ក្រុងតូក្យូៈ អតិរេកពាណិជ្ជកម្មដែលមានលក្ខណៈរសើបរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិក បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរខែជាប់គ្នា ខណៈទីក្រុងតូក្យូកំពុងសម្លឹងមើលយ៉ាងអន្ទះអន្ទែងទៅកាន់សង្គ្រាមពាណិជ្ជកម្មរបស់ទីក្រុង វ៉ាស៊ីងតោន ជាមួយប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ផ្លូវការដែលចេញផ្សាយកាលពីថ្ងៃពុធ។
អតិរេកនេះមានចំនួន ៤៥៥,៨ ពាន់លានយេន (៤,០៥ ពាន់លានដុល្លារ) ក្នុងខែសីហា ខណៈការកើនឡើងនៃការនាំចូលយន្តហោះអាមេរិក ឧស្ម័នធម្មជាតិ និងធ្យូងថ្ម បានកើនលើសការនាំចេញផលិតផលឱសថ និងសំណង់របស់ទីក្រុងតូក្យូ។
មានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថាប្រទេសជប៉ុនជាគោលដៅបន្ទាប់របស់លោកបន្ទាប់ពីប្រទេសចិន ខណៈលោកស្វែងរកការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីងតោន។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន មិនបានបង្ហាញសញ្ញានៃភាពប្រសើរនោះទេ ដោយលោក ត្រាំ បន្តទៅមុខទៀតជាមួយនឹងការដកហូតពន្ធគយទៅលើទំនិញនាំចូលពីប្រទេសចិនតម្លៃ ២០០ ពាន់លានដុល្លារ ដែលបង្កឲ្យមានការសងសឹកភ្លាមៗពីទីក្រុងប៉េកាំង។
ក្រោយមកកាលពីថ្ងៃពុធ ទេសាភិបាលធនាគារជាតិកណ្តាលជប៉ុន លោក Haruhiko Kuroda បានសំដែងក្តីបារម្ភយ៉ាងខ្លាំងអំពីសង្គ្រាមពាណិជ្ជកម្ម ដោយថ្លែងថា ជម្លោះពាណិជ្ជទ្វេភាគី នឹងប៉ះពាល់មិនត្រឹមតែសេដ្ឋកិច្ចរបស់ប្រទេសពាក់ព័ន្ធនោះទេ ប៉ុន្តែក៏ប៉ះពាល់ផងដែរដល់សេដ្ឋកិច្ចរបស់សាកលលោកទាំងមូលផងដែរ។
លោក Kuroda បានប្រាប់អ្នកយកព័ត៌មានថា៖ «រហូតមកដល់ពេលនេះ មិនមានផលប៉ះពាល់ខ្លាំងទៅលើសេដ្ឋកិច្ចទេ ប៉ុន្តែវាចំាបាច់ត្រូវតែតាមដានដោយយកចិត្តទុកដាក់លើផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសកល ព្រមទាំងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនផងដែរ»។
ប្រទេសជប៉ុនបានកត់ត្រាឱនភាពពាណិជ្ជកម្មសកលទាំងមូលចំនួន ៤៤៤,៦ ពាន់លានយេន ខណៈការកើនឡើងតម្លៃនៃការនាំចូលថាមពលបន្តមានកម្រិតខ្ពស់ជាងកំណើននាំចេញ៕ AFP/PS