ក្រុង​គូឡាឡាំពួៈ ​ការ​កាត់​ទោស​ដ៏​មាន​សារៈសំខាន់​បំផុត​របស់​អតីត​មេ​ដឹកនាំ​ម៉ាឡេស៊ី​ លោក ណាជីប រ៉ាហ្សាក់ ​ដែល​ផ្តោត​ទៅ​លើ​ពាក្យ​បណ្តឹង​មាន​ចំនួន​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ​ដែល​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​លោក​នោះ​ ត្រូវ​បាន​ពន្យារ​ពេល​កាល​ពី​ថ្ងៃ​ចន្ទ​រយៈពេល​មួយ​សប្តាហ៍​ទៀត​ ក្រោយ​ពី​ក្រុម​ព្រះ​រាជអាជ្ញា​បាន​និយាយ​ថា​ ពួក​គេ​នៅ​មិន​ទាន់​ត្រៀម​លក្ខណៈ​នៅ​ឡើយ​ទេ​។​

នេះ គឺ​ជា​ការ​កាត់​ទោស​លើក​ទី​២ ​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿង​អាស្រូវ​មូលនិធិ ​1Malaysia Development Berhad របស់​រដ្ឋ​ ដែល​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​​ នឹង​ប្រឈម​មុខ​ចាប់​តាំង​ពី​ក្រុម​ចម្រុះ​កំពុង​គ្រប់គ្រង​អំណាច​យ៉ាង​យូរ​របស់​លោក​ ដែល​បាន​ចាញ់​ឆ្នោត​គួរ​ឲ្យ​អាម៉ាស់​មួយ​កាល​ពី​ឆ្នាំ ​២០១៨​។​

ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ត្រូវ​ បាន​លួច​ពី​មូលនិធិ​ 1MDB ​ហើយ​បាន​ចំណាយ​ទៅ​លើ​សម្ភារ​គ្រប់​យ៉ាង​​ចាប់​ពី​​អចលនទ្រព្យ​រហូត​ដល់​គ្រឿង​ចម្លាក់​ នៅ​ក្នុង​ការ​លួច​បន្លំ​​ដែល​តាម​ការ​ចោទ​ប្រកាន់​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ណាជីប រ៉ាហ្សាក់​ ​និង​មន្ត្រី​នៅ​ជុំវិញ​ខ្លួន​របស់​លោក​ផង​ដែរ​​។​

នីតិវិធី ​គួរ​​​​តែ​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ចន្ទ​ ជុំវិញ​ការ​ផ្ទេរ​ប្រាក់​តាម​ធនាគារ​គួរ​ឲ្យ​សង្ស័យ​ ដែល​បាន​ជាប់​ទាក់ទង​ទៅ​នឹង​ទឹក​ប្រាក់​សរុប​របស់​មូលនិធិ ​1MDB ​ចំនួន ​២,២៨ ​ពាន់​លាន​រីងហ្គីត ​(៥៥០ ​លាន​ដុល្លារ​)​ ប៉ុន្តែ​​លោក​​ព្រះរាជ​អាជ្ញា Gopal​ Sri Ram ​បាន​ស្នើសុំ​លើក​ពេល​ទៅ​ខែ​ក្រោយ​វិញ​។​

លោក​ ណាជីប រ៉ាហ្សាក់ (កណ្តា​ល​)​​ ខណៈលោកចេញពី​តុលាការ​ Duta។ AFP

លោក​បាន​ប្រាប់​តុលាការ​ក្រុង​គូឡាឡាំពួ​ថា​៖ «​យើង​មិន​អាច​ដំណើរការ​នីតិវិធី​នេះ​ទេ​»​ ដោយ​បាន​ថ្លែង​ថា​ដំណើរការ​កាត់​ទោស​លោក ​ណាជីប ​លើក​នេះ ​គឺ​នៅ​តែ​បន្ត​នៅ​ឡើយ​ ហើយ​​ថា​ឯកសារ​ទាំង​នោះ​​ត្រូវ​ការ​ប្រគល់​ទៅ​ឲ្យ​មេធាវី​ការពារ​ក្តី​ និង​សាក្សី​។​

តុលាការ​បាន​ឯកភាព​ចំពោះ​ការ​ពន្យារពេល​នោះ​ ប៉ុន្តែ​ត្រូវ​បើក​សវនាការ​កាត់​ទោស​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​​។​

នៅ​ក្នុង​ករណី​នេះ​ លោក ​ណាជីប ​ បាន​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​លួច​បន្លំ​ទឹក​ប្រាក់ ​ដែល​មាន​គណនី​ធនាគារ​ចំនួន ​២១ ​និង ៤ ​ករណី​ទៀត ​ពី​បទ​ប្រើ​អំណាច​ខុស​ច្បាប់​ នៅ​ក្នុង​នោះ​មាន​ការ​ចោទ​ប្រកាន់​ថា​ មាន​ទឹក​ប្រាក់​យ៉ាង​ច្រើន​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​របស់​លោក​ពី​ធនាគារ​បរទេស​។​

លោក​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ​។​

សំណុំ​រឿង​នេះ ​ទាក់ទង​ទៅ​នឹង​​​​ផ្នែក​ដ៏​សំខាន់​របស់​មូលនិធិ ​1MDB។

របាយការណ៍​ជាច្រើន ​បាន​បង្ហាញ​​​ពី​ចំនួន​ទឹក​ប្រាក់​​​ដែល​ត្រូវ​​ផ្ទេរ​​ចេញ​ពី​មូលនិធិ​​នោះ​ចូល​ទៅ​ក្នុង​គណនី ធនាគារ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​​​ម៉ាឡេស៊ី​​​រូប​នេះ៕ AFP/SK