ភ្នំពេញ: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា ដើម្បីសម្រួលដល់ការបង់ប្រាក់សងត្រឡប់នៃអតិថិជនរបស់ ARDB។
លោក កៅ ថាច អគ្គនាយក ARDB បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធនៅទីស្នាក់ការ ARDB ថា ដើម្បីឆ្លើយតបនឹងកំណើនកម្ចីឥណទានក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាលដែលមានទំហំ ៥០ លានដុល្លារ ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះនឹងជួយសម្រួលដល់ការបង់ប្រាក់ដើម និងការប្រាក់របស់អតិថិជនឲ្យកាន់តែងាយស្រួល សុវត្ថិភាព រហ័សទាន់ចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយ។
លោកថ្លែងថា៖ «យើងមានគោលដៅធំគឺការបង់ការប្រាក់ និងប្រាក់ដើម តាមរយៈធនាគារវីង រួចចូល [គណនី] ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មតែម្តង។ នេះជាការសម្រួលដល់អតិថិជនរបស់យើង ដោយមិនចាំបាច់ឡើងមកស្នាក់ការកណ្តាលទេ។ កិច្ចសហការរបស់យើងនេះជាការសម្រួលដល់សេវាកម្មរបស់យើង»។
លោកបន្តថា៖ «យើងសង្ឃឹមថានៅថ្ងៃក្រោយ យើងនឹងមានកិច្ចសហប្រតិបត្តិការច្រើនជាងនេះជាមួយវីងឥឡូវយើងមានកិច្ចសហប្រតិបត្តិការផ្ទេរលុយចូល»។
លោក Manu Rajan ប្រធាននាយកប្រតិបត្តិធនាគារឯកទេសវីងបានថ្លែងក្នុងសនិ្នសីទនេះថា វីងមានសេចក្តីរីករាយដែលបានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយ ARDB ដើម្បីចាប់ផ្តើមភាពជាដៃគូថ្មីក្នុងការឆ្ពោះទៅរកផ្លូវវែងឆ្ងាយដោយជំរុញការរួមបញ្ចូលហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម និង កសិពាណិជ្ជកម្ម។
លោកថ្លែងថា៖ «ខ្ញុំរីករាយ ព្រោះទាំងវីង និង ARDB បានរួមចំណែកចក្ខុវិស័យក្នុងការផ្តល់ភាពងាយស្រួលលើសេវាហិរញ្ញវត្ថុដល់ប្រជាជនក្នុងសហគមន៍ដោយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា»។
លោកបន្តថា ក្នុងភាពជាដៃគូនេះ អតិថិជនរបស់ ARDB អាចទូទាត់សងប្រាក់កម្ចីតាមរយៈ Wing Cash Xpress ដែលមាន ៧ ៥០០ កន្លែងនៅទូទាំងប្រទេសដែលវានឹងជួយសន្សំសំចៃពេលវេលា និងថវិការបស់ពួកគេ។ ពួកគេក៏អាចជ្រើសរើសការផ្ទេរប្រាក់ភ្លាមៗពីគណនីវីងរបស់ពួកគេតាមកម្មវិធី Wing Mobile App ឬកម្មវិធី USSD Code*989# នៅលើទូរស័ព្ទដៃ។
កាលពីថ្ងៃម្សិលមិញលោក កៅ ថាច ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Cambodia Investor corporation Plc ក្នុងគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការនៃការធានាសងបំណុលជំនួសម្ចាស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម និងការជួយផ្តល់ព័ត៌មានពីអ្នកខ្ចីប្រាក់។
លោកនិយាយថា៖ «ក្រុមហ៊ុននេះនឹងជួយដល់ SME ដែលខ្វះទ្រព្យធានាបំណុលអាចទទួលបានឥណទានបន្ថែមសម្រាប់ពង្រីកអាជីវកម្ម ហើយក្រុមហ៊ុនក៏នឹងជួយបង្កើនទំនាក់ទំនងរវាង SME និងអ្នកផលិត អ្នកកែច្នៃ និងអ្នកប្រមូលទិញទៅ ARDB សម្រាប់ជាមូលដ្ឋានវាយតម្លៃលើការផ្តល់ឥណទាននេះ»។
បើយោងតាមលោក កៅ ថាច គិតត្រឹមថ្ងៃពុធ ARDB បានទទួលពាក្យស្នើសុំកម្ចីពីសហគ្រាសខ្នាតតូច និងមធ្យមនៃគម្រោងហិរញ្ញប្បទានពិសេសចំនួន ២៣២ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ២៥ លានដុល្លារក្នុងចំណោមនេះ ARDB បានអនុម័តរួចហើយចំនួន ២,៤ លានដុល្លារដែលភាគច្រើនជាអ្នកចិញ្ចឹមត្រី សត្វ មាន់ ទា និងអ្នកដាំបន្លែ៕