ក្រុងប៉េកាំងៈ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​បាន​ព្រមព្រៀង​គ្នា​បោះបង់​ចោល​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​លុប​ចោល​ការ​ហូតពន្ធ​គ្នា​ទៅវិញ​ទៅមក​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​កាលពី​ថ្ងៃអាទិត្យ​។

ការប្រកាស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​នៅ​រដ្ឋធានី​របស់​សហរដ្ឋ​អាមេរិក និង​បន្ទាប់ពី​មាន​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ខែ ដោយសារ​អ្វី​ដែល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​លើក​ឡើង​ថា​ជា​សារ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​មិន​ស្មើភាព​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ ២ ​។

ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​រដ្ឋ​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក Liu He ឧបនាយក​រដ្ឋមន្ត្រី​ចិន​ដែល​ដឹកនាំ​ក្រុម​អ្នក​ចរចា​ចិន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹងថា​៖ «​ភាគី​ទាំង​ ២ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​មួយ​ដែល​នឹង​មិន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​នឹង​ឈប់​ការដំឡើង​អត្រាពន្ធ​លើ​គ្នា​ទៅវិញ​ទៅមក​»​។

លោក Liu បាន​ចាត់​ទុក​ថា​កិច្ចព្រមព្រៀង​នេះ​គឺជា «​កត្តា​ចាំបាច់​» មួយ តែ​លោក​បាន​បន្ថែម​ថា​៖ «​នៅពេល​ទន្ទឹម​គ្នា​នោះ​ដែរ​យើង​ត្រូវ​ដឹង​ផង​ដែរ​ថា ការ​រលាយ​របស់​ដុំ​ទឹកកក មិនមែន​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​នោះ​ទេ ការដោះស្រាយ​បញ្ហា​រចនាសម្ព័ន្ធ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នឹង​ត្រូវការ​ពេលវេលា​»​។

សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នាពេល​ថ្មីៗ​នេះ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បង្កើន​ការទិញ​ទំនិញ​របស់​អាមេរិក «​ឲ្យ​បាន​ច្រើន​» តែ​បាន​ផ្តល់​នូវ​ព័ត៌មាន​លម្អិត​តិចតួច​ប៉ុណ្ណោះ​។

ការបន្ធូរបន្ថយ​ភាព​តានតឹង​ច្បាស់លាស់​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​អស់​រយៈពេល​ជាច្រើន​ខែ ដែល​បាន​ធ្វើឲ្យ​ទីផ្សារ​ភ័យខ្លាច​ថា​នឹង​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​បង្ក​ការខូចខាត​ខ្លាំង​។

លោក ត្រាំ បាន​រិះគន់​ម្តង​ហើយ​ម្តង​ទៀត​ប្រឆាំង​នឹង​ជម្លោះ​ពាណិជ្ជកម្ម​របស់​ប្រទេស​លោក​ជាមួយ​ប្រទេស​ចិន​ដោយ​បាន​ចាត់ទុក​ថា​វា​គឺជា​គ្រោះថ្នាក់​មួយ​ចំពោះ​សន្តិសុខ​ជាតិ​របស់​អាមេរិក និង​បាន​គំរាម​ហូតពន្ធ​លើ​ទំនិញ​របស់​ចិន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។

ការ​ហូត​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​នាំ​ចូល​របស់​ប្រទេស​ចិន​តម្លៃ ៥០ ពាន់​លាន​ដុល្លារ​អាច​នឹង​ចូល​ជាធរមាន​នៅ​សប្តាហ៍​ក្រោយ​នេះ​។

កិច្ចពិភាក្សា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​គឺជា​ការចរចា​រវាង​ក្រុម​ប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក និង​លោក Liu ដែល​បាន​ជួប​ពិភាក្សា​ផង​ដែរ​ជាមួយ​លោក ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ភាគី​ទាំង​ ២ ​បាន​ជួប​ពិភាក្សា​គ្នា​ម្តង​រួច​មក​ហើយ​នាពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ប៉េកាំង​។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​មានការ​ព្រមព្រៀង​មួយ​ស្តីពី​ការចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​កាត់បន្ថយ​ច្រើន​នូវ​ឱនភាព​ពាណិជ្ជកម្ម​ទំនិញ​របស់​អាមេរិក​ជាមួយ​ប្រទេស​ចិន​»​។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការប្រើប្រាស់​ដែល​កំពុង​កើនឡើង​របស់​ប្រជាជន​ចិន និង​ភាព​ចាំបាច់​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​គុណភាព​ខ្ពស់​នោះ ប្រទេស​ចិន​នឹង​បង្កើន​ការទិញ​ទំនិញ និង​សេវាកម្ម​របស់​អាមេរិក​ឲ្យ​បាន​ច្រើន​»​។

ការបង្កើន​ការទិញ​ពោរពេញ​ដោយ​អត្ថន័យ

កាលពី​ឆ្នាំ​មុន សហរដ្ឋ​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៣៧៥,២ ពាន់​លាន​ដុល្លារ​អាមេរិក​ជាមួយ​ប្រទេស​ចិន ដោយ​ក្រុម​អ្នក​នយោបាយ​ប្រជានិយម​បាន​បន្ទោស​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​ថា បាន​ដណ្តើម​ការងារ​របស់​ពលរដ្ឋ​អាមេរិក​អស់​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​បាន​រាយការណ៍​ថា បាន​ទាមទារ​ឲ្យ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ហោច​ណាស់ ២០០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ​។

ទោះ​យ៉ាង​នេះ​ក្តី​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ពុំ​បាន​បញ្ជាក់​ទេ​ថា ប្រទេស​ចិន​បាន​យល់​ស្រប​ចំពោះ​ទិសដៅ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ​៕ BP