លុចសំបួៈ សហភាព​អឺរ៉ុប (EU) បាន​ដក​ប្រទេស​ស្វ៊ីស និង​អេមីរ៉ាតអារ៉ាប់រួម​ចេញពី​បញ្ជី​ពន្ធ​ទាប​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​នេះ​គឺជា​ការ​ផ្ដល់នូវ​ភាពច្បាស់លាស់​ដល់​មជ្ឈមណ្ឌល​ពិភពលោក​សម្រាប់​ផែនការ​ពន្ធ​អន្តរជាតិ​។

ក្រុម​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ប្លុក​ប្រទេស​ទាំង ២៨ នេះ​បាន​ថ្លែងថា​៖ «​ប្រទេស​អាល់បានី កូស្ដារីកា ម៉ូរីស ស៊ែប៊ី និង​ស្វ៊ីស បាន​អនុវត្ត​មុន​ការកំណត់​ស្តីពី​ការកែទម្រង់​ចាំបាច់​ទាំងអស់​របស់​ពួកគេ ដើម្បី​គោរព​តាម​គោលការណ៍​អភិបាលកិច្ច​ល្អ​ផ្នែក​ពន្ធ​របស់ EU»​។

EU បានដាក់​បញ្ចូល​ប្រទេស​ស្វ៊ីស​ទៅក្នុង​បញ្ជី​ប្រផេះ​ចាប់​តាំងពី​ការចាប់ផ្ដើម​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៧ ខណៈ​ប្រទេស​នេះ​ត្រូវបាន​ចាត់ទុក​ថា​មាន​ការគ្រប់គ្រង​ពន្ធ​ល្អប្រសើរ​។

លោក Pierre Moscovici ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ប្រទេស​លុច​សំបួ​ថា​៖ «​ប្រសិន​បើ​ប្រទេស​ស្វ៊ីស​ដក​ចេញពី​បញ្ជី​នេះ វា​ជា​ជោគជ័យ​មួយ​សម្រាប់​ខ្ញុំ​។ បញ្ជី​ល្អ​គឺ​ខ្លី​បំផុត​»​។

ប្រទេស​ស្វ៊ីស​បាន​អនុម័ត​ការកែទម្រង់​ពន្ធ​កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៨ ប៉ុន្តែ​ការចូល​ជា​ធរមាន​របស់​ខ្លួន​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​ការធ្វើ​ប្រជាមតិ​។

ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដែល​រួមទាំង​ទីក្រុង​ឌូបៃ​ក៏​ត្រូវ​បាន​បញ្ជាក់​ពី​ស្ថានភាព​ល្អប្រសើរ និង​ត្រូវបាន​លុបចេញ​ដោយផ្ទាល់​ពី​បញ្ជីខ្មៅ​នេះ​បន្ទាប់ពី​ការប្រញាប់​ប្រញាល់​តាមរយៈ​ការកែទម្រង់​ផងដែរ​។

លោកស្រី Chiara Putaturo ទីប្រឹក្សា​ផ្នែក​គោលនយោបាយ​ផ្នែក​ពន្ធ EU របស់​អង្គការ Oxfam បាន​ថ្លែងថា​៖ «​ថ្ងៃនេះ EU បាន​លាក់បាំង​ប្រទេស​មាន​ពន្ធ​ទាប​ ២ ​ដែល​គ្រោះថ្នាក់​ខ្លាំង​បំផុត​របស់​ពិភពលោក​»​។

លោកស្រី​ថ្លែងថា​៖ «​ទោះបី​ជា​ការកែទម្រង់​នៅពេល​ថ្មីៗ​ក៏ដោយ ក៏​ប្រទេស​ទាំង​ ២ ​នេះ​នឹង​នៅ​បន្ត​ផ្ដល់​ភាព​ផ្អែមល្ហែម​ដល់​ក្រុមហ៊ុន​គេចពន្ធ ដូចជា​អត្រាពន្ធ​ទាប​ខ្លាំង​ដដែល​»​។

វិធានការ​នេះ​បន្សល់ទុក​ប្រទេស ឬ​ទឹកដី​ ៩ ដែល​ចាត់ទុក​ថា​មិន​សហការ​នៅលើ​បញ្ជី​នេះ គឺ​សាម័រ អាមេរិក បេលី ហ្វីជី ហ្គាម អូម៉ង់ ទ្រីនីដាដ និង​តូបាហ្គោ តំបន់ Virgin Islands និង​តំបន់ Vanuatu របស់​អាមេរិក​។

ក្រុម​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ EU បានរៀបចំ​បញ្ជី​នេះ​ឡើង​បន្ទាប់ពី​មានរឿង​អាស្រូវ​មួយ​ចំនួន​ដែល​រួមមាន​ឯកសារ Panama Papers និង​រឿងអាស្រូវ LuxLeaks​។

បណ្ដា​ប្រទេស​ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ​ប្រឈម​នឹង​ការដាក់​ទណ្ឌកម្ម​មាន​កម្រិត ដែល​រួម​មាន​ការបង្កក​ជំនួយ​អឺរ៉ុប​ ឬ​មូលនិធិ​អភិវឌ្ឍន៍​៕ LA