ក្រុងវ៉ាស៊ីនតោនៈ លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង បានព្រមព្រៀងគ្នាឈប់ហូតពន្ធគ្នាទៅវិញទៅមកហើយ។
ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិកជាមួយប្រទេសចិន។
លោក Mnuchin បានប្រាប់ទីភ្នាក់ងារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា៖ «យើងមានការវិវឌ្ឍច្រើនហើយ ហើយយើងបានព្រមព្រៀងគ្នាលើក្របខណ្ឌការងារមួយ»។ លោកបានបញ្ជាក់ថា៖ «ដូច្នេះនៅពេលនេះ យើងបានព្រមព្រៀងគ្នាផ្អាកអត្រាពន្ធ ទន្ទឹមនឹងនោះដែរយើងព្យាយាមអនុវត្តក្របខណ្ឌការងារនេះ»។
កាលពីថ្ងៃអាទិត្យផងដែរ លោក Liu He ឧបនាយករដ្ឋមន្ត្រីចិន ដែលបានដឹកនាំប្រតិភូជាន់ខ្ពស់ទៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុននេះ បានបញ្ជាក់ថា៖ «ភាគីទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងមិនប្រយុទ្ធគ្នាក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ ហើយនឹងបញ្ចប់ការដំឡើងពន្ធលើគ្នាទៅវិញទៅមក»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua។
ការបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ កើតឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងអស់រយៈពេលជាច្រើនខែ ដែលបានធ្វើឲ្យទីផ្សារភ័យខ្លាចពីការកើតមានសង្គ្រាមពាណិជ្ជកម្មដែលអាចបង្កការខូចខាតខ្លាំងមួយ។
ទោះជាយ៉ាងនេះក្តី ការបន្ធូរបន្ថយភាពតានតឹងរវាងអាមេរិក និងចិននេះ បានជំរុញឲ្យមានក្តីបារម្ភក្នុងប្រទេសមួយចំនួន ដែលនៅតែបន្តប្រឈមនឹងអត្រាពន្ធរបស់អាមេរិកដែលអាចកើតមាន ដោយប្រទេសបារាំងបានលើកឡើងថា ស្ថានភាពនេះ អាចធ្វើឲ្យ «អឺរ៉ុបខាតបង់»។
លោក Mnuchin បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ភាគីទាំងពីរក៏បានពិភាក្សាផងដែរពីការផ្លាស់ប្តូររចនាសម្ព័ន្ធ តាមរយៈដែលថា រដ្ឋាភិបាលក្រុងប៉េកាំង «ធានាថា យើងមានលទ្ធភាពស្មើគ្នាដើម្បីប្រកួតប្រជែង» ក្នុងទីផ្សារដ៏ធំរបស់ខ្លួន៕ AFP/BP