ក្រុងស៊ាងហៃៈ ទីក្រុង​ស៊ាងហៃ​បាន​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​បរទេស​ចំនួន ៤២ កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគ​សរុប ៧,៧ ពាន់​លាន​ដុល្លារ​អាមេរិក​។

ក្រុមហ៊ុន​អាមេរិក Cargill ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​អាហារ កសិកម្ម ហិរញ្ញវត្ថុ ផលិតផល​ឧស្សាហកម្ម​បាន​ប្រកាស​បង្កើន​មូលធន ១០០ លាន​ដុល្លារ​ ដើម្បី​ពង្រីក​ការិយាល័យ​កណ្ដាល​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ខ្លួន​នៅ​ទីក្រុង​ស៊ាងហៃ​។

លោក Robert Aspell ប្រធាន​ទទួល​បន្ទុក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Cargill បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ ចិន​ នៅ​តែ​ជា​ប្រទេស «​ដែល​យើង​មាន​ឱកាស​ទទួល​បាន​កំណើន​ខ្លាំង​បំផុត​»​។

ក្រៅពី​នេះ​ក៏​មាន​ការវិនិយោគ​ពី​ក្រុមហ៊ុន BASF របស់​អាល្លឺមង់​ផងដែរ ដោយ​បាន​ប្រកាស​វិនិយោគ ៣២ ​លាន​ដុល្លារ​​ ដើម្បី​បង្កើត​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​នៅ​តំបន់​ពាណិជ្ជកម្ម​សេរី​ក្រុង​ស៊ាងហៃ ដែល​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការនាំ​ចូល និង​ការនាំចេញ និង​ពាណិជ្ជកម្ម​នៅ​ក្រៅ​ប្រទេស​។

គម្រោង​វិនិយោគ​បរទេស​ ៤២ ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ឆ្លាតវៃ ជីវឱសថ សារធាតុ​គីមី បន្ទះ​សៀគ្វី ថាមពល​ថ្មី សម្ភារ​ថ្មី ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​។

ស្ថិតិ​បាន​ពី​គណៈកម្មការ​ពាណិជ្ជកម្ម​សាលាក្រុង​ស៊ាងហៃ​បង្ហាញថា ចាប់ពី​ខែ​មករា​ដល់​ខែ​សីហា​ក្នុង​ឆ្នាំ​នេះ​ចំនួន​គម្រោង​វិនិយោគ​បរទេស​ថ្មី​បាន​កើនឡើង ៤៧,៨ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕ People''s Daily/LA