ក្រុងប៊្រុចសែលៈ សហភាពអឺរ៉ុបកាលពីថ្ងៃម្សិលមិញបានពិន័យក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm នូវទឹកប្រាក់ចំនួន ២៤២ លានអឺរ៉ុប (២៧១ លានដុល្លារ) ពីបទធ្វើអាជីវកម្មផ្តាច់មុខ ដែលជាការវាយប្រហារមួយផ្សេងទៀតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលកំពុងស្ថិតក្នុងសមរភូមិប្រកួតប្រជែងក្នុងតំបន់អាស៊ី និងនៅអាមេរិក។
ការពិន័យនេះ គឺជាការពិន័យលើកទី២ ហើយដែលធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុន Qualcomm ដោយទីក្រុងប៊្រុចសែលចំនួន ៩៩៧ លានអឺរ៉ូ នៅខែមករា ឆ្នាំ ២០១៨។
សេចក្តីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា៖ «ការស៊ើបអង្កេតរបស់យើងបានរកឃើញថា ក្រុមហ៊ុន Qualcomm បានរំលោភ (ភាពគ្របដណ្តប់លើសលប់លើទីផ្សារ) របស់ខ្លួននៅចន្លោះពាក់កណ្តាលឆ្នាំ ២០០៨ ដល់ពាក់កណ្តាលឆ្នាំ ២០១១ តាមរយៈការពាក់ព័ន្ធនឹងការកំណត់តម្លៃទាបខ្លាំង»។
លោកស្រី Margrethe Vestager ស្នងការគណៈកម្មការប្រឆាំងការធ្វើអាជីវកម្មផ្តាច់មុខ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទះឈីបដែលស្ថិតក្នុងបញ្ហាក្នុងសំណុំរឿងរបស់សហភាពអឺរ៉ុបនេះ «គឺជាគ្រឿងផ្គុំសំខាន់ ដើម្បីឲ្យសេវាចល័តអាចភ្ជាប់ទៅនឹងអ៊ីនធឺណិតបាន»។
លោកស្រីបន្ថែមថា៖ « Qualcomm បានលក់ផលិតផលទាំងនេះក្នុងតម្លៃទាបមួយក្រោមថ្លៃដើមទៅឲ្យអតិថិជនសំខាន់ៗក្នុងគោលបំណងជម្រុះចោលគូប្រកួតប្រជែង»។
សហភាពអឺរ៉ុបបានឲ្យដឹងថា ក្រុមហ៊ុន Qualcomm បានលក់បន្ទះឈីបទៅឲ្យក្រុមហ៊ុនចិន Huawei និង ZTE ដែលជាអតិថិជនយុទ្ធសាស្រ្តរបស់ខ្លួន «ក្នុងគោលបំណងជម្រុះចោលក្រុមហ៊ុន Icera ដែលជាគូប្រជែងចម្បងរបស់ខ្លួននៅពេលនោះ»។
ក្នុងឆ្នាំ ២០១១ Icera ត្រូវបានទិញយកដោយក្រុមហ៊ុន Nvidia ដែលក្នុងឆ្នាំ ២០១៥ បានសម្រេចបែងចែកទ្រព្យរបស់ក្រុមហ៊ុននេះ ដើម្បីសងបំណុល ជាករណីដែលស្ថិតក្នុងការស៊ើបអង្កេតរបស់គណៈកម្មការនេះ៕ AFP/KC