ក្រុង​ប៊្រុចសែលៈ មេ​ដឹកនាំ​អឺរ៉ុប​ កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ព្រមព្រៀង​ជាមួយ​ចក្រភព​អង់គ្លេស ​ដើម្បី​​ពន្យារពេល​ការ​ចាកចេញ​របស់​ចក្រភព​នេះ​ពី​សហភាព​អឺរ៉ុប (Brexit) ក្នុង​រយៈពេល​រហូត​ដល់ ៦ ខែ ដែល​​ជួយ​សង្គ្រោះ​ទ្វីប​នេះ​ពី​អ្វី​ដែល​អាច​ជា​ការ​ចាកចេញ​ដោយ​គ្មាន​​កិច្ច​ព្រមព្រៀង​ដ៏​​ចលាចល​នៅ​ដំណាច់​សប្តាហ៍​នេះ។

កិច្ច​ព្រមព្រៀង​ដែល​​ត្រូវ​សម្រេច​​បាន​ក្នុង​អំឡុង​ពេល​ពិភាក្សា​គ្នា​រហូត​ដល់​យប់​ជ្រៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​នេះ មាន​ន័យ​ថា ប្រសិន​​បើ​ទីក្រុង​ឡុងដ៍​នៅ​តែ​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​បន្ទាប់​ពី​ថ្ងៃ​ទី ២២ ខែ ​ឧសភា ឆ្នាំ​នេះ អ្នក​បោះ​ឆ្នោត​ជនជាតិ​អង់គ្លេស​នឹង​ត្រូវ​តែ​ចូលរួម​ក្នុង​ការ​បោះឆ្នោត។

លោកស្រី Theresa May នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ថ្លែង​ថា លោក​ស្រី​នៅ​ពេល​នេះ​​នឹង​​បន្ត​ធ្វើ​ការងារ​ ដើម្បី​ឲ្យ​​កិច្ច​ព្រមព្រៀង​ដែល​ត្រូវ​បាន​ដក​ចេញ​​វិញ​នា​ពេល​មុន​របស់​លោក​ស្រី ទទួល​បាន​ការ​​អនុម័ត​ពី​​សភា ដើម្បី​ធានា​​ឲ្យ​បាន​នូវ​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​​មាន​សណ្តាប់​ធ្នាប់។

លោក​ស្រី​បាន​និយាយ​ថា គោលដៅ​របស់​លោកស្រី​គឺ​ដើម្បី​ចាកចេញ «ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន»។

លោកស្រី​បាន​ពិភាក្សា​ជាមួយ​​សភា​អង់គ្លេស​នៅ​ថ្ងៃ​ម្សិលមិញ មុន​ពេល​លោកស្រី​ជួប​ជា​ផ្លូវការ​​ដើម្បី​ពិភាក្សា​បន្ថែម​ជាមួយ​គណបក្ស​ពលករ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​របស់​​អង់គ្លេស ដើម្បី​ព្យាយាម​ស្វែងរក​វិធី​ដោះស្រាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ។

មេ​ដឹកនាំ​របស់​ប្រទេស​ទាំង ២៧ ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប បាន​ជួប​ប្រជុំ​គ្នា​ដោយ​គ្មាន​វត្តមាន​របស់​លោក​ស្រី May ក្នុង​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច​ ដើម្បី​​ពិចារណា និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ហៅ​ថា​ជា «ការ​ពន្យារពេល​​ចាកចេញ​ប្រកប​ដោយ​ភាព​បត់បែន​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ ​តុលា» មុន​ពេល​​​លោកស្រី​វិល​ត្រឡប់​មក​ពិភាក្សា​វិញ​ដើម្បី​សម្រេច​បាន​កិច្ច​ព្រមព្រៀង​នេះ៕ AFP/KC