ក្រុងស៊ាងហៃៈ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​ចំនួន ៣ របស់​ប្រទេស ​ចិន បាន​ដាក់​ពាក្យ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ជុំវិញ​ការ​ចត​យន្តហោះ​ទុក​ចោល និង​ការ​ពន្យារពេល​ចែកចាយ​យន្តហោះ 737 MAX 8 បន្ទាប់​ពី​មាន​ករណី​ធ្លាក់​យន្តហោះ​ ២ ករណី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​កាល​ពី​ថ្ងៃ​ពុធ។

សេចក្តី​រាយការណ៍​​នានា​ដោយ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​​​​ដែល​ចេញ​ផ្សាយ​ថា ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines ក្រុមហ៊ុន China Eastern Airlines និង​ក្រុមហ៊ុន Air China នឹង​ស្វែងរក​ការ​បង់​សំណង​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​មួយ​នេះ បាន​កើត​មាន​ឡើង​​ក្នុង​គ្រា​ដែល​មាន​ការ​កើន​ឡើង​ភាព​តានតឹង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន។

ក្រុមហ៊ុន China Southern គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​​ធំ​បំផុត​របស់​អាស៊ី បើ​គិត​ពី​ចំនួន​យន្តហោះ ហើយ​ក្រុមហ៊ុន China Eastern គឺ​ជា​ក្រុមហ៊ុន​ធំ​ទី២ ក្នុង​ប្រទេស ​ចិន ខណៈ​ដែល​ក្រុមហ៊ុន Air China គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​ចិន។

អ្នក​នាំពាក្យ​​ក្រុមហ៊ុន China Eastern បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា សេចក្តី​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​​រដ្ឋ​ចិន ដែល​បាន​លើក​​ឡើង​​ថា ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ដាក់​ពាក្យ​ទាមទារ​សំណង​ទៅ​កាន់​ក្រុមហ៊ុន Boeing គឺ​ជា​ការ​ពិត។

ទាំង​អ្នក​នាំពាក្យ និង​សេចក្តី​រាយការណ៍​ព័ត៌មាន​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទឹក​ប្រាក់​ដែល​​ទាមទារ ឬ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​នោះ​ទេ។

អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន China Southern និង​ក្រុមហ៊ុន Air China មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​នោះ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា៖ «ការ​ចត​យន្តហោះ Boeing 737 MAX 8 ទុក​ចោល បាន​បង្ក​ឲ្យ​មាន​ការ​ខាត​បង់​ខ្លាំង​សម្រាប់​ក្រុមហ៊ុន China Eastern ហើយ​ការ​ខាត​បង់​នៅ​តែ​កំពុង​កើន​ឡើង»។

Xinhua បាន​រាយការណ៍​ថា ក្រុមហ៊ុន China Eastern មាន​យន្តហោះ​ចំនួន ១៤ គ្រឿង​​ដែល​កំពុង​ចត​ចោល​។

មិន​មាន​ព័ត៌មាន​ច្បាស់​លាស់​​ភ្លាមៗ​នោះ​ទេ​ថា​ តើ​ក្រុមហ៊ុន​អាកាសចរណ៍​ ​២ ទៀត​មាន​យន្តហោះ​ប៉ុន្មាន​ដែល​ចត​ទុក​ចោល​នោះ​ឡើយ។

ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​នា​ពេល​កន្លង​មក​បាន​រាយការណ៍​ថា យន្តហោះ​ MAX សរុប​ចំនួន ៩៦ គ្រឿង​ ស្ថិត​ក្នុង​ប្រតិបត្តិការ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​របស់​ប្រទេស ​ចិន។

មិន​មាន​ការ​បង្ហាញ​​​ភ្លាមៗ​​​ទេ​ថា ចំណាត់​ការ​នេះ​មាន​ការ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កាន់​តែ​ជូរ​ចត់​រវាង​​ប្រទេស​​ទាំង ​២៕ AFP/KC