ក្រុង​បេ​រូ​តៈ ក្រុម​ឃ្លាំ​មើល​ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ថា​ យុទ្ធ​ជន​គាំ​ទ្រ​រដ្ឋា​ភិបាល​យ៉ាង​តិច ​៩​ នាក់​ បាន​ស្លាប់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​មីស៊ីល​នៅពេល​រាត្រី​ ដែល​ត្រូវ​សង្ស័យ​ធ្វើ​ឡើង​ដោយ​អ៊ីស្រា​អែល​ នៅ​ស៊ី​រី​ភាគ​ខាង​ជើង។ ​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ស៊ីរី ​បាន​ចោទ​ប្រកាន់​អ៊ីស្រា​អែល ​ជុំវិញ​ការ​វាយ​ប្រហារ​លើ​ទី​តាំង​យោធា​មួយ​នៅ​ក្នុង​ខេត្ត​ អាឡិប​ប៉ូ​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ​ជា​អ្វី​ដែល​នឹង​ក្លាយ​ជា​ការ​វាយ​ប្រហារ​ដ៏​កម្រ​របស់​អ៊ី​ស្រា​អែល​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្រ្គាម​មួយ​នេះ។

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេស​ បាន​និយាយ​ថា​ មូល​ដ្ឋាន​យោ​ធា​នោះ កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​សម្ព័ន្ធ​មិត្ត​ស្លាប់​រស់​របស់​របប​នេះ​ គឺ ​អ៊ីរ៉ង់​។

ប្រមុខ​ក្រុម​ឃ្លាំ​មើល​លោក​ Rami Abdel Rahman ​បាន​ថ្លែង​ថា ​មីស៊ីល​របស់​អ៊ីស្រាអែល ​បាន​យក​មជ្ឈ​មណ្ឌល​របស់​កង​បដិវត្តន៍​អុីរ៉ង់​ នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​យោធា​ Neirab ​ជា​គោល​ដៅ​ក្នុង​ការវាយប្រហារ៕ PSA