ភ្នំពេញៈ សាជីវកម្មធានាឥណទានដែលជាគម្រោងរបស់រាជរដ្ឋាភិបាលដោយផ្តួចផ្តើមដំបូងជាមួយទុនប្រមាណ ២០០ លានដុល្លារ នឹងត្រូវបានបង្ហាញជាបន្តបន្ទាប់ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ ដើម្បីជំរុញការផ្តល់កម្ចីដល់ប្រតិបត្តិករអាជីវកម្ម ទំនងជាដាក់ឱ្យអនុវត្តជាផ្លូវការនៅដើមឆ្នាំក្រោយ ខណៈមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអំពាវនាវម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំកម្ចីដើម្បីបានប្រភពទុនបន្ថែមទៀត។ នេះបើយោងតាមអ្នកស្ថិតក្នុងវិស័យហិរញ្ញវត្ថុ។
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃព្រហស្បតិ៍ថា តាមអ្វីដែលលោកបានដឹង និងជជែកពិភាក្សាក្នុងពេលកន្លងមកនេះ សាជីវកម្មធានាឥណទានគម្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆមាសទី ១ ឆ្នាំ ២០២១។
លោកបានអះអាងថា សាជីវកម្មធានាឥណទាននឹងក្លាយជាប្រភពទុនបន្ថែមទៀតសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលពុំមានទ្រព្យធានាគ្រប់គ្រាន់ ដើម្បីជួយធានាពួកគេបន្ថែមទំហំនៃទ្រព្យធានា។
លោកបន្តថា ការបង្កើតសាជីវកម្មធានាឥណទានរបស់រដ្ឋាភិបាលនេះគឺជាការគាំទ្រមួយថ្មីទៀតទៅលើវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួល និងប្រើប្រាស់ឥណទានទៅតាមតម្រូវការស្របនឹងប្រភេទអាជីវកម្មរបស់ពួកគាត់។
លោកថ្លែងថា៖ «យើងសង្កេតឃើញកន្លងមក សហគ្រាសធុនតូច និងមធ្យម ភាគច្រើនដាក់ពាក្យស្នើសុំខ្ចីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនរបស់គាត់ពុំមានទ្រព្យធានាគ្រប់គ្រាន់នោះទេ ដែលនេះធ្វើឱ្យគាត់មិនអាចប្រើប្រាស់ឥណទានពេញលេញទៅតាមតម្រូវការរបស់គាត់»។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានអំពាវនាវឱ្យសហគ្រាសធុនតូច និងមធ្យម និង ក្រុមហ៊ុនធុរកិច្ចដែលមានបញ្ហាប្រឈមក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ពង្រីក និងនិរន្តរភាពអាជីវកម្មក្នុងអំឡុងពេលការរីករាលដាលកូវីដ ១៩ ឱ្យដាក់ពាក្យសុំកម្ចីជាថ្មី បន្ទាប់ពីរដ្ឋាភិបាលបានបង្កើតសាជីវកម្មធានាឥណទានដែលជាឧបករណ៍ហិរញ្ញវត្ថុថ្មី ដែលទើបបង្កើតជាមួយនឹងទុនចុះបញ្ជីចំនួន ២០០ លានដុល្លារ។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីការបង្កើតសាជីវកម្មធានាឥណទានកម្ពុជានៅទីស្តីការក្រសួងកាលពីដើមសប្តាហ៍នេះ។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយសាជីវកម្មធានាឥណទាននេះថា នឹងជួយឱ្យសហគ្រាសធុនតូច និងមធ្យមអាចស្តារអាជីវកម្មឡើងវិញ។
លោក សីលវ៉ា បន្តថា សាជីវកម្មធានាឥណទាននេះដែលចុះបញ្ជីមូលធនចំនួន ២០០ លានដុល្លារ សម្រាប់ផ្តល់ជាកម្ចីឱ្យសហគ្រាសធុនតូច និងមធ្យមពិសេសវិស័យអាទិភាព រួមមាន កសិកម្ម កម្មន្តសាល ឧស្សាហកម្ម និងសេវាកម្ម ដែលវិស័យទាំងនេះកំពុងរងផលប៉ះពាល់អាជីវកម្មក្នុងអំឡុងពេលនេះ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវសហគ្រាសធុនតូច និងមធ្យមទាំងអស់ដែល ជួបបញ្ហាពិបាកទទួលហិរញ្ញប្បទានពីធនាគារពាណិជ្ជទាំងអស់នាពេលកន្លងមក សូមអញ្ជើញមកធ្វើការស្នើសុំកម្ចីជាថ្មីនៅតាមធនាគារពាណិជ្ជទាំងនេះចាប់ពីពេលនេះតទៅ»។
លោកអះអាងថា ក្នុងរយៈពេលខ្លី (២០២១-២០២៣) ទឹកប្រាក់ដែល SMEs១ ស្ថាប័នអាចខ្ចីខ្ពស់បំផុតត្រឹម ៥០ ម៉ឺនដុល្លារ។
លោកថ្លែងថា៖ «យុទ្ធសាស្ត្រយើងធ្វើយ៉ាងណាជួយសហគ្រាសធុនតូច និងមធ្យមឱ្យអាចដំណើរការអាជីវកម្មរបស់ពួកគេបានទៅដោយរលូននៅក្នុងអំឡុងពេលមានវិបត្តិនេះ»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សាជីវកម្មឥណទានកម្ពុជានឹងទម្លុះរបាំងដែលរាំងស្ទះដល់ដំណើរការនៃការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងផ្តល់ឱកាសថ្មីៗដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការពង្រីកវិសាលភាពមូលដ្ឋានអតិថិជនរបស់ខ្លួន។
បើតាមលោក រស់ ស៊ីលវ៉ា ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ ១៩ រដ្ឋាភិបាលកម្ពុជាកំពុងខិតខំស្វែងរកហិរញ្ញប្បទានបន្ថែមទៀតពីដៃគូហិរញ្ញវត្ថុអន្តរជាតិដោយលោកអះអាងថា ធនាគារពិភពលោក (WB) គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រហែល ១០០ លានដុល្លារ ដល់រដ្ឋាភិបាលសម្រាប់ជាទុនបន្ថែមទៀត។
សាជីវកម្មនេះត្រូវបានបង្កើតឡើងជាក្រុមហ៊ុនរដ្ឋដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី ១ កញ្ញា ឆ្នាំ ២០២០ និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១៣ វិច្ឆិកាឆ្នាំនេះ៕ LA