ភ្នំពេញ: ដុល្លារ​អាមេរិក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រូបិយប័ណ្ណ​សកល​ប្រើប្រាស់​ជុំវិញ​ពិភពលោក​។ គិត​ត្រឹម​ចុងឆ្នាំ​ ២០១៩ ប្រមាណ​ ៩០ ​ភាគរយ ​នៃ​ពាណិជ្ជកម្ម​នៅលើ​ទីផ្សារ​ប្ដូរប្រាក់​បរទេស​មាន​ការពាក់ព័ន្ធ​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​បាន​ប៉ាន់​ស្មានថា ប្រមាណ​ ៦០ ​ភាគរយ​ នៃ​ប្រាក់​បម្រុង​ជុំវិញ​ពិភពលោក​គឺជា​ប្រាក់​ដុល្លារ​អាមេរិក​។ ជិត​ ៤០% ​នៃ​មូលបត្រ​បំណុល​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​គឺ​គិតជា​ដុល្លារ​។ អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង (OPEC) ក៏បាន​កំណត់​តម្លៃ​លក់​ប្រេង​គិត​ជា​ប្រាក់​ដុល្លារ​អាមេរិក​ផងដែរ​។

សរុបមក​ប្រទេស​ជុំវិញ​ពិភពលោក​គឺ​ត្រូវការ​ដុល្លារ​អាមេរិក​សម្រាប់​ធ្វើ​ជំនួញ តែ​ហេតុអ្វី​បាន​ជា​ដុល្លារ​អាមេរិក​បាន​ក្លាយ​រូបិយប័ណ្ណ​សកល​បែប​នេះ​? ដុល្លារ​អាមេរិក​បច្ចុប្បន្ន​គឺ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​ ១៩១៣ ដើម្បី​ជំនួស​រូបិយប័ណ្ណ​មួយចំនួន​ដែល​ប្រើប្រាស់​នៅក្នុង​សហរដ្ឋអាមេរិក​។ នៅពេល​នោះ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​វ៉ា​ដាច់​សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស និង​បាន​ក្លាយជា​សេដ្ឋកិច្ច​ធំជាងគេ​ក្នុង​ពិភពលោក ប៉ុន្តែ​ចក្រភព​អង់គ្លេស​នៅតែ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ដដែល ដោយ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ភាគច្រើន​នៅ​ប្រើប្រាក់​ផោន​។

គួរ​បញ្ជាក់ថា កាលនោះ​ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន​បាន​ភ្ជាប់​តម្លៃ​របស់​រូបិយប័ណ្ណ​ទៅនឹង​តម្លៃ​របស់​មាស​ដើម្បី​បង្កើត​ឱ្យ​មាន​ស្ថិរភាព​ក្នុង​ការផ្លាស់ប្ដូរ​រូបិយប័ណ្ណ​។

ដោយសារ​ការផ្ទុះ​សង្គ្រាម​លោក​លើក​ទី​១ ប្រទេស​នៅ​អឺរ៉ុប​ខាងលិច​ដែល​រួមមាន​អង់គ្លេស​បាន​ជំពាក់​បំណុល​សហរដ្ឋអាមេរិក​ជាច្រើន​ហើយ​កាន់តែ​រំពឹង​លើ​ដុល្លារ​អាមេរិក​។ នៅពេល​បញ្ចប់សង្គ្រាម ប្រាក់​ដុល្លារ​បាន​ជំនួស​ប្រាក់​ផោន និង​ក្លាយជា​រូបិយប័ណ្ណ​បម្រុង​ឈានមុខ​គេ​របស់​ពិភពលោក​។

មក​ដល់​សង្គ្រាម​លោក​លើកទី២ សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​នាំចេញ​អាវុធ ស្បៀងអាហារ និង​វត្ថុធាតុដើម​ទៅ​អឺរ៉ុប​សំខាន់​ជាងគេ ហើយ​បាន​ដោះដូរ​មាស​មកវិញ​។ នៅ​ចុង​សង្គ្រាម​អាមេរិក​បាន​កាន់កាប់​ ៣ ​ភាគ​ ៤ ​នៃ​មាស​ដែល​មាន​ក្នុង​ពិភពលោក ហើយ​មាស​បម្រុង​របស់​ប្រទេស​ជាច្រើន​ត្រូវ​បាន​រីងស្ងួត​។

នៅ​ឆ្នាំ​ ១៩៤៤ ប្រតិភូ​មកពី​ប្រទេស​សម្ព័ន្ធមិត្ត​ចំនួន​ ៤៤ បាន​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង Bretton Wood រដ្ឋ New Hampshire សហរដ្ឋអាមេរិក​ដើម្បី​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ការប្ដូរ​ប្រាក់​បរទេស​ដែល​នឹងមិន​ធ្វើឱ្យ​ប្រទេស​ណាមួយ​ជួប​ការលំបាក​ឡើយ​។ គេ​បាន​សម្រេច​ថា​តម្លៃ​របស់​រូបិយប័ណ្ណ​ជុំវិញ​ពិភពលោក​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​តម្លៃ​របស់​ដុល្លារ​អាមេរិក​ដែល​ភ្ជាប់​នឹង​តម្លៃ​មាស​។

ការសម្រេច​នេះ​ត្រូវបាន​ក្លាយជា​កិច្ចព្រមព្រៀង Brentton Wood ដែល​បាន​ចែងថា​ធនាគារកណ្ដាល​នីមួយៗ​ត្រូវ​រក្សា​អត្រា​ប្ដូរប្រាក់​ថេរ​រវាង​រូបិយប័ណ្ណ​ខ្លួន និង​ប្រាក់​ដុល្លារ​អាមេរិក​។ ជា​ថ្នូរ​អាមេរិក​ធានា​ឱ្យ​មាន​ការប្ដូរ​ដុល្លារ​អាមេរិក​យក​មាស​តាម​តម្រូវការ​ប្រទេស​នីមួយៗ​។ បណ្ដា​ប្រទេស​មាន​សិទ្ធិ​ទិញ​ ឬ​លក់​រូបិយប័ណ្ណ​របស់ខ្លួន​ក្នុង​ស្ថានភាព​ដែល​តម្លៃ​រូបិយប័ណ្ណ​ចុះខ្សោយ​ ឬ​ខ្លាំងពេក​ធៀប​នឹង​ដុល្លារ​អាមេរិក​។ កិច្ចព្រមព្រៀង​នេះ​ក៏បាន​បង្កើត​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) និង​ធនាគារ​ពិភពលោក​ (World Bank)​។

ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង Bretton Wood ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ដាក់​ជា​រូបិយប័ណ្ណ​សកល​។ ជំនួស​ការ​បម្រុង​ទុក​មាស ប្រទេស​ជាច្រើន​បាន​បម្រុង​ទុក​ប្រាក់​ដុល្លារ​អាមេរិក​វិញ​។

សង្គ្រាម​នៅ​ឥណ្ឌូចិន​បាន​ធ្វើឱ្យ​មាន​ការព្រួយបារម្ភ​អំពី​ស្ថិរភាព​នៃ​ប្រាក់​ដុល្លារ ដែល នាំឱ្យ​ប្រទេស​នានា​ចាប់ផ្ដើម​ប្ដូរប្រាក់​បម្រុង​ពី​ដុល្លារ​អាមេរិក​ទៅ​មាស​។ នៅ​ឆ្នាំ​ ១៩៧១ តម្រូវការ​មាស​បាន​ឈាន​ដល់​កម្រិត​មួយ​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Richard Nixon ធ្វើ​អន្តរាគមន៍​ផ្ដាច់ចំណង​រវាង​តម្លៃ​ដុល្លារ​អាមេរិក និង​តម្លៃ​មាស​ដែល​នាំឱ្យ​មាន​អត្រា​ប្ដូរប្រាក់​អណ្ដែត​ដែលមាន​សព្វថ្ងៃ​។ អត្រា​ប្ដូរប្រាក់​អណ្ដែត​មាន​ន័យថា រូបិយប័ណ្ណ​មិន​មាន​ការភ្ជាប់​តម្លៃ​ទៅ​រូបិយវត្ថុ​ណាមួយ​ទេ ហើយ​អត្រា​ប្ដូរប្រាក់​គឺកំណត់​ដោយ​ការផ្គត់ផ្គង់​ និង​តម្រូវការ​ក្នុង​ទីផ្សារ​ប្ដូរប្រាក់​បរទេស​។

ទោះបី​ការផ្ដាច់​ចំណង​នេះ​បាន​ធ្វើឱ្យ​មាន​ការបោះបង់ចោល​កិច្ចព្រមព្រៀង​ Bretton Wood និង​ធ្វើ​ដុល្លារ​អាមេរិក​មាន​អតិផរណា​ក៏ដោយ ក៏​សហរដ្ឋអាមេរិក​នៅតែ​ទទួល​បាន​ការជឿទុកចិត្ត​ចំពោះ​សមត្ថភាព​ក្នុង​ការសងបំណុល ជាហេតុ​ធ្វើឱ្យ​ដុល្លារ​អាមេរិក​នៅតែ​ជា​រូបិយប័ណ្ណ​សកល​។

អ្នកវិភាគ​មួយចំនួន​បាន​យល់ឃើញ​ថា​អនុត្តរភាព​របស់​ដុល្លារ​អាមេរិក​បានអនុញ្ញាត​ឱ្យ​ក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ណាមួយ​ដែល​មិន​គោរព​តាម​បន្ទាត់​របស់​អាមេរិក ឬ​អនុវត្ត​សកម្មភាព​ដែល​រដ្ឋាភិបាល​អាមេរិក​យល់ថា​គំរាមកំហែង​ដល់​ផលប្រយោជន៍​ជាតិ​របស់ខ្លួន​។ ធ្វើឱ្យ​ពាណិជ្ជកម្ម​ដោយ​ប្រើ​ដុល្លារ​អាមេរិក ជាមួយ​ក្រុមហ៊ុន​ដែល​ក្រោម​ទណ្ឌកម្ម​របស់​អាមេរិក មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​។

តែ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​ ២០២០ នេះ​ដែល​ការប្រើប្រាស់​ដុល្លារ​អាមេរិក​ក្នុង​ពាណិជ្ជកម្ម​រវាង​ចិន និង​រុស្ស៊ី​បាន​ធ្លាក់​ចុះក្រោម​ ៥០% ក្រោយពី​ក្រុង​ប៉េកាំង និង​ម៉ូស្គូ​អនុវត្ត​ផែនការ​កាត់បន្ថយ​ការរំពឹង​លើ​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​រុស្ស៊ី​ជាច្រើន​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រោយពី​ឆ្នាំ​ ២០១៤ រីឯ​ក្រុមហ៊ុន​ចិន​មួយចំនួន​ត្រូវ​បាន​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​លោក Donald Trump​។

នៅ​ដើម​ឆ្នាំ​ ២០១៩ ប្រទេស​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​បាន​បើក​ច្រក​ធ្វើ​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​អ៊ីរ៉ង់ ១ ​ឆ្នាំ​ក្រោយពី​អាមេរិក​បាន​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បានដាក់​ទណ្ឌកម្ម​ជាថ្មី​។ Instrument in Support of Trade Exchanges ឬ​ហៅ​កាត់​ថា INSTEX គឺ​បង្កើតឡើង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាមួយ​អ៊ីរ៉ង់​ដោយ​មិន​ប្រើ​ដុល្លារ​អាមេរិក ឬ​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ SWIFT ដើម្បី​ការពារ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​ពី​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក​។ មកដល់​សព្វថ្ងៃ​ប្រទេស​បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ ហ្វាំងឡង់ និង​ស៊ុយអែត​បាន​ចូលរួម​ប្រើប្រាស់ INSTEX​។ គួរ​បញ្ជាក់ថា ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ SWIFT ដែលមាន​ទីស្នាក់ការ​កណ្ដាល​នៅ​បែលហ្ស៊ិក គឺជា​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​រវាង​ធនាគារ​ធំជាងគេ​នៅក្នុង​ពិភពលោក តែ​កាលពី​ឆ្នាំ​ ២០១២ SWIFT បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ធនាគារ​អ៊ីរ៉ង់​ទាំងអស់ ដោយសារ​សម្ពាធ​ពី​អាមេរិក​៕