ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។ នេះ​បើ​យោង​តាម​សេច​ក្តី​ជូន​​ដំ​ណឹង​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ចន្ទ​នេះរបស់​​​​ក្រុម​ហ៊ុនមេ វី​សិន​ហ្វាន់​ អន្តរ​ជាតិ​​។

សេច​ក្តី​​ជូនដំ​ណឹង​ដដែល​ មិនទាន់​​​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ក្រុម​ហ៊ុ​ន​សម្រេច​លក់​ភាគ​ហ៊ុន ១០០ ភាគ​រយ​​​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​​​របស់​ខ្លួន​នៅ​កម្ពុជា​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​ភា​គ​ហ៊ុន​នេះ​ត្រូវ​​បាន​ទទួល​ការ​អនុ​ម័តពី​ធ​នាគារ​ជាតិ​នៃ​កម្ពុជា (NBC) ​ដែល​ជា​និ​យ័ត​ករ​វិ​​​ស័យ​​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​​រួច​រាល់​​ហើយ។​

តំ​ណាងក្រុមហ៊ុន​ ​វិ​សិន​ហ្វាន់ អន្តរ​ជាតិ​ មិនទាន់​​អាច​បញ្ជាក់​ពី​​ទឹក​ប្រាក់​នៃកិច្ច​ព្រម​ព្រៀង​ទិញ​លក់​នេះ​បាន​ទេ​នៅថ្ងៃ​នេះ។

យោង​តាម​របាយ​ការ​ត្រួត​ពិនិត្យ​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ដំ​ណាច់​ឆ្នាំ ២០១៧ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ វិ​សិន​ហ្វាន់​ មាន​ទ្រព្យ​សកម្ម​សរុបប្រ​ហែល ១៩៤ លាន​ដុល្លារ និង​ទទួល​បាន​​​ប្រាក់​ចំ​ណេញសុទ្ធ​ ប្រហែល ៣,៧ លាន​ដុល្លារកាល​ពី​ឆ្នាំ ២០១៧។ ​ គិត​ត្រឹម​ឆ្នាំ ២០១៧ វិ​សិន​ហ្វាន់​ មាន​បុគ្គលិក​បម្រើ​ការ​សរុប ១ ៣៨៩ នាក់។

វិ​សិន​ហ្វាន់​ (ខេម​បូ​ឌា​) ត្រូវ​បាន​បង្កើត​​ឡើង​នៅ​ឆ្នាំ ២០០៣ ដែល​ជា​បណ្តាញ​សកល​របស់​​អង្គការ​គ្រឹស្ត​បរិស័ទ​​​មួយ​ឈ្មោះ ទស្ស​នៈ​ពិ​ភព​លោក​អន្តរ​ជាតិ (World Vision International) ដែល​​​​​​ផ្តោត​ខ្លាំង​​​លើ​ការ​ផ្តល់​កម្ចី​ខ្នាត​តូច​ ឬ​កម្ចីសម្រាប់​អតិ​ថិ​ជន​​ជា​ក្រុម​​ដល់​ប្រ​ជា​ជន​តាម​តំ​បន់​ជន​បទ។

គ្រឹះ​ស្ថាន​នេះក៏​​ត្រូវ​បាន​គេ​ព្យា​ករ​ថា ​ជា​​គ្រឹះ​ស្ថាន​មួយ​ក្នុ​ង​ចំ​ណោម​គ្រឹះ​ស្ថានមួយ​ចំ​នួន​ទៀត​ ដែល​​​​រង​ឥទ្ធិពល​អវិជ្ជ​មាន​​​​​ពី​ការ​សម្រេច​កំណត់​ពិដាន​​អត្រា​កា​រ​ប្រាក់​ ១៨ ភាគរយ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពី​ខែ​​មេសា​ ឆ្នាំ ២០១៧៕

សូម​រង់​ចាំ​អាន​ព័ត​មាន​លម្អិត​ ពី​មូល​ហេតុ​ និង​ ឥទ្ធិ​ពល​​​​នៃ​ការ​លក់​ភាគ​ហ៊ុននេះ នៅ​កា​សែត​ភ្នំ​ពេញ​ប៉ុស្តិ៍។