ក្រុងកាណូៈ មេដឹកនាំកងជីវពល និងជាមន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា ជនសង្ស័យ ដែលជាក្រុមជីហាដជ្រុលនិយម បូកូហារ៉ាម បានបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងក្រុងមួយនៅភាគឦសានប្រទេសនីហ្សេរីយ៉ា បានបណ្តាលឲ្យមនុស្សយ៉ាងតិច៣១នាក់ស្លាប់។
ការបំផ្ទុះគ្រាប់បែកអត្តឃាតនោះ ត្រូវបានធ្វើឡើងនៅក្នុងក្រុងDamboa នៃរដ្ឋBorno កាលពីល្ងាចថ្ងៃសៅរ៍ ដោយយកប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរវិលត្រឡប់មកពីការប្រារព្ធពិធីបុណ្យ Eid al-Fitr វិញជាគោលដៅ ហើយការវាយប្រហារនោះ ត្រូវបានគេដឹងថា ជាស្នាដៃរបស់ក្រុមបូកូហារ៉ាម។
បន្ទាប់ពី ការបំផ្ទុះគ្រាប់បែកអត្តឃាតនោះរួចមកក្រុមជីហាដជ្រុលនិយម បានបាញ់គ្រាប់រ៉ុក្កែត សំដៅហ្វូងមនុស្ស ដែលកំពុងប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុបណ្តាលឱ្យចំនួនអ្នកស្លាប់ កើនឡើងកាន់តែខ្ពស់។
មេដឹកនាំកងជីវពលម្នាក់ឈ្មោះ Babakura Kolo បានឲ្យដឹងថា ៖«មានការវាយប្រហារគ្រាប់បែកអត្តឃាតចំនួនពីរលើក និងការបាញ់គ្រាប់រ៉ុក្កែតនៅក្នុងក្រុង Damboa ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣១នាក់ និងធ្វើឲ្យមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស»។
លោក Kolo បានថ្លែងពីក្រុង Maiduguri ដែលមានចម្ងាយ៨៨គីឡូម៉ែត្រពីកន្លែងក្រុងនោះថា អ្នកវាយប្រហារអត្តឃាត ២ នាក់ ក៏បានបំផ្ទុះគ្រាប់បែករបស់ពួកគេនៅក្នុងសង្កាត់ Shuwari និងសង្កាត់ Abachari នៅក្នុងក្រុងនោះ នៅវេលាម៉ោង១០ និង៤៥នាទីយប់ ដោយបណ្តាលឲ្យពលរដ្ឋ៦នាក់ស្លាប់៕ NS