ជឺចូវៈ ស្រា​គីវី​នឹង​ក្លាយ​ជា​ផលិតផល​នាំ​ចេញ​ធំ​មួយទៀត​ប្រចាំ​ខេត្ត​ជឺចូវ​របស់​ប្រទេស​ចិន បន្ទាប់ពី​ស្រា Baijiu ដែល​ជា​ម៉ាក​យីហោ​ល្បី​បំផុត​របស់​ប្រទេស​នេះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Maotai ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រា​មាន​មូលធននីយកម្ម​ទីផ្សារ​ច្រើន​បំផុត​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៧​។

ក្រុមហ៊ុន​ផលិត​ស្រា​ម៉ាក​យីហោ​ក្នុង​ស្រុក Cool City Minihong បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​ផ្លែ​គីវី​ពណ៌​ក្រហម​ដែល​ដាំដុះ​ក្នុង​ខេត្ត​នេះ ដើម្បី​ផលិត​ស្រា​ប្រភេទ​ថ្មី​មួយ​ដែល​មាន​កម្រិត​អាល់កុល​ផ្សេងៗ​គឺ ៦ ​ភាគរយ ១២ ​ភាគរយ និង ១៤ ​ភាគរយ​។ ស្រា​នេះ​មាន​រសជាតិ​ផ្អែម​មុត និង​ក្លិន​ល្អ​បន្ទាប់ពី​ភ្លក្ស​រួច​។

ក្រុមហ៊ុន​នេះ​កំពុង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ប្រទេស​ចិន​តាមរយៈ​ការបង្កើត​ការងារ​ដែល​ជួយ​ឲ្យ​មាន​កំណើន​អត្រា​មាន​ការងារ​ធ្វើ​ក្នុង​មូលដ្ឋាន​។

លោក Yang Zhengyu អ្នក​គ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ក្រុមហ៊ុន Cool City Minihong ថ្លែង​ថា ក្រុមហ៊ុន​មាន​និយោជិត​ប្រហែល ៣០០ ​នាក់​។

លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​យើង​មាន​មូលដ្ឋាន​ផ្ទៃដី​ដាំ​ដុះ​ផ្លែ​គីវី​ក្រហម​ជាង ៣ ​ម៉ឺន​ហិកតា​ដែល​ជួយ​មេ​គ្រួសារ​ដែល​ក្រីក្រ​ឲ្យ​បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​ពួកគេ​ដល់​ជាង ៣ ៥០០ ​យន់ (​ប្រហែល ៥០០ ​ដុល្លារ​)»​។

ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ផលិតកម្ម​ស្រា​នេះ​ក្នុង​ឆ្នាំ​ ២០១៤ ហើយ​បាន​នាំ​ចេញ​រួច​ហើយ​ទៅ​កាន់​ប្រទេស​កាណាដា​ដោយ​លក់​បាន​ជិត ៥ សែន​ដប​កាលពី​ឆ្នាំ​មុន​។ នៅ​ឆ្នាំ​នេះ​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន រុស្ស៊ី និង​អាមេរិក​។

លោក Yang បាន​ថ្លែង​ថា​ស្រា​នេះ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ជាង​ស្រា baijiu ដោយសារ​ផ្លែ​គីវី​ដាំដុះ​នៅក្នុង​ស្រុក ស្រស់​ល្អ និង​ពោរពេញ​ដោយ​អត្ថប្រយោជន៍​សុខភាព​។

លោក​បន្ថែម​ថា​បន្ទាប់ពី​ក្រុមហ៊ុន Maotai ក្រុមហ៊ុន​របស់​លោក​គឺជា​ក្រុមហ៊ុន​ផលិត​ស្រា​ទី ២ នៅ​ក្នុង​ខេត្ត​ជីចូវ ដែល​បាន​ជាប់​វិញ្ញាបនបត្រ FDA របស់​អាមេរិក​ដែល​មាន​ន័យ​ថា​មនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត​នឹង​ទទួល​បាន​ភាព​រីករាយ​ពី​ការ​ភ្លក្ស​រសជាតិ​ស្រា​គីវី​ស្រស់​ក្នុង​ពេល​ឆាប់ៗ​នេះ​៕ P.Daily/KC