើ​ប្រទេស​ជិតខាង​។

មុន​រដូវ​ប្រមូលផល​ចូល​មក​ដល់ តម្លៃ​ពោត​ដែល​កសិករ​លក់​ចេញ​គឺ ៦៣០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ប៉ុន្តែ​នៅ​ពេល​រដូវ​ប្រមូលផល​ចាប់ផ្តើម​តម្លៃ​បាន​ធ្លាក់​ចុះ​។ តម្លៃ​បាន​ធ្លាក់​ចុះ​មក​នៅ​ ៤៦០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​ពី​ចុង​សប្តាហ៍​មុន​។

ការធ្លាក់ចុះ​នេះ​ត្រូវ​បាន​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​ឲ្យ​ដឹង​ថា​ដោយសារ​រដូវ​ប្រមូលផល​ធ្វើឲ្យ​បរិមាណ​ពោត​កើន​លើស​តម្រូវការ​ស្រប​ពេល​ដែល​សមត្ថភាព​ឈ្មួញ​ក្នុង​ស្រុក​ក្នុង​ការទិញ​ស្តុក​ទុក​នៅ​មាន​កម្រិត​។ ទោះបី​យ៉ាង​នេះ​ក្តី គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ​តម្លៃ​បាន​កើនឡើង​បន្តិច​វិញ​ដល់ ៤៩០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។ ការកើនឡើង​បន្តិច​បន្តួច​នេះ​គឺ​បន្ទាប់ពី​មាន​ការ​អន្តរាគមន៍​ពី​ភាគី​ពាក់ព័ន្ធ​កាលពី​សប្តាហ៍​មុន​។

លោក​ ភូ ពុយ ប្រធាន សភា​ពាណិជ្ជកម្ម ខេត្ត​បាត់ដំបង និង ជា​ប្រធាន​ក្រុមហ៊ុន​បៃតង​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ដើម្បី​ជួយ​ទប់ស្កាត់​ការធ្លាក់ចុះ​តម្លៃ​ពោតក្រហម​ចាប់ពី​ខែ​កញ្ញា​ខាង​មុខ​នេះ​ទៅ​ក្រុមហ៊ុន​លោក​នឹង​រៀបចំ​បង្កើត​ឲ្យ​មាន​សហគមន៍​អ្នក​ដាំពោត​ក្រហម​នៅ​តាម​បណ្តា​ស្រុក​ដែល​មាន​ប្រជាកសិករ​ដាំពោត​ក្រហម​។ គម្រោង​បង្កើត​សហគមន៍​នេះ​នឹង​ជួយ​ធ្វើឲ្យ​តម្លៃ​ពោត​មាន​ស្ថិរភាព​ល្អ ព្រមទាំង​មាន​ការ​សាងសង់​ជា​ឡសម្ងួត និង​ឃ្លាំង​ស្តុក​ជាដើម​។

លោក​ថ្លែង​ថា​៖ «​យើង​ដឹង​ហើយ​ថា​នៅ​ពេល​ប្រមូលផល​ម្តងៗ​ប្រជាកសិករ​តែង​ជួប​ប្រទះ​បញ្ហា​ទីផ្សារ​លក់​ចេញ ដូច្នេះ​ទើប​យើង​គ្រោង​រៀបចំ​បង្កើត​ជា​សហគមន៍ និង​ផ្សារ​សម្រាប់​ពួកគាត់​។ តាមរយៈ​នេះ​យើង​នឹង​អាច​ជួយ​ធ្វើការ​ពង្រឹង​ទៅ​លើ​គុណភាព និង​ធានា​តម្លៃ​របស់​ពួកគាត់​បាន​ផង​ដែរ​»​។

តាម​លោក ភូ ពុយ ខេត្ត​បាត់ដំបង​ជា​តំបន់​ដាំដុះ​ពោត​ក្រហម​ច្រើន​ជាង​គេ ដែល​ទទួល​បាន​បរិមាណផល​សរុប​ប្រមាណ​ ៩០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

ក្នុង​នាម​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ប្រចាំ​ខេត្ត​បាត់ដំបង​លោក ភូ ពុយ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក និង​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ថា​នឹង​ចូលរួម​ជួយ​អន្តរាគមន៍​ដោយ​មិន​ឲ្យ​ថ្លៃ​ធ្លាក់​ចុះ​ក្រោម ៤០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​ឡើយ​។

លោក​ថ្លែង​ថា​៖ «​ការកំណត់​តម្លៃ​សម្រាប់​ដំណាំ​ពោតក្រហម​នាពេល​នេះ​គឺ​ជួយ​កុំ​ឲ្យ​មាន​ឈ្មួញ​មក​ទិញ​ពោត​ទម្លាក់​តម្លៃ​ក្រោម​នេះ​។ ការកំណត់​តម្លៃ​ច្បាស់លាស់​នេះ​គឺ​នៅពេល​​អាជីវករ​ណា​មិន​មាន​លទ្ធភាព​ទិញ​គឺ​គាត់​អាច​ខ្ចីលុយ​ពី​យើង [​ក្រុមហ៊ុន​ប៉ៃតង​] ​បាន​ផង​ដែរ​»​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​បាន​និយាយ​ថា ទិន្នផល​ពោតក្រហម​ដែល​ប្រមូល​បាន​ក្នុង​ខេត្ត​ប្រហែល​ ៧០ ​ភាគរយ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ខណៈ​ប្រហែល​ ៣០ ​ភាគរយ​ទៀត​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ CP នៅក្នុង​ស្រុក​។ ការពឹង​ផ្អែក​ទៅ​លើ​ការនាំ​ចេញ​ទៅ​ប្រទេស​ថៃ​តែ​មួយ​បាន​ធ្វើឲ្យ​កសិករ​ជួប​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​តម្លៃ​។

លោក​បន្ត​ថា​៖ «​បន្ទាប់ពី​មាន​ការ​ខិតខំ​ពី​អ្នក​ពាក់ព័ន្ធ​តម្លៃ​ពោតក្រហម​ថ្ងៃ​នេះ​ (​ម្សិលមិញ​) ឡើង​ដល់​ ៤៩០ ​រៀល​»​។

តាម​លោក គឹម ហួត រហូត​មក​ដល់​ពេល​នេះ​ការប្រមូលផល​ពោតក្រហម​នៅ​ក្នុង​ខេត្ត​បាត់ដំបង​សម្រេច​បាន​ជាង​ ៣០ ​ភាគរយ​ហើយ​។

មិន​មាន​ទិន្នន័យ​ផ្លូវការ​នៃ​ការនាំចេញ​ពោត​ទៅ​កាន់​ប្រទេស​ថៃ​ទេ ប៉ុន្តែ​តាម​ការប៉ាន់​ប្រមាណ​លោក គឹម ហួត អះអាង​ថា​នៅ​ខេត្ត​ជាប់​ព្រំដែន ការ​នាំ​ចេញ​ពោត​ពី​កម្ពុជា​ទៅ​ថៃ​មាន​ប្រមាណ ៥ ០០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក ឈឹម វជិរ៉ា ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​បាត់ដំបង​ឲ្យ​ដឹង​ថា ខេត្ត​បាត់ដំបង​មាន​ផ្ទៃដី​ដាំពោត​ក្រហម​ជាង ៧៦- ០០០ ​ហិកតា​ដោយ​ផ្តល់​ទិន្នផល​មធ្យម​ ៦ ​តោន​ក្នុង ១ ​ហិកតា​។

ដំណាំ​ពោត​ត្រូវ​បាន​គេ​ដាំដុះ ២ ​ដង​ក្នុង​ ១ ​ឆ្នាំ​ដោយ​ចាប់ផ្តើម​ប្រមូលផល​ក្នុង​អំឡុង​ខែ កក្កដា-សីហា និង ពី​ខែ​វិច្ឆិកា ដល់ ខែ​កុម្ភៈ​។ លោក​ថ្លែង​ថា​៖ «​ដំណាំ​ពោតក្រហម​ត្រូវ​បាន​ដាំ​នៅ​តាម​ស្រុក​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ ហើយ​ថៃ​ជា​ទីផ្សារ​នាំ​ចេញ​សំខាន់​តែ​មួយ​គត់​របស់​កម្ពុជា​»៕LA