ក្រុងវ៉ាស៊ីនតោន: ក្រសួង​រតនាគារ​អាមេរិក​បាន​ដាក់​ជនជាតិ​អ៊ីរ៉ង់ ៥ នាក់​ក្នុង​បញ្ជី​ស្បែក​ខ្មៅ ក្រោម​បទ​ចោទ​ប្រកាន់ ថា​បាន​ផ្តល់​បច្ចេកវិទ្យា​ផលិត​មីស៊ីល​បាលីស្ទិក ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូធី នៅ​យេម៉ែន កាល​ពី​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុង​វ៉ាស៊ីនតោន បាន​ព្រមាន​ក្រុង​តេអេរ៉ង់​ថា អ៊ីរ៉ង់ បាន​ប្រឈម​មុខ​ជាមួយ​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំងក្លា​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ»។

ក្រសួង​រតនាគារ បាន​ឲ្យ​ដឹងថា អ៊ីរ៉ង់ ៥ នាក់​នោះ ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​របស់​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ ជាមួយ​ប្រតិបត្តិការ​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​កងកម្លាំង​បដិវត្តន៍​អ៊ីរ៉ង់​ដើម្បី​គាំទ្រ​ដល់​ការ​វាយ​ប្រហារ របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​ទៅ​លើ​ក្រុង​នានា ក្នុង​ទឹកដី​អារ៉ាប៊ី សាអ៊ូឌីត ដែល​បាន​ដឹកនាំ​ក្រុម​ចម្រុះ ក្នុង​តំបន់​ឈូង​សមុទ្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​យេម៉ែន។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុង​រី​យ៉ា​ដ ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​បាញ់​កាំជ្រួច​មីស៊ីល​បាលីស្ទិក​ជាង ១៣០ គ្រាប់​ទៅ​លើ​អារ៉ាប៊ី សាអ៊ូឌីត ចាប់​តាំង​ពី​ឆ្នាំ ២០១៥ ដែល​មីស៊ីល​ភាគ​ច្រើន​ត្រូវ​ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មីស៊ីល។

នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៧ ពួកគេ​បាន​បាញ់​កាំជ្រួច​មី​ស៊ី​ល​មួយ​គ្រាប់ ដែល​បាន​បាញ់​ដល់​ដែនដី​ទីក្រុង​រីយ៉ាដ ហើយ​ដែល​ការ​វាយ​ប្រហារ បាន​កើន​ឡើង​នា​ឆ្នាំ​នេះ។

ប្រទេស​អ៊ីរ៉ង់ បាន​បដិសេធ​ផ្តល់​មីស៊ីល​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូធី៕