ភ្នំពេញៈ សមាគម​បចេ្ចកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ (CFA) ​និង​សមាគម​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​នៃ​បច្ចេកវិទ្យា​ (CAFT) បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការច្របាច់​បញ្ចូល​គ្នា ដើម្បី​ក្លាយ​ជា​សមាគម​ដ៏រឹងមាំ​មួយ​ក្នុង​ការផ្ដល់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ដល់​សហគមន៍​នៅក្នុង​ប្រទេស​កម្ពុជា​។

CFA ត្រូវ​បាន​បង្កើតឡើង​ចាប់​តាំងពី​ខែសីហា​ឆ្នាំ​ ២០១៨ ហើយ​រហូត​មក​ដល់ពេល​នេះ​សមាគម​នេះ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ៨០ ​ជា​សមាជិក​មកពី​ប្រទេស​ហ្វីលីពីន សិង្ហបុរី កោះ​តៃវ៉ាន់ និង​ថៃ​។

លោក Andrew Shin ជា​​ទីប្រឹក្សា​សមាគម​បាន​ឲ្យ​ដឹង​ថា ការច្របាច់​បញ្ចូល​គ្នា​របស់​សមាគម​ទាំង​ ២ ​នេះ​នឹង​រួម​កម្លាំង​គ្នា​ដើម្បី​កែលម្អ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយសារ​តែ​នៅពេល​នេះ​អ្នកប្រើប្រាស់​មាន​ការកើនឡើង​។

លោក Andrew ដែល​បច្ចុប្បន្ន​ជា​ប្រធាន​របស់​ធនាគារ PPCBank ផង​នោះ បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ដ្រ​នៅពេល​នេះ​នៅក្នុង​យុគសម័យ Cambodia Fintech​។ ខ្ញុំ​សង្ឃឹមថា ការច្របាច់​បញ្ចូល​គ្នា​នេះ CAFT នឹង​នាំយក​ការផ្លាស់ប្តូរ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ដល់​វិស័យ​ហិរញ្ញវត្ថុ​សម្រាប់​អត្ថប្រយោជន៍​ប្រជាជន​នៅ​កម្ពុជា​»​។

លោក ប៉ែន ចិន្តា អគ្គនាយក​សមាគម​នេះ​បានចង្អុល​បង្ហាញ​ថា សមាគម​ដែល​រួមបញ្ចូល​គ្នា​ថ្មី​នេះ​ជា​សមាគម​មួយ​ដែល​មាន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​សមាជិក​ជាច្រើន​ត្រូវ​បាន​តំណាង​ដោយ​មេដឹកនាំ​ដ៏មាន​ឥទ្ធិពល និង​នវានុវត្តន៍​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការចែករំលែក​បទពិសោធ និង​ជំនាញ​ដ៏មាន​តម្លៃ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ទន្ទឹងរង់ចាំ​ក្នុង​ការដឹកនាំ​សមាគម​នេះ​ទៅ​ថ្ងៃ​អនាគត ដោយសារ​តែ​យើង​បន្ត​ក្នុង​ការតស៊ូ​មតិ​របស់​យើង​ក្នុង​ការរួមបញ្ចូល​គ្នា​ជា​សហគមន៍ Cambodian Fintech និង​បម្រើ​ជា​សំឡេង​រួម​តែមួយ​»​។

លោកស្រី ជា សិរី អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ការរីកចម្រើន​នៃ Fintech នៅ​កម្ពុជា​គឺ​ពិតជា​បង្កើត​នូវ​សក្ដានុពល​ជាច្រើន​ដែល​ទាមទារ​ឲ្យ​រួមបញ្ចូល​គ្នា​ជា​សំឡេង​រួម​តែមួយ និង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ច្រើន​ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា និង​និយតករ​។

លោកស្រី​បញ្ជាក់ថា​៖ «​សម្រាប់​យុគសម័យ​នៃ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​គឺ​ពិតណាស់ វា​មាន​សក្ដានុពល​ខ្លាំង​បំផុត ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការកិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​និយតករ និង ឧស្សាហកម្ម​នេះ​»​។

NBC នឹងដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ទូទាត់​ប្រាក់ និង​ការផ្ទេរ​ប្រាក់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម Blockchain ក្នុង​រយៈពេល​ ២-៣ ​ខែ​ខាងមុខនេះ ដោយ​មាន​ឈ្មោះថា «​គម្រោង​បាគង​» ផែនការ​នេះ​មាន​ការគាំទ្រ​រួចហើយ​ពី​ធនាគារ ១១ ដោយ​មាន​ធនាគារ​ជាច្រើន​ទៀត​រំពឹង​ថា នឹង​ចូលរួម​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ចំនួន​គណនី​ទូទាត់​តាម​អេឡិចត្រូនិក​ដ៏សកម្ម​នៅ​កម្ពុជា​បាន​កើនឡើង​ ៥,២២ លាន​កាលពី​ឆ្នាំ​មុន​កើនឡើង ៦៤ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៨​។

ការទូទាត់​ចល័ត​តាមរយៈ​ធនាគារ និង PSI មាន​ភាព​រីកចម្រើន​ដែល​ស្មើនឹង​ ២២,៩ ​ភាគរយ​នៃ GDP ឆ្នាំ​ ២០១៩៕LA